មន្ត្រីសង្គមស៊ីវិលថា ជំនួយរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬអ្នកមានធនធានទៅដល់សិស្សដែលប្រឡងជាប់បាក់ឌុប និងមានជីវភាពខ្វះខាត គួរតែធ្វើឡើងប្រកបដោយតម្លាភាព សមធម៌ និងនិរន្តរភាព។ ពួកគាត់លើកទឹកចិត្តឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជាក់លាស់ណាមួយសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រទាំងអស់ឱ្យរៀនចប់ចុងចប់ដើម ជាជាងការជួយតែទៅលើបុគ្គល ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែធ្នូ ថា លោកត្រេកអរចំពោះការប្រកាសជួយឧបត្ថម្ភដល់សិស្សានុសិស្សប៉ុន្មានរូបក្នុងរយៈប៉ុន្មានថ្ងៃមកនេះ។ ក៏ប៉ុន្តែ លោកបន្តថា វិធីនេះ មិនមែនជាដំណោះស្រាយយូរអង្វែង សម្រាប់ជួយដល់សិស្សដែលរៀនពូកែ ឱ្យមានឱកាសបន្តការសិក្សានោះឡើយ។
លោក កើត សារ៉ាយ៖ «ខ្ញុំគិតថា ការដែលទៅរៀបចំគិតគូរគោលនយោបាយ រៀបចំយន្តការឱ្យមានមូលនិធិជាលក្ខណៈសមធម៌ថ្នាក់ជាតិមួយដែលផ្ដោតទៅលើការជួយសង្គ្រោះសម្រាប់សិស្សដែលងាយនឹងរងគ្រោះអីជាដើមនេះ ទើបជារឿងដែលសំខាន់ ជាជាងការបង្ហាញពីឥរិយាបថ ឬក៏លក្ខណៈ តួនាទី ឬក៏វិធីជាលក្ខណៈឯកជននេះវាគ្រាន់តែជាការបង្ហាញការជួយសង្គ្រោះបែបមួយពេល ដែលមិនអាចធ្វើឱ្យភាពក្រីក្រ ភាពអត់ឃ្លាន ឬក៏ជនរងគ្រោះជាច្រើនទៀត ដែលកំពុងរងគ្រោះហ្នឹងទទួលបានដូចគ្នាទេ»។
ការលើកឡើងនេះ បន្ទាប់ពីប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ វិច្ឆិកា បានប្រកាសជួយសិស្សប្រុសនិទ្ទេស A ម្នាក់ មកពីខេត្តកំពត ដែលមានឪពុកម្ដាយ ជាជនពិការ អោយរូបគេបានចូលរៀនជំនាញ វិស្វករ និងផ្ដល់ការស្នាក់នៅនៅទីបញ្ជាការដ្ឋានអង្គរក្ស របស់លោក ហ៊ីង ប៊ុនហៀង។ លើសពីនេះ លោក ហ៊ុន សែន ក៏បានប្រកាសសាងសង់លំនៅឋានថ្មី ជួយចេញសងលុយដែលជំពាក់គេ ព្រមទាំងឧបត្ថម្ភប្រាក់ប្រចាំខែ ១លានរៀល(១.០០០.០០០)ដល់គ្រួសារយុវជនរូបនេះផងដែរ។
ទោះជាយ៉ាងណា នៅមានសិស្សពូកែ និងសិស្សក្រីក្រជាច្រើនទៀត កំពុងប្រឈមការការបោះបង់ការសិក្សាដោយសារជីវភាព ប៉ុន្តែត្រូវបានលោក ហ៊ុន សែន និងសប្បុរសជនមើលរំលង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១ ខែធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសមធម៌ លោក អៀង វុទ្ធី មានប្រសាសន៍ថា ការជួយឧបត្ថម្ភ និងទំនុកបម្រុងរបស់ថ្នាក់ដឹកនាំដល់សិស្សក្រីក្រ គឺជារឿងល្អ ក៏ប៉ុន្តែការជួយរបៀបនេះ មានទម្រង់ជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ និងមិនអាចចាត់ទុកជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលឡើយ។ លោកយល់ឃើញថា រដ្ឋាភិបាលគួរដាក់ចេញនូវគោលនយោបាយជាក់លាក់ ដើម្បីជួយដល់សិស្សក្រីក្រទូទៅ ចាប់ពីកម្រិតបឋម ដើម្បីធានាបាននូវការអប់រំដោយស្មើភាពគ្នា និងទប់ស្កាត់អត្រាសិស្សបោះបង់ការសិក្សា។
លោក អៀង វុទ្ធី៖ «អ្វីដែលយើងចង់ឃើញ គឺថាកុំឱ្យជំនួយទាំងអស់ហ្នឹង ទៅជាបញ្ហាទៅវិញ។ ដូចយើងលើកពីខាងដើមថា ហេតុអីបានជាមួយក្រុមទទួលបាន ហើយអ្នកផ្សេងទៀតមិនទទួលបាន។ ប្រសិនជាបែបនេះ វាអាចជះឥទ្ធិពល ទៅដល់សាធារណជន។ អាចថាផ្ដល់ឱ្យតែមួយក្រុមអ៊ីចឹងទៅ»។
នេះមិនមែនជាលើកទីមួយទេ ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តាំងខ្លួនជាមេដឹកនាំចិត្តល្អ ធ្វើអំពើសប្បុរសជាលក្ខណៈបុគ្គល ដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដោយមិនឆ្លុះបញ្ចាំងពីទំនួលខុសត្រូវជារួម។ ជាក់ស្ដែង កាលពីឆ្នាំ២០២១ បានធ្វើអំណោយដល់គ្រួសារសិស្សក្រីក្រម្នាក់ ដែលល្បីលើបណ្ដាញសង្គម ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈដែល គ្រួសាររបស់សិស្សជាច្រើនទៀត រស់នៅក្នុងស្ថានភាពខ្វះខាតដូចគ្នានេះដែរ។
មន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល បង្កើតគោលនយោបាយ ជួយដល់សិស្សដែលមានជីវភាពក្រីក្រជារួម ជាជាងការប្រកាសជួយតែបុគ្គលដែលទទួលបានការចាប់អារម្មណ៍លើបណ្ដាញសង្គម ដែលប្រៀបបានទៅនឹងការជួយយកមុខ ដើម្បីប្រជាប្រិយភាពខ្លួនឯងតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។