មនុស្សម្នាក់ស្លាប់ និងរបួស២នាក់ទៀតក្នុងហេតុការណ៍ឈូសរំលំផ្ទះនៅខេត្តស្វាយរៀង
2024.08.01
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឃាតកម្មដោយបើកម៉ាស៊ីនអេស្កាវ៉ាទ័រ ទាញរំលំផ្ទះសង្កត់លើបុរសម្នាក់បណ្តាលឲ្យស្លាប់ និងរងរបួស២នាក់ទៀត កាលពីថ្ងៃទី២៩ ខែកក្កដា នៅភូមិធ្លកថ្មី ឃុំត្នោត ខេត្តស្វាយរៀង។
កាសែតក្នុងស្រុករាយការណ៍នៅថ្ងៃទី៣១ ខែកក្កដា ឲ្យដឹងថា ជនសង្ស័យឈ្មោះ ខែក បញ្ញា អាយុ២៥ឆ្នាំ ជាអ្នកបើកអេស្កាវ៉ាទ័រ មានទីលំនៅខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ ឈ្មោះ ឌឹម សារឿន អាយុ៣៨ឆ្នាំ ជាកម្មករសាងសង់ផ្លូវ មានប្រពន្ធនិងកូន២នាក់ រស់នៅស្រុកបាទី ខេត្តតាកែវ។
ប៉ូលិសឲ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងជនសង្ស័យ រួមជាមួយកម្មករផ្សេងទៀត នាំគ្នាផឹកស៊ី លុះពេលស្រវឹង ជនរងគ្រោះទាស់ពាក្យសម្ដីជាមួយជនសង្ស័យ ហើយត្រូវបានអ្នករួមការងារឃាត់បំបែកចេញ។ បន្ទាប់ពីជនរងគ្រោះទៅដេកលើអង្រឹង ស្រាប់តែជនសង្ស័យលួចបើកអេស្កាវ៉ាទ័រ ទៅកាយទាញកម្ទេចផ្ទះបាក់រលំ បណ្តាលឲ្យស្លាប់ភ្លាមៗ និងរបួស២នាក់ផ្សេងទៀត។
សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ ក៏បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមគ្រួសារជនរងគ្រោះ ក៏បានទាមទាររកយុត្តិធម៌ និងអំពាវនាវ ឲ្យតុលាការផ្ដន្ទាទោសធ្ងន់ធ្ងរដល់ជនល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។