អាណាព្យាបាល​សិស្ស​ស្នើ​សុំ​ដក​នាយក​សាលា​បឋម​មួយ​នៅ​បន្ទាយមានជ័យ​ដោយសារ​អំពើ​អមនុស្សធម៌

ដោយ មួង ណារ៉េត
2018-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្លោង​ទ្វារ​សាលា​បឋមសិក្សា​ព្រៃចង្ហារ៍។
ក្លោង​ទ្វារ​សាលា​បឋមសិក្សា​ព្រៃចង្ហារ៍។
Photo Provided

អាណាព្យាបាល​ក្មេង​ប្រមាណ​៤០០​នាក់ បាន​នាំគ្នា​ផ្ដិត​ស្នាម​មេដៃ ដើម្បី​ដាក់​ទៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​បន្ទាយមានជ័យ ស្នើ​ដក​នាយិកា​សាលាបឋមសិក្សា​មួយ​នៅ​ស្រុក​មង្គល​បូរី ចេញពី​តំណែង។ អាណាព្យាបាល​អះអាង​ថា នាយិកា​រូប​នេះ ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​ដោយ​ប្រើ​ភាសា​គំរោះគំរើយ​ទៅលើ​កូនសិស្ស និង​ប្រើ​អំណាច​ផ្ដាច់ការ ដែល​ធ្វើ​ឲ្យ​កុមារ​មានការ​ភ័យខ្លាច​មិន​ហាន​ទៅ​សាលារៀន។ ប៉ុន្តែ​នាយិកា​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

អាណាព្យាបាល​សិស្ស​នៅ​ស្រុក​មង្គលបូរី លើកឡើង​ថា ពួកគាត់​ទ្រាំ​នឹង​ការ​ធ្វើ​អំពើ​អាក្រក់​របស់​នាយិកា​នេះ​លែង​បាន​ហើយ ទើប​សម្រេចចិត្ត​នាំគ្នា​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ដក​មន្ត្រី​អប់រំ​រូប​នេះ​ចេញពី​ភូមិ​ស្រុក​របស់​ពួកគាត់។

អាណាព្យាបាល​សិស្ស​នៅ​ភូមិ​ព្រៃ​ចង្ហារ ឃុំ​បន្ទាយនាង ស្រុក​មង្គលបូរី អ្នកស្រី រឿន សុរិយា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ថា កូន​របស់​អ្នកស្រី​បាន​សុំ​ប្ដូរ​សាលា​ទៅ​រៀន​នៅ​កន្លែង​ផ្សេង ដោយសារ​ខ្លាច​នាយិកា​ធ្វើបាប ព្រោះ​កន្លងមក​នាយិកា​បឋម​សិក្សា​ព្រៃចង្ហារ៍ គឺ​អ្នកស្រី សាន ឆវី បាន​និយាយ​សម្ដី​គំរោះគំរើយ ដូចជា​ជេរប្រទេច​ដល់​ម៉ែ ដល់​ឪ​របស់​ពួកគេ​ជាដើម ហើយ​ជាង​នេះ​ទៀត នាយិកា​រូប​នេះ បាន​ហាមឃាត់​ឲ្យ​សិស្ស ទិញ​នំចំណី​ពី​ខាងក្រៅ​ទៅ​ហូប​ក្នុង​សាលា​នោះ​ទេ គឺ​តម្រូវ​សិស្ស​ទិញ​នំចំណី​នៅ​ខាងក្នុង​សាលា ដែល​ជា​របស់​នាយិកា​រូប​នេះ​តែប៉ុណ្ណោះ «​គាត់​និយាយ​ចេញ​មក​ដូច​វា​ខុស ហើយ​ដូច​គាត់​លក់​អីវ៉ាន់​ក្នុង​សាលា​អី គឺ​គាត់​ហួងហែង​សព្វគ្រប់ ហើយ​អ្នក​ផ្សេង​គាត់​មិន​ឲ្យ​ចូល​ទៅ​លក់​ទេ គាត់​លក់​តែម្នាក់​ឯង គាត់​លើក​ហេតុផល​មក​ថា គាត់​គ្មាន​ស្រែ​ធ្វើ។ ដូច​ករណី​កូន​ខ្ញុំ​ដាក់​បាយ​ទៅ​រៀន គាត់​មិន​ឲ្យ​យក​ទៅ​ហូប​ទេ ដោយពេល​ដាក់​ទៅ​គាត់​គាត់​ឈ្មោះ​ដក​ពិន្ទុ​រហូត។ហើយ​គាត់​បង្ខំ​ឲ្យ​ក្មេង​ទៅ​រៀន​គួរ​នៅផ្ទះ​គាត់ ហើយ​មិន​ទៅ​ទេ​គាត់​ដក​ពិន្ទុ ហើយ​ប្រើ​ក្មេង​ហួស​កម្លាំង​​ទៀត​ផង»

ចំណែក​អាណាព្យាបាល​សិស្ស​ម្នាក់ទៀត អ្នកស្រី ភោគ សុខ​ហាន ថ្លែង​ថា កូន​និង​ក្មួយ​របស់​អ្នកស្រី រៀន​នៅ​សាលា​មួយ​នេះ​ចំនួន​៣​នាក់ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ទៅ​សាលារៀន​ដែរ ព្រោះ​ខ្លាច​នាយិកា​ជេរ​ស្ដីបន្ទោស។ អ្នកស្រី​អះអាង​ទៀត​ថា នាយិកា​​រូប​នេះ​មិន​ត្រឹមតែ​សំដី​អសុរោះ​មក​លើ​កូនសិស្ស​ទេ ថែមទាំង​បង្ខំ​ឲ្យ​ក្មេង​លើក​អាចម៍ដី​ដែល​បាន​ដឹក​យក​មក​ចាក់​នៅ​ក្នុង​សាលា នៅ​ក្នុង​ម៉ោង​រៀន​ទៀត​ផង ហើយ​ធ្វើ​ឲ្យ​ក្មេង​មានការ​ភ័យខ្លាច ព្រោះ​នាយិកា​បាន​ដាក់​កំណត់ បើ​សិន​សិស្ស​ណា​ធ្វើការ​មិន​រួច នឹង​ត្រូវ​គ្រូបង្រៀន​ដក​ពិន្ទុ «​គាត់​ធ្វើ​បែបនេះ​វា​មិន​សម​ទេ ដូច​កូន​ខ្ញុំ​ទិញ​នំ​យក​ទៅ​ទុក​ហូប​ក្នុង​សាលា​គ្រូ​មិន​ឲ្យ​ហូប ហើយ​គាត់​ឃើញ​ខ្ញុំ​ហូប​នំ​ក្រោយ​សាលា​ក្រោយ​ថ្នាក់​អី​គាត់​ជេរ​បញ្ចោរ​ខ្ញុំ។បើ​សិន​គាត់​បង្រៀន​សិស្ស​ត្រឹមត្រូវ​ហើយ​មាន​សីលធម៌​មិន​មាន​អ្នក​គេ​ថា​អី តែ​នេះ​អត់​ទេ គឺ​គាត់​ចង់​ឲ្យ​តែ​គេ​ទិញ​របស់​គាត់​លក់​ផ្ដាច់​មុខតែ​ម្ដង ហើយ​របស់​គាត់​លក់​ថ្លៃ​ជាងគេ​មួយ​គុណ​នឹង​ពីរ​ឯណោះ»។​

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ នាយិកា​បឋមសិក្សា​ព្រៃ​ចង្ហារ អ្នកស្រី សាន ឆវី មាន​ប្រសាសន៍ថា រឿងរ៉ាវ​ទាំងអស់​មិនមែន​ជា​ការ​ពិត​ឡើយ។ អ្នកស្រី​អះអាង​ទៀត​ថា អ្វី​ដែល​អ្នកស្រី​អនុវត្ត​នោះ គឺជា​ការ​ប្រៀនប្រដៅ​សិស្ស​ក្នុងនាម​ជា​ម្ដាយ​ទី​២ ដើម្បី​ឲ្យ​ក្មេង​ចេះ​ទទួលខុសត្រូវ ទៅ​ថ្ងៃ​អនាគត​តែប៉ុណ្ណោះ «បើ​ថា​យក​នំ​ចំណី​ក្រោយមក​ញាំ​តាម​ធម្មតា​ទៅ​ខ្ញុំ​មានបាន​ឃាត់​អី បើ​ចេញ​លែង​យក​ញាំ​ទៅ​កុំ​ឲ្យ​តែ​ញាំ​ពេល​កំពុង​រៀន ហើយ​រឿង​នេះ​ជា​ការ​ចោទប្រកាន់​មក​ខ្ញុំ​ទេ​។ ខ្ញុំ​គិត​ថា ​គេ​មើល​ស្រាល​​ចំពោះ​ការគ្រប់គ្រង និង​ការ​ស្អប់​ដោយសារ​ការ​ច្រណែន​និន្ទា​មក​លើ​នាង​ខ្ញុំ​តែម្ដង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារសិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទ​គា លើកឡើង​ថា បញ្ហា​នេះ​មិនមែន​ជា​ការងារ​ប្រៀនប្រដៅ​កុមារ​នោះ​ទេ តែ​ជា​អំពើ​រំលោភ​សិទ្ធិ​កុមារ ហើយ​ជា​ការ​ធ្វើ​ឲ្យ​ក្មេង​មានការ​ភ័យខ្លាច​ទៅវិញ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ទៀត​ថា រឿង​នេះ​ក្រសួង​អប់រំ​ត្រូវតែ​ចាត់​វិធាន​ជាបន្ទាន់ និង​មិន​អាច​អនុគ្រោះ​ឲ្យ​មន្ត្រី​អប់រំ​រូប​នេះ​ធ្វើ​សកម្មភាព​បន្ត​ទៅទៀត​នោះ​ឡើយ ព្រោះ​បាន​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​កុមារ​ជាច្រើន​នាក់ ហើយ​ធ្វើ​ឲ្យ​ពួកគេ​មិន​ហាន​ចូល​សាលារៀន៖ «កន្លងមក​គេ​តែង​យក​លេស​ថា​អ្នក​ដែល​ផ្ដិតមេដៃ​ជា​ពួក​បក្ស​ប្រឆាំង តែ​ពេល​រលត់​បក្ស​ប្រឆាំង​ទៅ គាត់​បាន​ត្រឹមតែ​ឆ្លើយ​ដោះសា ប៉ុន្តែ​ខ្ញុំ​គិត​ថា​បើសិនជា​គាត់​ធ្វើ​ល្អ​ប្រហែលជា​គេ​ស្រលាញ់​គាត់​ហើយ ប៉ុន្តែ​ដោយសារ​គាត់​ធ្វើ​មិនល្អ​ណាមួយ​ហើយ​បានជា​គេ​ផ្ដិតមេដៃ​សុំ​ដក​នាយិកា​ជាច្រើន​នាក់​បែបនេះ»

អ្នកភូមិ​អះអាង​ថា​គិត​ត្រឹម​ថ្ងៃទី១៦ ខែតុលា ពួកគាត់​ប្រមូល​ស្នាម​មេដៃ​បាន​ជិត​ ២០០​ស្នាម​មេដៃ​ហើយ ដើម្បី​ដាក់​ទៅ​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្ត​បន្ទាយមានជ័យ ស្នើ​ដក​នាយិកា​រូប​នេះ ចេញពី​តំណែង។ អ្នកភូមិ​ក៏​គ្រោង​ប្រមូល​កុមារ​តូចៗ ដែល​រៀន​នៅ​សាលា​មួយ​នេះ តវ៉ា​នៅមុខ​សាលាបឋមសិក្សា​ព្រៃ​ចង្ហារនៅ​ថ្ងៃមុខ​ទៀត ប្រសិនបើ​មន្ទីរអប់រំ​ខេត្ត​មិន​ចាត់​វិធាន​តាម​សំណើ​របស់​ពួកគាត់​នោះ។

បឋមសិក្សា​ព្រៃ​ចង្ហារ នៅ​ឆ្នាំ​២០១៧ និង​២០១៨ មាន​សិស្ស​សិក្សា​សរុប​ជិត​ ៥០០​នាក់ និង​មាន​គ្រូបង្រៀន​ ១០​នាក់ ហើយ​សិស្ស​ប្រមាណ​ ១០​ភាគរយ ដែល​មិន​ចង់​មាន​បញ្ហា​ជាមួយ​នាយិកា បាន​ប្ដូរ​សាលា​ទៅ​រៀន​នៅ​តំបន់​ផ្សេង ហើយ​មួយ​សិស្ស​ចំនួន​ទៀត ក៏​គ្រោង​ផ្លាស់​ទៅ​រៀន​នៅ​សាលា​ផ្សេង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល