ក្រសួងអប់រំ ប្រកាសពីកាលកំណត់ថ្ងៃទី១៥ ខែវិច្ឆិកា សំរាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៩) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦ ខែធ្នូ នៅតាមសាលារដ្ឋនានា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។
ចំណែក គ្រឹះស្ថានសិក្សាឯកជន ក្រសួងអប់រំ អនុញ្ញាតឱ្យរៀបចំការប្រឡងនៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន តាមកាលបរិច្ឆេទ សម្រាប់ការប្រឡង ឌីប្លូម ដោយកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១។ ដោយឡែក ការប្រឡងបាក់ឌុបវិញ ក្រសួងកំណត់យកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។
ចំពោះការដាក់ពាក្យស្នើសុំរៀបចំការប្រឡងរបស់គ្រឹះស្ថានសិក្សាឯកជន ក្រសួងអប់រំបានណែនាំឱ្យដាក់ពាក្យស្នើសុំ ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជន ដែលត្រូវប្រឡងមកក្រសួងតាមរយៈមន្ទីរអប់រំ រាជធានី-ខេត្ត ឱ្យបានមុនដំណាច់ ខែសីហា ឆ្នាំ២០២១ ជាកំហិតដើម្បីពិនិត្យនិងទទួលស្គាល់។ ក្នុងករណី គ្រឹះស្ថានសិក្សាឯកជនណា ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមប្រឡងជាមួយសិស្សនៃគ្រឹះស្ថានសិក្សាសាធារណៈនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។