សង្គម​ស៊ីវិល​ស្នើ​​អាជ្ញាធរ​បើក​យុទ្ធនាការ​បោស​សម្អាត​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ

0:00 / 0:00

សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​បើក​យុទ្ធនាការ​បោស​សម្អាត​គ្រឿង​ញៀន​ទ្រង់​ទាយ​ធំ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់ ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​បង្ហាញ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា បញ្ហា​អសន្តិសុខ​សង្គម​រួមមាន​ក្មេង​ទំនើង ចោរកម្ម និង​ឧក្រិដ្ឋកម្ម​ភាគ​ច្រើន​កើត​ចេញ​មក​ពី​បញ្ហា​គ្រឿងញៀន។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១ តុលា ថា លោក​បារម្ភ​ដល់​អនាគត​យុវជន​កម្ពុជា ដែល​ជា​ជន​ងាយ​រង​គ្រោះ នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀន នៅ​ពេល​គ្រឿង​ញៀន​នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ បាន​ខិត​ខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ បញ្ហា​គ្រឿង​ញៀន​មិន​ទាន់​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ។

លោក យង់ គិមអេង៖ «ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ហើយ ប្រជាពលរដ្ឋ​មាន​ការ​ទុកចិត្ត​ទៅ​លើ​យន្តការ​របស់​រដ្ឋាភិបាល​របស់​អី​ត្រឹមត្រូវ ហើយ​គាត់​មិន​ខ្លាច​ញញើត​ក្នុង​ការ​រាយការណ៍​ពី​បញ្ហា​គ្រឿងញៀន​ទេ អាហ្នឹង គឺ​ជា​វិធានការ​ប្រយុទ្ធ​ប្រឆាំង​របស់​រដ្ឋាភិបាល​ក៏​មាន​ប្រសិទ្ធភាព​ដែរ​បាទ»។

លោក យង់ គិមអេង បន្ថែម​ថា អាជ្ញាធរ​គួរតែ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​បោស​សម្អាត​គ្រឿងញៀន និង​ស្វែងរក​អ្នក​នៅ​ពី​ក្រោយខ្នង នៃ​អំពើ​ជួញដូរ​គ្រឿង​ញៀន​នេះ។

លោក យង់ គិមអេង៖ «ទី១​បង្ក្រាប​ឲ្យ​បាន​នូវ​អំពើ​ពុករលួយ ហើយ​និង​អ្នក ដែល​នៅ​ពី​ក្រោយ​ខ្នង​បាទ។ ទី​២​ គឺ​ទាល់​តែ​ការ​ចុះ​បង្ក្រាប​ហ្នឹង គឺ​កុំ​មាន​ការ​យោគយល់​ទៅ​ដល់​សាច់ញាតិ​ជាប់​ពាក់ព័ន្ធ​អីហ្នឹង​បាទ»។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ពី​ទិន្នន័យ នៃ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ប្រចាំ​ថ្ងៃ ចន្លោះពី១០ ទៅ​ជាង ៤០ករណីជារៀងរាល់ថ្ងៃ កាល​ខែ​កញ្ញា​កន្លង​ទៅ ហើយ​ឃាត់​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​ជិត២០នាក់ ដល់​ជាង១៥០នាក់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ តុលា។

កាលពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រគល់​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឱ្យ​ទៅ​ឧបនាយក​រដ្ឋមន្ត្រី នេត សាវឿន ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នេះ ។

លោក នេត សាវឿន បាន​ដាក់​ចេញ​គោលដៅ​អាទិភាព​ចំនួន​៥ ដើម្បី​ការ​លុប​បំបាត់ បទ​ល្មើស​គ្រឿងញៀន​នៅ​ថ្ងៃ​ខាងមុខ។ គោលដៅ​អាទិភាព​នេះ ត្រូវ​បាន​លើកឡើង​តាមរយៈ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក មាស វិរិទ្ធ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី១៦ កញ្ញា រួម​មាន​កិច្ចការ​អប់រំ​ផ្សាយ ការ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ ការ​ទប់ស្កាត់​លំហូរ​ចូល​គ្រឿង​ញៀន​មក​កម្ពុជា ការ​ទប់​ស្កាត់​ការ​កែច្នៃ​ និង​ផលិត​គ្រឿងញៀន​នៅ​ក្នុងស្រុក និង​ការ​លុបបំបាត់​ការ​ចែកចាយ​គ្រឿងញៀន​តាម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ជាដើម។

បើ​ទោះ​បី​ជា​មាន​ផែនការ​យ៉ាង​នេះ​ក្ដី ក៏​ប៉ុន្តែ​បទ​ល្មើស​គ្រឿងញៀន​នៅ​តែ​កើត​មាន​ជា​ច្រើន​ដដែល។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនរយៈពេល ៨ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ច បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន បានជាង ៥ពាន់(៥,១៣៣)ករណី ឃាត់​ខ្លួន​ជន​ល្មើស ជាង ១ម៉ឺន ២ពាន់(១២,៤៩១)នាក់ ចាប់​យក​សារធាតុ​ញៀន ជាង​២​តោន​កន្លះ (២,៦៥៨.៥៦គីឡូក្រាម) សារធាតុ​គីមី​ផ្សំ​ជិត ១តោន(៩១០.៨៧គីឡូក្រាម) រួម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា នៅតែ​ស្នើ​ដល់​រដ្ឋាភិបាល​​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​បោស​សម្អាត​គ្រឿងញៀន ដោយ​គ្មាន​ការ​យោគយល់​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ជាពិសេស​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ពេល​ចុះ​អនុវត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។