ប្រជាពលរដ្ឋចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅខេត្តកំពង់ចាម ត្អូញត្អែរពីតម្លៃជ្រូកកាន់តែចុះថោកនាពេលបច្ចុប្បន្ន។ ពួកគាត់អះអាងថា ការប្រកបរបរចិញ្ចឹមជីវិតរបស់កសិករ ចេះតែជួបបញ្ហាប្រឈមផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសកសិករអាចប្រឈមជំពាក់បំណុលធនាគារទៀតផង ពីព្រោះផលិតផលរបស់ពួកគាត់ចេះតែខាតបង់។ បញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តបញ្ជាក់ថា តម្លៃជ្រូកសាច់ចុះថោក អាចបណ្ដាលមកពីការផ្គត់ផ្គង់សាច់ជ្រូករបស់ក្រុមហ៊ុននៅក្នុងស្រុកមានចំនួនច្រើន។
ប្រជាកសិករចិញ្ចឹមជ្រូកយកសាច់ជាលក្ខណៈគ្រួសារ នៅខេត្តកំពង់ចាម ខ្លះយល់ថា តម្លៃសត្វជ្រូកចុះថោកនៅពេលនេះ អាចដោយសារការនាំចូលសត្វជ្រូកពីក្រៅប្រទេសច្រើន។ ឯពលរដ្ឋខ្លះទៀត យល់ថា អាចដោយសាររដូវនេះជាខែសម្បូរត្រី ទើបបានជាតម្រូវការសាច់ជ្រូកមិនសូវត្រូវប៉ាន់។ កសិករទាំងនោះ អាចប្រឈមបញ្ហាផ្សេងៗ ខណៈតម្លៃជ្រូកធ្លាក់ចុះនៅមួយរយៈពេលចុងក្រោយនេះ។ បញ្ហាប្រឈមទាំងនោះរួមមាន ត្រូវចំណាយលើដើមទុនច្រើន ប៉ុន្តែពេលចំណូលត្រឡប់វិញបានតិច ម្យ៉ាងកសិករខ្លះត្រូវប្រឈមជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ និងចំណាកស្រុក ជាដើម។
កសិករនៅឃុំសណ្ដែក ស្រុកបាធាយ លោក មឿន ម៉ៅ មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយដែលលោកចិញ្ចឹមជ្រូកមិនដែលជួបប្រទះឡើយការធ្លាក់ថ្លៃដូចពេលនេះ។ លោកថា កាលពីឆ្នាំមុនៗ ពួកគាត់អាចលក់ជ្រូកបានមួយគីឡូក្រាមចន្លោះពី ៩.០០០រៀលទៅជាង ១ម៉ឺនរៀល ប៉ុន្តែថ្មីៗនេះ កសិករអាចលក់ជ្រូកបានតម្លៃ ៦.០០០រៀល ឬ ៧.០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម៖ «ពីដើមមក យើងជួបនេះមែន តែតម្លៃរឿងគ្រាន់បើ តែសព្វថ្ងៃនេះ គឺយ៉ាប់យ៉ឺនតែម្តង»។
សត្វជ្រូកដែលកសិករចិញ្ចឹម ជាទូទៅពួកគាត់ត្រូវចំណាយពេលចិញ្ចឹមប្រមាណ ៤ខែ បន្ទាប់ពីបំបែកចេញពីទ្រុងជាមួយមេ ទើបអាចលក់ចេញបាន ប្រសិនបើកសិករចិញ្ចឹមឲ្យស៊ីចំណីដល់ ប៉ុន្តែបើឲ្យស៊ីចំណីធម្មជាតិ អាចចំណាយពេល ៦ខែទៅ ៧ខែ ទើបអាចលក់ចេញបាន។
ជ្រូកសាច់ដែលទិញពីកសិករចន្លោះពី ៦.០០០រៀលទៅ ៧.០០០រៀលក្នុងមួយគីឡូក្រាមនោះ គឺអាចលក់នៅលើទីផ្សារបានតម្លៃចន្លោះពី ១៥.០០០រៀលទៅ ២០.០០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះនៃតម្លៃកសិផលខ្មែរ ធ្វើឲ្យកសិករមួយចំនួនសម្រេចចិត្តបោះបង់ការចិញ្ចឹមសត្វរបស់ខ្លួន ឬបោះបង់មុខរបរកសិកម្មចោល ហើយមានពលរដ្ឋខ្លះ ត្រូវចំណាកស្រុកទៅក្រៅប្រទេសដើម្បីស្វែងរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ឬដោះបំណុលគេក៏មាន។
ស្រដៀងគ្នានេះ កសិករមួយរូបទៀតដែលចិញ្ចឹមជ្រូកនៅឃុំអំពិល ស្រុកកំពង់សៀម លោក អាន រិទ្ធា មានប្រសាសន៍ថា នៅឆ្នាំ២០១៥ បញ្ហាប្រឈមចំពោះអ្នកប្រកបរបរចិញ្ចឹមជ្រូកមានជាហូរហែ ដូចជា ជ្រូកខ្លះមានជំងឺច្រើន ហើយជ្រូកដែលមានជំងឺ ការធំធាត់របស់វា គឺមានភាពយឺតយ៉ាវ។ មួយវិញទៀត បញ្ហាប្រឈមដ៏ធំសម្រាប់កសិករ គឺតម្លៃជ្រូកចុះថោកតែម្តង ដែលធ្វើឲ្យពលរដ្ឋខាតបង់ ព្រោះចំណូលប្រចាំថ្ងៃត្រូវថយចុះ៖ «បញ្ហាទីមួយ ប្រាក់ចំណូលរបស់យើងត្រូវការបាត់បង់។ បញ្ហាទីពីរ ត្រូវជួបប្រទះការខាតបង់តែម្តង។ ដើមទុនដែលយើងខំប្រឹងចំណាយលើរបរនេះ ធ្វើឲ្យវាវិលមកវិញមិនបានគ្រប់ចំនួន»។

កសិករចិញ្ចឹមជ្រូកទាំងជ្រូកមេដើម្បីយកកូន និងជ្រូកសាច់សរុបជាង ៣០ក្បាលរូបនេះ និយាយទាំងមុខស្រពោនទៀតថា ដើមទុនសម្រាប់ចំណាយលើរបរចិញ្ចឹមជ្រូកអស់ច្រើន ដូចជារៀបចំធ្វើទ្រុងជ្រូកឲ្យស្អាត មានទាំងប្រព័ន្ធទឹកភ្លើង។ លើសពីនេះ ត្រូវចំណាយលើជ្រូកពូជ ដែលជាប្រភេទជ្រូកមេច្រើន។ មិនតែប៉ុណ្ណោះ ត្រូវមានថ្នាំបង្ការសម្រាប់ប្រើនៅពេលជ្រូកឈឺ និងត្រូវចំណាយលើចំណីផ្សេងៗ ជាដើម។ លោកបន្តថា ប្រសិនបើជ្រូកសាច់នៅតែបន្តធ្លាក់ថ្លៃទៀត កសិករភាគច្រើននឹងសម្រេចបោះបង់របរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារចោលតែម្តង។ លោកអំពាវនាវដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ៖ «ទីមួយ ជួយផ្សព្វផ្សាយ យ៉ាងណាអប់រំដល់កសិករមានបច្ចេកទេសយ៉ាងម៉េចធ្វើទៅ ដើម្បីបានចំណេញ ហើយបញ្ហាមួយទៀត ធ្វើយ៉ាងម៉េចទប់ស្កាត់ការនាំជ្រូកមកពីក្រៅ»។
ក្រៅពីកសិករទាំងនេះ គឺមានកសិករនៅស្រុកផ្សេងៗទៀតក្នុងខេត្តកំពង់ចាម ដូចជា ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកងមាស ជាដើម គឺត្អូញត្អែរចំពោះតម្លៃជ្រូកចុះថោកដូចៗគ្នា។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក គឹម សាវឿន មានប្រសាសន៍ថា បញ្ហាជ្រូកចុះថោក អាចបណ្ដាលមកពីការផ្គត់ផ្គង់ជ្រូកសាច់នៅតាមក្រុមហ៊ុន គឺមានទំហំច្រើន ព្រមទាំងមានតម្លៃថោកផង ទើបបណ្ដាលឲ្យជ្រូករបស់កសិករចិញ្ចឹមត្រូវប្រកួតប្រជែងច្រើន។ លោកថា មន្ត្រីជំនាញអាចណែនាំកសិករពីបច្ចេកទេសចិញ្ចឹមសត្វទាំងនោះបាន ប៉ុន្តែខាងមន្ទីរកសិកម្ម មិនអាចជួយដោះស្រាយរឿងតម្លៃបានឡើយ ពីព្រោះវាជាសេដ្ឋកិច្ចទីផ្សារសេរី។ យ៉ាងណា លោកបដិសេធថា ខេត្តកំពង់ចាម មិនមានសត្វជ្រូកនាំចូលពីក្រៅស្រុកទេ៖ «អ៊ីចឹងទេ មានការលំបាកដែរ កសិករយើងបានខិតខំប្រឹងប្រែង»។
លោកបន្ថែមថា ខេត្តកំពង់ចាម មានកសិករប្រមាណ ៨០ភាគរយ ដែលជាអ្នកប្រកបរបរធ្វើស្រែ និងចម្ការ ព្រមទាំងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារផង។
ប្រធានមន្ទីរកសិកម្មដដែលបន្តថា ដើម្បីកាត់បន្ថយការចំណាយលើចំណីទីផ្សារ កសិករអាចងាកមកកែច្នៃចំណីក្នុងស្រុក ឬស្វែងរកចំណីធម្មជាតិ ដូចជា ត្រកួន ព្រលឹត កញ្ឆែត សម្រាប់ដាក់ឲ្យជ្រូកស៊ីបាន។ បន្ថែមពីនេះ កសិករគប្បីសម្អាតបរិវេណទ្រុងជ្រូកឲ្យបានស្អាត ដើម្បីបង្ការកុំឲ្យជ្រូកមានជំងឺ ព្រមទាំងទិញជ្រូកមកចិញ្ចឹមត្រូវដឹងប្រភពច្បាស់លាស់ ជៀសវាងប៉ះចំពូជជ្រូកមានជំងឺ។
ដោយឡែកអ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ស្រី ចន្ធី ធ្លាប់មានប្រសាសន៍ថា ដោយសារកម្ពុជា ចាប់យករបបទីផ្សារសេរី ហើយម្យ៉ាង កម្ពុជា ជាសមាជិកអាស៊ានផង ដូចនេះពិបាកទប់ស្កាត់ទំនិញបរទេសមិនឲ្យចូលមកបានណាស់។ លោកបន្ថែមថា កសិករខ្មែរត្រូវការប្រកួតប្រជែងលើបញ្ហាទាំងនេះ ប៉ុន្តែពួកគាត់ពិបាកប្រកួតប្រជែង ព្រោះកង្វះខាតរបស់កសិករ ទាំងបច្ចេកទេស ដើមទុន និងការទំនុកបម្រុងពីរដ្ឋនៅតែជួបបញ្ហា។ លោកបន្តថា រដ្ឋាភិបាលគប្បីបង្កើតយន្តការទប់ស្កាត់ទំនិញបរទេសបានតាមលក្ខណៈបច្ចេកទេស ដូចជា ត្រួតពិនិត្យរាល់ផលិតផលកសិកម្មនាំចូលមកឲ្យបានត្រឹមត្រូវ។ ប្រសិនបើផលិតផលនាំចូលខូចគុណភាព ឬមានសារធាតុគីមីច្រើន រដ្ឋត្រូវបិទ ឬទប់ស្កាត់មិនឲ្យហូរចូលមកកម្ពុជា ជៀសវាងប៉ះពាល់ដល់ផលិតផលម្ចាស់ស្រុក។ លោកបញ្ជាក់ថា កសិករនឹងអាចបោះបង់មុខរបររបស់ខ្លួនចោល ហើយរត់ទៅរកការងារផ្សេង ឬមុខរបរផ្សេង ប្រសិនបើការខិតខំប្រឹងប្រែងរបស់ពួកគាត់ត្រូវខាតបង់ទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។