អ្នកជំនាញ​ចរាចរណ៍ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន ពេល​​ធ្វើ​ដំណើរ​​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​វិញ

0:00 / 0:00

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ត្រឡប់​មក​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​វិញ ឲ្យ​មានស្មារតី និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ព្រោះការធ្វើដំណើរត្រលប់ពីស្រុកមកក្រុងភ្នំពេញ​វិញ មានសភាពកកស្ទះ និង​ពោរពេញ​ដោយ​ភាព​ប្រញាប់​រៀងៗ ខ្លួន។ សមត្ថកិច្ច​ទទួល​បន្ទុក​ចរាចរណ៍​ឲ្យ​ដឹង​ថា បាន​ត្រៀមទាំងកងកម្លាំងសម្រួលចរាចរណ៍ និង​កម្លាំង​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ទាំង​មុន និង​ក្រោយ​ភ្ជុំ​បិណ្ឌ។

ខណៈពិធីបុណ្យភ្ជុំបិណ្ឌ បាន​បិទ​បញ្ចប់​ហើយ ពលរដ្ឋ​ខ្លះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ និង​មាន​ពលរដ្ឋ​ខ្លះ ត្រៀម​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ក្នុង​ពេលឆាប់២ ​នេះ ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ចូល​ធ្វើ​ការ។

អ្នកជំនាញផ្នែក​សុវត្ថិភាព​ចរាចរណ៍ នៃ​អង្គការ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ទទួល​ស្គាល់​ថា នៅរាល់ពេលមាន​ពិធី​បុណ្យទាន​ធំៗ ម្ដងៗ កំណើន​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា។ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ពិធី​បុណ្យ​ទាន​មាន​ការ​កាត់​បន្ថយ​ជាង​មុន​ខ្លះ ប៉ុន្ដែ​មិន​បាន​ថមថយ​ខ្លាំង​ទេ។ លោក គង់ រតនៈ បញ្ជាក់​ថា ដើម្បី​បញ្ចៀស និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​មាន​ការ​ចូល​រួម​ទាំង​ពលរដ្ឋ និង​សមត្ថកិច្ច គឺ​ពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឯ​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍៖ «»

របាយការណ៍​នគរបាល​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី១០ តុលា ត្រូវ​នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​ភ្ជុំបិណ្ឌ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៦នាក់​ស្លាប់ របួស​ធ្ងន់ ២៣នាក់ និង​របួស​ស្រាល ៩នាក់ បើ​ប្រៀបធៀប នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន អត្រា​គ្រោះថ្នាក់ និង​អ្នក​ស្លាប់ មាន​ចំនួន​ថយ​ចុះ។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ៣ថ្ងៃ ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ចាប់​ពី​ថ្ងៃ​ទី៨, ៩ និង១០ តុលា អ្នក​ស្លាប់​សរុប​មាន​ចំនួន ២៨នាក់ កើន​លើស​ឆ្នាំ​មុន ២​នាក់ របួស​ធ្ងន់ ៦៥នាក់ កើន​លើស​ឆ្នាំ​មុន ២នាក់ និង​របួស​ស្រាល មាន​ចំនួន ២០នាក់ ថយ​ចុះ​ជាង​ឆ្នាំ​មុន ៧នាក់។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​របាយការណ៍​ប៉ូលិស បង្ហាញ​ថា ដោយសារ​ការ​ប្រើប្រាស់​ល្បឿន​លឿន​ចំនួន ១៩ករណី ស្រវឹង​បើកបរ ៤ករណី ប្រជែង ៦ករណី មិន​ប្រកាន់​ស្ដាំ ៩ករណី មិន​គោរព​សិទ្ធិ ១០ករណី បត់​គ្រោះថ្នាក់ ៤ករណី និង​កត្តា​យានយន្ដ ១ករណី។

យានយន្ដ​ដែល​ខូចខាត ម៉ូតូ ៦៩គ្រឿង រថយន្ដ​ធុន​តូច ២៥គ្រឿង រថយន្ដ​ធុន​ធំ ៣គ្រឿង គោយន្ដ ២គ្រឿង ថ្មើរជើង ៨នាក់។

នាយសេនាធិការចម្រុះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមហឿន ដែល​ទទួល​បន្ទុក​រៀបចំ​កង​កម្លាំង​សម្រួល​ចរាចរណ៍​ក្នុង​ពិធី​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ឲ្យ​ដឹង​ថា កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ ២៤ម៉ោង ក្នុង​អំឡុង​មុន និង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ជួយ​សម្រួល​ចរាចរណ៍ និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង ត្រៀម​កម្លាំង​បន្ថែម​សម្រាប់​ជំនួយ ដល់​កង​កម្លាំង​នៅ​តាម​គោលដៅ៖

នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណៈការ ក៏​បាន​ផ្ដល់​សេវា​ឲ្យ​ពលរដ្ឋជិះរថយន្ដក្រុងសាធារណៈ និង​រថភ្លើង ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដោយ​អះអាង​ថា ដើម្បីកាត់បន្ថយការ​ចំណាយ​របស់​ពលរដ្ឋ ក៏​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។ ជា​មួយ​គ្នា​នេះ រថភ្លើង​មួយ​ខ្សែ​រត់​ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ភ្នំពេញ បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ម៉ោង​ប្រមាណ ​៧យប់ ថ្ងៃ​ទី៩ តុលា។ ទោះ​យ៉ាង​ណា សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​ចំនួន​អ្នក​គ្រោះថ្នាក់ និង​ចំនួន​នៃ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​មូលហេតុ​នៃ​ការ​បណ្តាល​ឲ្យ​រថភ្លើង​រត់​ធ្លាក់​ផ្លូវ នៅ​ខេត្ត​កំពង់​ឆ្នាំង ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។