បក្ស​ប្រឆាំង​ស្នើ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​ជា​បន្ទាន់​ករណី​ហេកគ័រ​ពី​ប្រទេស​ចិន

គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ បាន​ចេញ​លិខិត​អំពាវនាវ និង​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​របស់​ក្រុម​លួច​ព័ត៌មាន​បច្ចេកវិទ្យា​ដែល​ក្រុម ស្រាវជ្រាវ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​នោះ កំពុង​លុកលុយ​លួច​យក​ព័ត៌មាន​សំងាត់​ពី​ក្រុម​បក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

គណបក្ស​សង្គ្រោះជាតិ ចាត់ទុកថា ការ​ព្យាយាម​វាយប្រហារ និង​លួច​ព័ត៌មាន​នេះ ប៉ះពាល់​ដល់ ក្រុម​អ្នក​ធ្វើការ​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​តស៊ូ​មតិ ដើម្បី​សេរីភាព និង​យុត្តិធម៌។

ក្រុមហ៊ុន​ឯកជន​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​នាំមុខ​គេ​ក្នុង​ការងារ​តាមដាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ​ហ្វាយអឺរ អាយ (FireEye) រក​ឃើញ​ថា ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ (Hacker)​អាច​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​ចិន បាន​ប្រើ​បច្ចេកវិទ្យា​លុកលុយ​ស្ថាប័ន​ជាច្រើន​របស់​កម្ពុជា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ដំណើរ​ការបោះឆ្នោត។

ក្រុម​ចោរ​បច្ចេកវិទ្យា​មួយ​ក្រុម​ឈ្មោះ ថិមផ៍ ភើរីស្កូប (TEMP.Periscope មាន​គោលដៅ​វាយប្រហារ​ទៅលើ​ស្ថាប័ន​រដ្ឋាភិបាល មន្ត្រី​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​ដើម្បី​ស៊ើបការណ៍​សម្ងាត់​ឲ្យ​រដ្ឋាភិបាល​ចិន។

គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ចាត់​វិធានការ​ស៊ើបអង្កេត​ដោយមាន​អ្នក​ជំនាញ​អន្តរជាតិ​ឯករាជ្យ​ចូលរួម​ជាបន្ទាន់ ទៅលើ​ក្រុម​ចោរ​បច្ចេកវិទ្យា​នេះ និង​ទុក​អធិបតេយ្យ​ជាតិ សន្តិសុខ​ជាតិ ជា​អាទិភាព។

ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះជាតិ ក៏​អំពាវនាវ​ឲ្យ ប្រជាពលរដ្ឋ​មាន​វិធាន​ការពារ​ពារ​ចំនួន ៥​ចំណុច​គឺ ត្រូវ​រក្សា​ប្រព័ន្ធ​កម្មវិធី​នៅ​ក្នុង​ឧបករណ៍​ឲ្យ​ទាន់សម័យ ផ្លាស់ប្ដូរ​កូដ​សម្ងាត់​ជាប្រចាំ កុំ​ទទួល​យក​សំណើ ដើម្បី​ដំឡើង​កម្មវិធី​ដែល​មិន​ស្គាល់​ទៅ​ក្នុង​ឧបករណ៍​ប្រើប្រាស់ កុំ​ចុច​តំណ​ភ្ជាប់​មិន​ផ្ទាល់ ឬ​ផ្ទាំង​ផ្សាយ ពាណិជ្ជកម្ម ដែល​លេចឡើង​ភ្លាមៗ កុំ​បញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន ដែល​ត្រូវការ​ផ្ទៀងផ្ទាត់ ដូចជា​ព័ត៌មាន​លំអិត កាត​ឥណទាន ឈ្មោះ​អ្នក​ប្រើ ឬ​កូដ​សម្ងាត់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។