យោធិន​ពិការ​ចូល​និវត្តន៍​ត្អូញ​រឿង​បើក​ប្រាក់​ខែ​យឺត

ដោយ ហង្ស សាវយុត
2014.03.31

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដាស់តឿន​ដល់​​​គ្រប់​ក្រសួង​​ក្រោម​​ឱវាទ​ឱ្យ​​យកចិត្ត​ទុកដាក់​លើ​ការ​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ​ឱ្យ​បាន​ទាន់​ពេល​វេលា។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​យោធិន​ពិការ​មួយ​ចំនួន​ដែល​រស់​នៅ​ខេត្ត​ភាគ​ឧត្តរ នៅ​តែ​ត្អូញ​ត្អែរ​ចំពោះ​ការ​បើក​ប្រាក់ខែ​យឺត​យ៉ាវ​ដដែល។

អតីត​យុទ្ធជន​ដែល​ចូល​និវត្តន៍​មួយ​ចំនួន​រស់​នៅ​​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ប្រាក់ខែ​សោធន​និវត្តន៍​របស់​ពួកគេ​បាន​យឺតយ៉ាវ ៣​ខែ​មក​ហើយ បើ​គិត​មក​ដល់​ខែ​មីនា នេះ។ ការ​បើក​ប្រាក់ខែ​យឺតយ៉ាវ ​ធ្វើ​ឱ្យ​ពួកគេ​ដែល​មិន​មាន​មុខ​របរ​អ្វី​ផ្សេង​ទៀត កំពុងតែ​ប្រឈម​មុខ​នឹង​​បញ្ហា​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង។

អតីតយុទ្ធ​ជន​ដែល​ចូល​និវត្តន៍​​​ម្នាក់ កំពុង​រស់នៅ​តំបន់​ព្រំដែន​ច្រក​អានសេះ នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មីនា ថា រូប​គាត់​និង​យុទ្ធជន​ចូលនិវត្តន៍​ប្រមាណ ១០០​នាក់​ទៀត កំពុង​ទន្ទឹង​រង់ចាំ​បើក​ប្រាក់​ចំនួន ៣​ខែ​មក​ហើយ។ គាត់​មាន​​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​អតីត​យុទ្ធជន​នៅ​អង្គភាព​ផ្សេងៗ ​គេ​​បើក​ប្រាក់​សម្រាប់​ខែ​មីនា អស់​​ទៅ​ហើយ ក៏​ប៉ុន្តែ​ក្រុម​របស់​គាត់​ទើប​តែ​ទទួល​បាន​ប្រាក់​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១៣​ ទៅ​វិញ?

អតីតយុទ្ធ​ជន​ដែល​ចូល​និវត្តន៍៖ «បៀវត្ស​ក្រុម​ពួក​ខ្ញុំ​ហ្នឹង​គេ​ទើប​តែ​បើក​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៣ ខ្ញុំ​គួរ​តែ​ឆ្ងល់​ដែរ មិន​ដឹង​យ៉ាង​ម៉េច? ខ្ញុំ​បើក​នៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត ទៅ​សួរ​គេ​ទៅ គេ​ថា បៀវត្ស​ហ្នឹង​អត់​ទាន់​ធ្លាក់​មក​។ ខ្ញុំ​មាន​អី មាន​សង្ឃឹម​តែ​លើ​ប្រាក់ខែ»

បុរស​ដដែល​បញ្ជាក់​ថា ប្រាក់ខែ​របស់​គាត់​ចំនួន ៤៥​ម៉ឺន​រៀល​ក្នុង​១​ខែ​នោះ គឺ​ត្រូវ​យក​ទៅ​ដោះស្រាយ​សម្រាប់​កូន​រៀន​ផង ទិញ​អង្ករ​ហូប​ផង ព្រម​ទាំង​សម្រាប់​ដោះស្រាយ​ជីវភាព​សព្វ​បែប​យ៉ាង។ ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធចន​ខេត្ត​ព្រះវិហារ លោក រស់ ស៊ីផា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប វិញ ក្រុម​ជន​ពិការ​បាន​ឱ្យ​ដឹង​ថា ពួកគេ​ទើប​តែ​បើក​បាន​ប្រាក់​ខែ ៣-៤​ថ្ងៃ​មុន​នេះ បន្ទាប់​ពី​យឺតយ៉ាវ​ជា​ច្រើន​ខែ​មក​ហើយ។ ក្រុម​ជន​ពិការ​ទាំង​នោះ​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​ពួកគេ​បាន​បើក​ប្រាក់ខែ​ហើយ​ក៏ដោយ ក៏​​គេ​នៅ​​​មិន​ទាន់​ទទួល​បាន​ប្រាក់​ថ្លៃ​មុខ​របួស​​និង​ថ្លៃ​អ្នក​បម្រើ​ទៅ​តាម​ការ​ទាមទារ​​ទេ។

ប្រធាន​អង្គការ​សង្គ្រោះ​ជនពិការ​ខ្មែរ​ដើម្បី​ការ​ពិត លោក គឹម សុវណ្ណ ​បាន​មាន​ប្រសាសន៍​ថា ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​យល់​ព្រម​​ដំឡើង​ប្រាក់​ខែ​ជូន​ជន​ពិការ​ថែម​ទៀត ក៏ប៉ុន្តែ​មិន​ទាន់​បាន​យក​​ចិត្ត​ទុកដាក់​ទៅ​លើ​​​​ការ​បន្ថែម​ប្រាក់ថ្លៃ​មុខ​​របួស​ទៅ​ឱ្យ​ជន​ពិការ​ធ្ងន់ធ្ងរ និង​ប្រាក់​សម្រាប់​អ្នក​ជួយ​បម្រើ​នៅ​ឡើយ​ទេ៖ «ដំឡើង​ប្រាក់​ខែ​ឱ្យ​តែ​លើ​សក្ដិ​ទេ។ ប្រាក់​ខែ​ខ្ញុំ​ប្រភេទ​១​ហ្នឹង កាល​ពី​មុន ១៧​ម៉ឺន​រៀល ឥឡូវ​ហ្នឹង​ឡើង​ដល់ ៣១​ម៉ឺន ប៉ុន្តែ​មុខ​របួស​ខ្ញុំ​ពិការ​ប្រភេទ​១ ដាច់​ជើង​ទាំង​ពីរ ប្រាក់​មុខ​របួស ១៤​ម៉ឺន គឺ​អត់​ឱ្យ​ទេ ហើយ​ត្រូវ​មាន​អ្នក​បម្រើ​ម្នាក់ ក៏​អត់​ឱ្យ​លុយ​ថ្លៃ​អ្នក​បម្រើ​ទេ»

លោក គឹម សុវណ្ណ បាន​បញ្ជាក់​ថា សមាគម​ជនពិការ​ជា​ច្រើន​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ ឱ្យ​គិតគូរ​ទៅ​លើ​ប្រាក់​ថ្លៃ​មុខ​របួស ​និង​ថ្លៃ​អ្នក​បម្រើ​សម្រាប់​ជន​ពិការ​ធ្ងន់ធ្ងរ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់។

សមាគម​ជនពិការ​ចំនួន ១២​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស បាន​ជួប​ពិភាក្សា​អំពី​បញ្ហា​នេះ​ឡើង​វិញ ហើយ​ពួកគេ​មាន​គម្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​​តវ៉ា​ជុំវិញ​រឿង​សុំ​ឱ្យ​បើក​ប្រាក់​ថ្លៃ​មុខ​របួស និង​ថ្លៃ​អ្នក​បម្រើ​ចំពោះ​​អ្នក​ពិការ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។