ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាក្មេងទំនើងបង្កហិង្សា និងបង្ហោះម៉ូតូនៅតាមទីសាធារណៈ បានធ្វើឱ្យប៉ះពាល់ការរស់នៅ និងការប្រកបរបរប្រចាំថ្ងៃរបស់ពួកគាត់។ ពួកគាត់យល់ឃើញថា បញ្ហានេះបណ្ដាលមកពីគុណភាពនៃការអប់រំ នៅមានកម្រិតទាប និងឥទ្ធិពលអវិជ្ជមាននៃការវិវត្តសង្គមអូសទាញយុវជនឱ្យភ្លើតភ្លើន និងទំនើងកាន់តែខ្លាំង។
ជារៀងរាល់ថ្ងៃនៅលើបណ្ដាញសង្គម គេតែងឃើញវីដេអូ និងរូបភាព របស់ក្មេងទំនើងរួមទាំងសិស្សសាលាមួយចំនួន ប្រើអំពើហិង្សា គប់ដុំថ្ម កាប់ចាក់ និងបង្ហោះម៉ូតូ នៅតាមទីសាធារណៈ ដែលនាំឱ្យពលរដ្ឋភាគច្រើនលើកឡើងថា ករណីក្មេងទំនើង បានក្លាយជាបញ្ហាមួយបន្ថែមទៀត ដែលគំរាមកំហែងដល់សន្តិសុខក្នុងសង្គម។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សុខ សុគន្ធ ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា ជារៀងរាល់យប់ពេលលោកចេញរត់កង់បី លោកតែងឃើញមានក្មេងទំនើងប្រមូលផ្ដុំគ្នា ជក់បារី បង្ហោះម៉ូតូ និងស្រែកឡូឡា តាមដងផ្លូវ។ លោកបន្តថា ជួនកាលក្មេងស្ទាវទាំងនោះ ដេញកាប់គ្នា គប់ដុំថ្ម ឬលួចឆក់ប្លន់អ្នកដំណើរ ខណៈអាជ្ញាធរហាក់ពុំអើពើចាត់វិធានការលើក្រុមក្មេងទំនើងទាំងនោះឡើយ។
លោក សុខ សុគន្ធ៖ «ចំពោះការព្រួយបារម្ភពីសុខសុវត្ថិភាព ការរស់នៅប្រចាំថ្ងៃ ដឹងតែមានហើយ ព្រោះយើងជាអ្នកធ្វើការរកស៊ីនៅពេលយប់ផង អ៊ីចឹងគឺមានការព្រួយបារម្ភមែនទែន ចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ។ ហើយក្រឡេកមើលទៅបងៗខាងសមត្ថកិច្ចញ ដូចជាអត់មានសកម្មភាពអីឱ្យរស់រវើក អត់មានវិធានការអីចាំទប់ស្កាត់ពួកក្មេងទំនើងអស់ហ្នឹងទេ។ ហ្នឹងឯងជាមូលហេតុចម្បង ដែលក្មេងទំនើងអស់ហ្នឹងវាតែងតែធ្វើសកម្មភាពរាតត្បាតបានចិត្ត»។
ចំណែកនិស្សិតនៅរាជធានីភ្នំពេញ កញ្ញា រៀម ស្រីពេជ្ររតនា ឱ្យដឹងថា កញ្ញាព្រួយបារម្ភពីសុវត្ថិភាព បើទោះបីជាកញ្ញាគ្មានជម្លោះជាមួយនរណាក៏ដោយ ព្រោះកញ្ញាធ្លាប់ឃើញមានករណីវាយច្រឡំមនុស្ស ឬគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីសកម្មភាពក្មេងទំនើងវាយគ្នាតាមដងផ្លូវ។ កញ្ញាយល់ឃើញថា បញ្ហាទាំងនេះបណ្ដាលមកពីការអប់រំសីលធម៌ក្នុងប្រព័ន្ធអប់រំនៅមានកម្រិតទាប និងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលហូរចូលមកកម្ពុជាឥតស្រាកស្រាន្ត។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «ហើយក្មេងៗគាត់សេពគ្រឿងញៀន ប្រើប្រាស់ពាក់ព័ន្ធនឹងគ្រឿងញៀន ជាកត្តាមួយធ្វើឱ្យពួកគាត់បាត់បង់សភាពដើម ពីមនុស្សធ្លាប់ស្លូតទៅជាមនុស្សកោងកាច ពាលាអាវ៉ាសែអ៊ីចឹងទៅ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមហ្នឹង គឺភិតភ័យ ហើយរឿងអសន្តិសុខនេះ នៅក្នុងសង្គម ប្រសិនបើនៅក្នុងសង្គមហ្នឹងវាសម្បូរតែមនុស្សបែបហ្នឹង ប្រជាពលរដ្ឋគឺគាត់ញញើត។ មិនចាំបាច់តែប្រជាពលរដ្ឋ សូម្បីតែខ្ញុំក៏ខ្ញុំមានការភ័យខ្លាចដែរ»។
ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពីករណីក្មេងទំនើងវាយតប់គ្នា ដោយប្រើប្រាស់ដំបង និងដុំថ្មគប់គ្នា ក្នុងនោះមានករណីខ្លះឈានដល់ការប្រើដាវ និងកាំបិត ដេញកាប់គ្នានៅតាមទីសាធារណៈ រហូតបណ្ដាលឱ្យមានអ្នករងរបួស និងធ្លាក់ខ្លួនពិការទៀតផង។ សកម្មភាពទាំងនេះ បានធ្វើឱ្យពលរដ្ឋមួយចំនួន មានក្ដីបារម្ភ ចំពោះសុវត្ថិភាពនៅពេលធ្វើដំណើរ និងការរស់នៅ ដោយពួកគាត់យល់ថា នៅពេលក្រុមក្មេងទំនើងវាយតប់គ្នា អាចធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់ ជាពិសេស ពួកគេអាចនឹងមានការយល់ច្រឡំ ហើយប្រើហិង្សាទៅលើអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងគូជម្លោះ។ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែកុម្ភៈ មានករណីក្មេងទំនើងពីរក្រុម ដែលមានគ្នាជាច្រើននាក់ ខ្លះកាន់ដែកទីប និងខ្លះកាន់កាវ បានដេញវាយតប់ និងកាប់ចាក់គ្នា រត់ប្រសេចប្រសាចពេញផ្លូវ ស្ថិតនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ចាប់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុមនេះ បាននៅឡើយទេ។ ដោយឡែក កាលពីថ្ងៃទី៨ ខែកុម្ភៈ នៅខេត្តកំពង់ចាម មានករណីក្មេងទំនើងពីរនាក់ បានយកដាវកាប់ទៅលើជនរងគ្រោះមានគ្នាពីរនាក់ ដោយសារជនរងគ្រោះមើលមុខពួកគេ បណ្ដាលឱ្យម្នាក់ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ឆ្នាំ ដាច់កដៃខាងឆ្វេង និងរយះកែងដៃឆ្វេង និងម្នាក់ទៀត រងរបួសត្រូវស្មាខាងឆ្វេង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
បញ្ហាក្មេងទំនើងវាយតប់គ្នានេះ មិនមែនមានតែនៅក្នុងសហគមន៍ ឬទីសាធារណៈនោះទេ នៅតាមសាលារៀនមួយចំនួន មានកូនសិស្សខ្លះ បានចងក្រងគ្នាជាក្រុម និងបង្កជម្លោះជាមួយក្រុមសិស្ស ដែលរៀននៅសាលាផ្សេងទៀត។
សិស្សរៀននៅវិទ្យាល័យ ១០មករា នៅក្រុងសៀមរាប យុវជន ឈិន ម៉េងអ៊ី ប្រាប់ថា សិស្សសាលារៀនមួយចំនួន ក្នុងក្រុងសៀមរាប បានចងក្រងគ្នាជាបក្ខពួក វាយតប់គ្នា និងគំរាមកំហែងដល់សិស្សមួយចំនួនទៀត ដែលខិតខំរៀនសូត្រ។ យុវជន ឈិន ម៉េងអ៊ី សង្កេតឃើញថា មូលហេតុដែលនាំឱ្យមានការវាយតប់គ្នាទាំងហ្វូងបែបនេះ គឺបណ្ដាលមកពីជម្លោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងតិកតុក(Tiktok) ដែលកើតចេញពីការនិយាយឌឺដងដាក់គ្នា តាមរយៈខមមិន(Comment) និងការផ្ញើសារ រហូតមានការណាត់ជួបដើម្បីបើកឆាកប្រយុទ្ធគ្នាជាក្រុម។
យុវជន ឈិន ម៉េងអ៊ី៖ «ក្នុងហ្នឹង មានបងធំទៀត។ បងធំអ្នកចាប់គូឱ្យវាយ។ នរណាមានរឿង(ទំនាស់)អ្នកនោះអ្នកវាយ ឱ្យវាយមួយស្មើ»។
ក្មេងទំនើងទាំងនោះ ភាគច្រើនមានអាយុចាប់ពី ១៤ឆ្នាំ ទៅជាង២៥ឆ្នាំ ជួនកាលជាសិស្សសាលា ខ្លះឈប់រៀន និងគ្មានមុខរបរច្បាស់លាស់ ដោយពួកគេប្រមូលផ្ដុំគ្នាជាក្រុម។ ទីតាំងដែលពួកគេជួបជុំគ្នា ភាគច្រើននៅតាមរមណីយដ្ឋាន ហាងកាហ្វេ ក្បែរសាលារៀន និងនៅតាមតៀមស្រាមួយចំនួន។ ពួកគេមានចរិតឆេវឆាវ និងចូលចិត្តប្រើអំពើហិង្សាដោះស្រាយសូម្បីរឿងតូចតាច ដូចជានៅពេលមាននរណាគេម្នាក់មើលមុខ ឬជិះម៉ូតូកាត់មុខពួកគេជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែកុម្ភៈ។
របាយការណ៍ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកុម្ភៈ បង្ហាញថា ក្នុងអំឡុងពេលចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន ៨ករណី និងឃាត់ខ្លួនចំនួន ៥០នាក់។
ទាក់ទិនរឿងនេះ ប្រធានអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក បូ ពៅ លើកឡើងថា ការរឹតបន្តឹងច្បាប់ និងដាក់ពិន័យឱ្យធ្ងន់ធ្ងរលើក្មេងទំនើង ទើបជាវិធានការមានប្រសិទ្ធភាព ដើម្បីអប់រំពួកគេឱ្យកែខ្លួនឡើងវិញ។ លោកបន្តថា សកម្មភាពក្មេងស្ទាវទាំងនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះទេ តែវាបានធ្វើឱ្យជនបរទេសខ្លាចញញើត លែងហ៊ានមកប្រទេសកម្ពុជាផងដែរ។
លោក បូ ពៅ៖ «សូម្បីតែបរទេស ចុះពីសណ្ឋាគារដើរមកវាឆក់កាបូបឆក់អី ឃើញយំរហេមរហាម។ ហើយកាបូបហ្នឹងមានលិខិតឆ្លងដែន(ប៉ាស្ព័រ)ហើយវាឆក់ប៉ាស្ព័រទៅបាត់។ ហើយស៊េរីអ៊ីចឹង វាអាចអាក្រក់ដល់សង្គមយើង។ ទាល់តែយើងនាំគ្នា តែមិនដឹងថា ពលរដ្ឋនាំគ្នាយ៉ាងម៉េច ទាល់តែអាជ្ញាធរអ្នកចូលរួម អ្នកប្រើប្រាស់សិទ្ធិ អ្នកប្រើប្រាស់តួនាទី អំណាចកាតព្វកិច្ចរបស់គាត់ទប់ស្កាត់ ពង្រឹងច្បាប់ ហើយកាត់បន្ថយអំពើពុករលួយទៅ ស្អីៗក៏វាប្រសើរឡើងដែរ»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលពង្រឹងគោលនយោបាយលើវិស័យអប់រំ និងលើកកម្ពស់សីលធម៌សង្គម តាមរយៈការរឹតបន្តឹងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើងដើរបង្កហិង្សានេះ កើតមានកាន់តែច្រើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។