ក្រុមកម្មករ រងគ្រោះពីការរំលំបាក់អគារខុនដូ (Condo) របស់ជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីខែមិថុនា ប្រាប់ថា ពួកគេមិនទាន់បានទទួលសំណងរដ្ឋប្បវេណី ពីម្ចាស់សំណង់នៅឡើយទេ។ អ្នកឃ្លាំមើលវិស័យសំណង់ ជំរុញឱ្យតុលាការខេត្តព្រះសីហនុ ពន្លឿននីតិវិធី ផ្ដល់សំណងរដ្ឋប្បវេណីឱ្យក្រុមកម្មកររងគ្រោះទាំងនោះ។
កម្មករលាយស៊ីម៉ងត៍ លោក រស់ ស៊ីថា ឱ្យដឹងថា លោកទទួលបានជំនួយសប្បុរសជន សរុបជាងបីម៉ឺន (៣០.០០០) ដុល្លារអាមេរិក ហើយមិនទាន់ទទួលបានសំណងរដ្ឋប្បវេណីទេ។ លោក រស់ ស៊ីថា ប្រាប់ថា ជាង ៧ខែមកនេះ របួសលោករើឡើងម្ដងៗ ហើយលោកមិនទាន់អាចធ្វើសំណង់វិញបានទេ។ កម្មករសំណង់រូបនេះថា លោកលែងហ៊ានធ្វើសំណង់ទៀតហើយ ក្រោយជួបឧបទ្ទវហេតុបាក់រំលំអគារម្ដងនោះរួចមក។ លោកចង់រៀនដាំដុះ ហើយធ្វើការកសិកម្មវិញ៖ «ខ្ញុំទទួលបានភ្លាមៗហ្នឹង ចំនួន៣ម៉ឺន សម្ដេចឱ្យភ្លាមៗ។ តមកទៀត សប្បុរសជន គាត់ឧបត្ថម្ភហ្នឹង គាត់ឱ្យប្រហែលជាង៥ពាន់ទាំងអស់។ ខ្ញុំមិនទាន់បានធ្វើអ្វីផង។ ខ្ញុំនៅផ្ទះ សម្រាក ព្រោះអ្វីទើបតែជាដៃដែរ។ ដៃវាបាក់ស្មា កាលនោះ។ មិនទាន់បានធ្វើអ្វីផង។ តែខ្ញុំចង់រៀនខាងដាំដុះ។ តែឥឡូវខ្ញុំអត់ទាន់បានទៅរៀនផង»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៩ អគារខុនដូ កម្ពស់៧ជាន់ កំពុងសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលមានម្ចាស់ និងអ្នកម៉ៅការសាងសង់ជាជនជាតិចិន បានបាក់ដួលរំលំសង្កត់កម្មករ កម្មការិនី កំពុងដេកនៅការដ្ឋានសំណង់ ស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់។
កម្មករផ្នែករៀបការ៉ូ ម្នាក់ទៀត ដែលត្រូវបានគេជួយសង្គ្រោះចុងក្រោយបង្អស់ ក្នុងពីគំនរអគារ៧ជាន់បាក់រលំនោះ គឺលោក កាក់ គា ក៏អះអាងថា មិនទាន់បានជាសះស្បើយពីរបួសដែរ។ លោកស្រី អ៊ុន ម៉ារី ប្រាប់ថា លោក កាក់ គា ក៏មិនទាន់ទទួលបានសំណងពីខាងតុលាការដែរ។ លោកស្រីថា អាជ្ញាធរធ្លាប់បានកោះហៅ កូនប្រុសលោកស្រី ទៅប្រជុំនិយាយរឿងសំណងតាមផ្លូវតុលាការម្ដងដែរ យូរហើយ តែមកដល់ពេលនេះ ស្ងាត់ឈឹង។ ស្ត្រីអាយុ ៤១ឆ្នាំរូបនេះអះអាងថា លោក កាក់ គា ក៏ទទួលបានជំនួយសប្បុរសជនជាង ៣ម៉ឺនដុល្លារអាមេរិកដែរ តែបានចំណាយការមើលទាំជំងឺបន្ថែមជាង ៧ខែមកនេះអស់មួយចំនួន។ លោកស្រីបន្តថា លោក កាក់ គា នៅតែរវើរវាយ ហើយកំពុងបន្តការព្យាបាលនៅគ្រូបុរាណខ្មែរបន្ថែម៖ «បានតែជំនួយខាងគេឱ្យហ្នឹង បានជាង៣ម៉ឺន។ លុយម្ចាស់សំណងពីអគារហ្នឹង មិនទាន់បានទេនៅ។ ខាងមេធាវី គេថានេះឱ្យ ចាំរកខុសត្រូវឱ្យ។ បានហៅទៅម្ដង។ ហៅអ្នកគ្រោះថ្នាក់ទាំង៤ហ្នឹង ទៅទាមទារនៅ ត្រពាំងសិលា នៅខាងជើងហ្នឹង។ ដល់ពេលហើយ តាំងពីពេលហ្នឹងមក មិនលឺគេហៅ ថា ម្ដេច ថា ម្ដេចផង»។
ក្រោយបាក់រលំអគារសង្កត់កម្មករស្លាប់ភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៤នាក់ ដែលត្រូវបានអះអាងថា ជាប់ពាក់ព័ន្ធនឹងការបាក់រលំអគារនេះ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ លោក សុក ហេង បានចោទប្រកាន់ ម្ចាស់ការដ្ឋានសំណង់ឈ្មោះ ចេង គុន (Cheng Kun) អាយុ ៣៩ឆ្នាំ និងម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់ ស៊ី កាំង ថុង កុង ហ្គូ ជី ហៃសោវ (Xi Gang Tang Gong Gou Ji Haisao) គឺលោក ដេង ហ្ស៊ីន ហ្គុល (Deng Xin Gul) វ័យ ៤៨ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា បង្កឱ្យមានរបួសដោយអចេតនា និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ។
ចំណែកជាងសំណង់ឈ្មោះ ហ្គៅ យុ (Gao Yu) និងស្ត្រីមើលការងារក្នុងការដ្ឋាន ឈ្មោះ ហ្ស៊ី យ៉ា ភីង (Xie Ya Ping) ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឱ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូចដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ តាមមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ក្នុងរឿងនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស ៣នាក់បន្ថែមទៀត ប៉ុន្តែមិនបង្ហាញអត្តសញ្ញាណដល់សព្វថ្ងៃ ដោយគ្រាន់តែប្រាប់ថា មនុស្ស ៣នាក់នោះ គឺជាជនជាតិខ្មែរ និងជនជាតិចិន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ប្រចាំតំបន់ និងប្រចាំខេត្តព្រះសីហនុបានទេ នៅថ្ងៃទី៤ មករា ដោយសារទូរស័ព្ទរោទ៍ សុទ្ធតែគ្មានអ្នកទទួល។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន សង្កេតឃើញថា ជាទូទៅកម្មកររងគ្រោះ ទ្វេដង គឺរងគ្រោះដោយសារក្រុមហ៊ុនម្ដង និងម្ដងទៀត តុលាការបង្អូសនីតិវិធី រហូតធ្វើកម្មករនឿយណាយ លែងចង់បានយុត្តិធម៌។ លោក សុខ គីន អះអាងថា ថវិកា ដែលកម្មករទទួលបានពីសប្បុរសជន ក្នុងម្នាក់ជាង ៣ម៉ឺនដុល្លារនោះ មិនមែនជាសំណងតាមផ្លូវតុលាការទេ។ ដូច្នេះតុលាការត្រូវពន្លឿននីតិវិធីផ្ដល់សំណងរដ្ឋប្បវេណី ឱ្យកម្មកររងគ្រោះឱ្យបានលឿន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។