សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ដែល​បាញ់​ជនជាតិ​ចិន​គ្នា​ឯង​នៅ​ខេត្ត​ព្រះសីហនុ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី ថា សមត្ថកិច្ច​មិនទាន់​ចាប់​បាន​ជនដៃ​ដល់ ជា​ជនជាតិ​ចិន ដែល​បាញ់សម្លាប់​ជនជាតិ​ដូចគ្នា នៅមុខ​សណ្ឋាគារ​ខ្សាច់ ស ក្នុង​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​៦ ឧសភា​នៅឡើយ​ទេ។ ប៉ុន្តែ ចាប់​បាន​ជនជាតិ​ចិន​ម្នាក់ ជា​សហចារី​របស់​ជន​ដៃដល់។

កាល​ពី​រសៀល ថ្ងៃទី​០៦ ឧសភា សមត្ថកិច្ច អះអាង​ថា មាន ករណី​បាញ់សម្លាប់​ជនជាតិ​ចិន​ម្នាក់ ឱ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង នៅ​ខេត្ត​ព្រះសីហនុ​។ លោក ជួន ណារិន្ទ ថា ជនរងគ្រោះ និង​សង្ស័យ សុទ្ធតែ​ជា​ជនជាតិ​ចិន។ ជនសង្ស័យ មាន​គ្នា ២​នាក់ ម្នាក់​គឺជា ខ្មាន់កាំភ្លើង និង​ម្នាក់ទៀត ជា​សហចារី ឬ​អ្នក​ជួយ​ក្នុង​ករណី​ឃាតកម្ម​នេះ​។

ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់​បាន កាលពី​ថ្ងៃ​ទី​០៦ ឧសភា គឺជា សហចារី ឯ​ខ្មាន់កាំភ្លើង កំពុង​តាម​ចាប់ខ្លួន​។ លោក ណារិន្ទ ​ថា ជនជាតិ​ចិន ទាំង​៣​នាក់ មាន​ខ្លះ កាន់​ទិដ្ឋាការ (Visa) ប្រភេទ​ទេសចរណ៍ និង​ខ្លះ​មក​កម្ពុជា ដើម្បី​ប្រកប​ការងារ។ បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់ ដែល​ចាប់​បាន កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបសួរ​របស់​សមត្ថកិច្ច ហើយ​បើ​ផុត​រយៈពេល​៤៨​ម៉ោង សមត្ថកិច្ច​នឹង​ដាក់​លិខិត​ទៅ​ស្ថាប័ន​អយ្យការ ស្នើសុំ​១២​ម៉ោង​បន្ថែម​ទៀត ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ ព្រោះ​ការ​សួរនាំ​នៅ មាន​ភាព​សង្ស័យ​ច្រើន។ សមត្ថកិច្ច មិន​ទាន់​មាន​ប្រភព​ថា ជនជាតិ​ចិន ទាំងនោះ បាន​កាំភ្លើង​មក​ពី​ណា​ទេ។ ឯ​សាកសព​របស់​ជនជាតិ​ចិន​រងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​កម្លាំង​ជំនាញ​ធ្វើ​កោសល្យវិច័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។