សមត្ថកិច្ច​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​ជន​សង្ស័យ ៥នាក់ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជាង ១តោន​កន្លះ

0:00 / 0:00

កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​កំពុង​បន្ត​នីតិវិធី​សាកសួរ​ជនសង្ស័យ​ចំនួន ៥នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា ពួកគេ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជាង ១តោន​កន្លះ។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ស្វែងរក​មេខ្លោង​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ការ​ហូរ​ចូល​គ្រឿងញៀន​មក​កម្ពុជា។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី២៥ ខែមករា​ថា លោក​បាន​ស្នើ​សុំ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្យារពេល ២៤ម៉ោង​ទៀត ក្នុង​ការ​បញ្ជូន​ជនសង្ស័យ​ជន​ជាតិ​ចិន និង​តៃវ៉ាន់​ចំនួន ៥នាក់​ទៅ​តុលាការ។ លោក​ថា ការ​ពន្យារពេល​នេះ ក្រោម​ហេតុផល​ថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​ភស្តុតាង​បន្ថែម និង​តាម​ចាប់​មនុស្ស​មួយ​ចំនួន​ទៀត​កំពុង​រត់​គេច​ខ្លួន។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​គ្រឿងញៀន​ជាង ១តោន​កន្លះ និង​ជនសង្ស័យ​ចំនួន ៥នាក់​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន។

លោក ម៉ក់ ជីតូ៖«មិន​ទាន់​បញ្ជូន​ទេ យើង​សុំ​ពន្យារ ២៤ម៉ោង ព្រោះ​ការ​បំពេញ​និតីវិធី​នៅ​មិន​ទាន់​ចប់ ព្រោះ​គ្នា​វា​ច្រើន យើង​សួរ​ចម្លើយ​មិន​ទាន់​អស់ ហើយ​យើង​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ឥឡូវ​យើង​កំពុង​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​អ្នក​ដែល​សេសសល់ និង​ស្នើ​សុំ​និវាទក្រហម(Red Notice)ដើម្បី​សហការ​ជាមួយ​ប្រទេស​ទាំងអស់»។

កាល​ពី​ថ្ងៃ​ទី២២ ខែមករា កម្លាំង​នគរបាល​ថ្នាក់​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តព្រះសីហនុ​បង្ក្រាប​បាន​ជន​សង្ស័យ​ជន​ជាតិ​តៃវ៉ាន់ និង​ចិន​ចំនួន ៥នាក់​ដែល​ពួកគេ​បម្រុង​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង ១តោន​កន្លះ​តាម​ដែន​សមុទ្រ​ខេត្តព្រះសីហនុ ទៅ​កាន់​កោះ​តៃវ៉ាន់។ សមត្ថកិច្ច​ក៏​បាន​បន្ត​ស្រាវជ្រាវ​រក​ឃើញ​ឃ្លាំង​ស្តុក​គ្រឿងញៀន​របស់​ជនសង្ស័យ​នៅ​ចំណុច ៣ទីតាំង​ផ្សេង​គ្នា ដោយ​ទីតាំង​ឃ្លាំង​ស្តុក​គ្រឿងញៀន​ទី​មួយ​ស្ថិត​ក្នុង​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ និង​ពីរ​ទីតាំង​ទៀត​ស្ថិត​ក្នុង​ខេត្តព្រះសីហនុ។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ឱ្យ​ដឹង​ទៀត​ថា គ្រឿងញៀន​ជាង ១តោន​កន្លះ ភាគច្រើន​ជា​ប្រភេទ​ម្សៅ​ខេ ឬ​ប្រភេទ​កេតាមីន (Ketamine) និង​មេតំហ្វេតាមីន (ICE)។ លោក​ថា ក្រុម​ឧក្រិដ្ឋជន​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​ទាំងនោះ​ចេញ​ពី​ប្រទេស​ទី៣ ចូល​កម្ពុជា​ម្ដង​បន្តិចៗ ដើម្បី​ស្ដុក​ទុក រង់ចាំ​ថ្ងៃ​ដឹក​ចេញ​ទៅ​ដែន​កោះ​តៃវ៉ាន់។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មើល​ឃើញ​ថា ការណ៍​ដែល​ឈ្មួញ​នៅ​តែ​អាច​ដឹក​ជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា​បាន​ដោយសារ​សមត្ថកិច្ច និង​តុលាការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព។

លោក រស់ សុដ្ឋា៖«ការ​ខ្វះ​ប្រសិទ្ធភាព​លើ​ការ​ចាត់​វិធានការ​លើ​គ្រឿងញៀន​ដោយសារ​តែ បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ អ៊ីចឹង​អំពើ​ពុករលួយ​តាម​យើង​ដឹង​មក ពាក់ព័ន្ធ​នឹង​មន្ត្រី​គ្រាក់ៗ ដូច​កន្លងទៅ​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ពាក់ព័ន្ធ​នឹង​មន្ត្រី​កំពង់ស្ពឺ រាជធានី​ភ្នំពេញ សង្ឃឹម​ថា នឹង​ចាត់ការ​បាន​ជន​ដែល​ខិលខូច ជនល្មើស​ដែល​ជួញដូរ​គ្រឿងញៀន​ហ្នឹង​បាន​ច្រើន​ថែម​ទៀត»។

កាលពីឆ្នាំ២០២៣ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ជិត ៨ពាន់​ករណី និង​ឃាត់ខ្លួន​ជន​សង្ស័យ ជិត ២ម៉ឺន​នាក់ ក្នុង​នោះ តុលាការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាង ១ម៉ឺននាក់ (១០.០៣៦) នាក់។ ក្នុង​ឆ្នាំ២០២៣ ដដែល សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ ៤ តោន និង​សារធាតុ​គីមី​ផ្សំ​កែច្នៃ​ជា​គ្រឿងញៀន​ជាង ១តោន។ ដោយ​ឡែក​ទំព័រ​ឆ្នាំ​ថ្មី ២០២៤ នេះ​វិញ​គិត​ត្រឹម ថ្ងៃទី២៤ ខែមករា សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង ១រយ​ករណី (១៣២ករណី) និង​រឹបអូស​គ្រឿងញៀន​ប្រមាណ​ជាង ២តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។