គ្លីនិក​ធ្មេញ​មួយ​នៅ​សៀមរាប​ដែល​ក្រុម​ប្រដាប់​អាវុធ​ចូល​រំដោះ​ជនបរទេស នៅ​បើក​ដំណើរការ​ធម្មតា

0:00 / 0:00

គ្លីនិក(Clinic) ព្យាបាល​ធ្មេញ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប ដែល​ក្រុម​ប្រដាប់​អាវុធ ប្រើ​កាំភ្លើង​ចូល​ទៅ​រំដោះ​អ្នកទោស​ជា​ជន​ជាតិ​តៃវ៉ាន់​ម្នាក់​កាល​ពី​សប្តាហ៍​មុន នៅតែ​បើក​ដំណើរការ​ធម្មតា​ ក៏ប៉ុន្តែ​ហាក់​ស្ងប់ស្ងាត់​បន្តិច។

អាជីវករ​លក់​ដូរ​នៅ​ជុំវិញ​គ្លីនិក​នោះព្រួយ​បារម្ភ​ពី​អសន្តិសុខ​សង្គមប៉ះពាល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរនិង​មុខ​របរ​របស់​ពួកគាត់។

ពេលនេះ​ស្ថានភាព​គ្លីនិក(Clinic) ព្យាបាល​ធ្មេញ ជុំ ចិន្តា បើ​ទោះ​បី​ជា​បើក​ដំណើរការ​ធម្មតា​ក្តី ក៏ប៉ុន្តែ​បើ​មើល​ពី​ខាង​ក្រៅ​ហាក់​ស្ងប់ស្ងាត់ ពុំសូវ​ឃើញ​បុគ្គលិក​ធ្វើការ​ដូច​មុន​នោះ​ឡើយ។

រីឯ​ស្ថានភាព​អ្នក​លក់ដូរ និង​ពលរដ្ឋ​រស់​នៅ​ជុំវិញ​ទី​នោះ ក៏​ស្ងប់​ស្ងាត់​ដែរ​ ដោយ​មាន​ពលរដ្ឋ​ខ្លះ​ចាប់​អារម្មណ៍​ពី​រឿង​នេះ និង​ពលរដ្ឋ​ខ្លះ​ទៀត​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នោះ​ឡើយ​ ដោយសារ​ពួកគាត់​គិតតែ​រឿង​មុខ​របរ​លក់​ដូរ​ចិញ្ចឹម​ក្រពះ។

គ្លីនិក​នេះ​ឋិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​តាធុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ នៅ​ចំណុច​កណ្តាល​ទី​ប្រជុំជន។

អាជីវករ អ្នក​រត់ម៉ូតូកង់បី និង​ពលរដ្ឋ​រស់​នៅ​ជុំវិញ​ទី​នោះ ភាគ​ច្រើន​មិន​ហ៊ាន​និយាយ​ពី​រឿង​នេះ​ទេ ព្រោះ​ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

អាជីវករ​លក់ដូរ នៅ​ក្បែរគ្លីនិក​នេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២២ សីហា ថា ថ្ងៃ​កើត​ហេតុ​លោកស្រី មិន​ចាប់​អារម្មណ៍​ថា នឹង​មាន​ករណី​កើត​ឡើង​ដូច្នេះទេ ​ដោយ​គ្រាន់តែ​ឃើញ​រថយន្ត​បើក​ចេញ​ចូល​គ្លីនិក​ធម្មតាៗ​ប៉ុណ្ណោះ។

លោកស្រី​ថា បាតុភាព​នេះ​ហាក់​កើត​ឡើង​ដោយ​ស្ងៀមស្ងាត់​ ហើយ​ភ្ញាក់​ផ្ញើល​នៅ​គ្រា​ដែល​មាន​ប៉ូលិស​មក​ច្រើន និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនល្មើស​ប្រើប្រាស់​កាំភ្លើង​គ្រប់ដៃ។

«ឃើញ​តែ​ឡាន​ពេទ្យ និង​ប៉ូលិស​ចម្រុះ ហើយ​ខ្ញុំ​ស្មាន​តែ​គេ​មក តាម​ឡាន​កូរ៉េ រឿង​ពន្ធ​រឿង​អី?​តែ​តាម​ពិត​មិន​ដឹង​ផង​ហ្នឹង»។

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប លោក ម៉ាលី សានី យល់​ថា តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ មិនគួរ​កើត​មាន​ករណី​ដូច្នេះ​ទេ ព្រោះ​ប៉ះពាល់​ភ្ញៀវ​ទេសចរ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ៖

លោក ម៉ាលី សានី៖ «តក់ស្លុត​ពេល​ឃើញ​ខេត្ត​របស់​យើង​មាន​ជន​បរទេស ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។សំណូមពរ​ខេត្ត​សៀមរាប សូម​ថែរក្សា​ សុខ​សុវត្ថិភាព និង​សុវត្ថិភាព​ប្រជាជន​ក្នុង​ខេត្ត»។

កាល​ពី​ព្រឹក​ថ្ងៃទី​១៧ សីហា ជន​ល្មើស​មាន​គ្នា ៥នាក់​ពាក់​ស្រោម​មុខខ្មៅ ប្រដាប់​ដោយ​កាំភ្លើង​ត​កាណុង​គ្រប់​ដៃ​ចូល​​រំដោះ​អ្នក​ទោស​ជនជាតិ​តៃវ៉ាន់​ឈ្មោះ ឆេន ស៊ីនហាន (Chen hsin han) ជាប់​ទោស​ចំនួន ៥២ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន។

ករណីនេះ​កើត​មាន​ឡើង ដោយសារ​​មន្ត្រី​ពន្ធនាគារ​បានបញ្ជូន​អ្នកទោស​រូប​នោះ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ក្នុង​ក្រុង​សៀមរាប។

ចៅ​សង្កាត់រងទី២ ក្នុង​ក្រុង​សៀមរាប លោក នង ធារ៉ា គិត​ថា បាតុភាព​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ភាព​អនាធិតេយ្យ ដែល​ជន​បរទេស​ប្រើ​ប្រាស់​កាំភ្លើង​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឱ្យ​ពលរដ្ឋ​ និង​ភ្ញៀវទេសចរ​បារម្ភ​ពី​អសន្តិសុខ​សង្គម និង​សុវត្ថិភាព។

លោក នង ធារ៉ា៖«ជនជាតិ​ចិន​មាន​ឱកាស​កាន់​កាប់​កាំភ្លើង​ខុសច្បាប់​វា​បង្ក ភាព​ភ័យ​ខ្លាច​ដល់​ជន​បរទេស​មក​ទស្សនា និង​លេង​កម្សាន្ត តំបន់​ទេសចរ​បុរាណ​ប្រវត្តិសាស្ត្រ។ វា​ជា​រឿង​ចម្លែក​ដែល​ជន​បរទេស​មាន​ឱកាស​កាន់​កាប់​កាំភ្លើង​ខុសច្បាប់»។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពីថ្ងៃទី២១ ខែសីហា​ថា ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៨នាក់ ក្នុង​នោះ​មាន ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក ៦នាក់ និង​ជនជាតិ​ចិន ២នាក់ ដែល​សមត្ថកិច្ច​ចោទ​​ថា ជា​ក្រុម​ស៊ី​ឈ្នួល​ធ្វើ​សកម្មភាព​រំដោះ​អ្នក​ទោស​នៅ​ខេត្តសៀមរាប។

លោក​បន្ថែម​ថា សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ខ្លួនអ្នកពាក់ព័ន្ធ​បន្ថែម​ទៀត។

ជុំវិញ​រឿង​នេះ មន្ត្រី​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​ច្បាប់ និង​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប៉ះប៉ូវ​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខេត្ត​សៀមរាប ដែល​បារម្ភ​ពី​អសន្តិសុខ​សង្គម និង សុវត្ថិភាព​ភ្ញៀវ​ទេសចរ។​

លោក ស៊ឹង សែនករុណា៖ «បើ​សិន​ជា​បើក​ការ​ស៊ើប​អង្កេត​បន្ត​សកម្ម​ ហើយ​ចាប់​បាន​ជន​ប្រព្រឹត្ត​ពិត​ប្រាកដ​ជា​បន្ត​បន្ទាប់ ជា​រឿង​ល្អ​ ដែល​ធ្វើ​ឱ្យ​មហាជន​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ។ ជន​ប្រដាប់​អាវុធ​ទៅ​រំដោះ​អ្នក​ទោស ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ ពាក់ព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ពួកគាត់»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ជន​សង្ស័យ​ទាំង ៨នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ អគ្គស្នងការ​ដ្ឋាន​នរបាលជាតិ​នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​លិខិត​ឯកសារ​ជន​សង្ស័យ​ទាំង​នោះ ឱ្យ​លម្អិត​នៅ​ឡើយ​ទេ។ រីឯ​កសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​នានា​ ក៏​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ដែរ។ ពេល​នេះ ជនសង្ស័យ​ទាំង​នោះ ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។