អ្នក​​ជំនាញ​​និយាយ​​ថា​ រដ្ឋាភិបាល​គួរ​តែ​​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​​ផ្ទៃក្នុង​​ដើម្បី​​ការពារ​​ចារកម្ម​​ពី​​ក្រុមហ៊ុន​​បរទេស

0:00 / 0:00
Cambodia Youth join Training of IT by Huawei on 08_12_2021.jpg
យុវជន​កម្ពុជា ២០នាក់​ចូលរួមវគ្គបណ្តុះបណ្តាល​គម្រោង «គ្រាប់​ពូជ​ដើម្បី​អនាគត​» ឆ្នាំ២០២១ រៀបចំ​ដោយ​ក្រុមហ៊ុន​ចិន ហួវៃ (Huawei)​ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា)

អ្នកជំនាញថា​ កម្ពុជាគួរ​តែ​ពង្រឹងការ​ការ​ពារ​ពី​បទល្មើស​បច្ចេកវិទ្យា​ទំនើប​ និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ពី​ការ​លួចយកទិន្នន័យ​រដ្ឋាភិបាល​ពី​សំណាក់ចោរ​ព័ត៌មាន​វិទ្យា​ ឬ (Hacker)​ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈការ​អភិវឌ្ឍតាម​បែប​ប្រព័ន្ធឌីជីថល​ (Digital)។ អ្នក​ជំនាញ​បន្ត​ថា​ ប្រសិន​បើ​កម្ពុជា​ធ្វេស​ប្រហែស​បណ្តាល​ឱ្យ​ទិន្នន័យ​សម្ងាត់​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ណាមួយ​ផ្សេង​ទៀត​ នោះ​កម្ពុជា​នឹង​ប្រឈម​ជួប​បញ្ហាធ្ងន់ធ្ងរ​។

អ្នក​ជំនាញ​ប្រឹក្សា​យោបល់ផ្នែក​ឌីជីថល (Digital)​​ នៅ​តែ​​ដាស់តឿន​​ដល់រ​បបក្រុង​​ភ្នំពេញ​​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពី​ទំនាក់ទំនង​ក្នុង​ដំណើរ​ការ​អភិវឌ្ឍកម្ពុជា​តាម​បែប​ប​ច្ចេក​វិទ្យា​ទំនើប​ ជាមួយក្រុមហ៊ុន​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋចិន​ ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម ​និង​រងសម្ពាធ​ស្ថាន​ការណ៍​នយោបាយ​ពី​ប្រទេសលោកសេរី​។

អ្នកជំនាញឌីជីថល​ប្រចាំ​ក្រុមហ៊ុន​ឯកជន​មួយ​ ថ្លែង​សុំមិន​បញ្ចេញ​ឈ្មោះ​ ថា​ការ​អភិវឌ្ឍន៍​ប្រទេស​តាម​បែប​ប្រព័ន្ធបច្ចេកវិទ្យា​ វា​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ឱ្យ​កម្ពុជា​មានចរន្ត​សេដ្ឋកិច្ច​ដើរ​ទាន់​ប្រទេសដទៃ​។ ប៉ុន្តែលោកថា​ កម្ពុជា​មិន​ទាន់​មានធនធាន​និងមានយុទ្ធសាស្រ្ត​គ្រប់គ្រាន់នៅ​ឡើយ​ក្នុងការ​បង្ក្រាបបទល្មើសព័ត៌មានវិទ្យា​ ឬ (Hacker)​ ពីការលួច​ឈ្លប​យកការ​សម្ងាត់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយទេ​ ស្របពេល​ដែល​កម្ពុជា​គាំទ្រ​ក្រុមហ៊ុន​ដែលគ្រប់គ្រងដោយ​រដ្ឋអំណាចចិន​ ដើម្បី​ចូលរួមអភិវឌ្ឍជាតិ​។ លោកសង្កេតឃើញថា​ បទល្មើសព័ត៌មានវិទ្យា (Hacker)​ ឬ​អ្នកលួចយកព័ត៌​មាន​តាមប្រព័ន្ធអនឡាញ (Online)​​ កំពុង​រីក​លូតលាស់​​យ៉ាង​ឆាប់រហ័ស​​នៅ​ក្នុង​​សង្គម​កម្ពុជា​ ដូចជា​កន្លង​ទៅ​ ក៍ធ្លាប់​មានក្រុមឧក្រិដ្ឋ​ជនជនជាតិចិន​ជម្រិតទារ​ប្រាក់តាម​ប្រព័ន្ធអ៊ីនធឺណែត​ និង​លួចយកទិន្នន័យ​សម្ងាត់​របស់រដ្ឋាភិបាល​​កម្ពុជា​ផង​ដែរ​៖ «បទល្មើស​ការលួចយកទិន្នន័យ​ ឬ (Hacker)​ នៅ​សង្គមកម្ពុជា​មាន​ការរីកដុះដាល​ខ្លាំង​មែនទែន​ រឿងចាប់ជម្រិត​តាមប្រព័ន្ធអ៊ីនធឺណែត​ ហែកយក​ឌែលតា​ (Date)​ ហើយ​អគ្គស្នងការ​នគរបាល​បង្ក្រាប​បទល្មើស​គាត់​មិនមាន​យុទ្ធសាស្ត្រ​ ឬបច្ចេកវិទ្យា​ក្នុងការ​ទប់ស្កាត់​ពួកហែឃឺ ​​(Hacker)​ ចិន​​ចូល​​មក​​កម្ពុជា​​ទេ»​។

ការលើកឡើង​នេះ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​ថ្មីៗ នេះ​បាន​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ព័ត៌មានទូរគមនាគមន៍​និង​បច្ចេកវិទ្យាជំនាន់ថ្មី​នៅ​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុនចិនឈ្មោះ ហួវៃ (Huawei)​។

អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាលោក វ៉ាង វិនធាន (Wang Wentian)​​ ថ្លែង​កាលពីថ្ងៃទី៨​ ខែធ្នូថា​ កម្ពុជា​និង​ចិន គឺជាមិត្តដែកថែប​ ដូច្នេះ​ចិន​តែងតែ​ជួយ​ធ្វើ​ឱ្យ​មានការផ្លាស់ប្តូរ​រូបរាង​និង​អភិវឌ្ឍ​នូវ​ការច្នៃ​ប្រឌិត​ថ្មី​ផ្នែកសេដ្ឋកិច្ច ​និង​សង្គម​ដែល​តំណាង​ដោយ​សេដ្ឋកិច្ច​ឌី​ជី​ថល​ (Digital)​ និង​ការ​រួម​បញ្ចូល​រវាង​ព័ត៌មាន​ទូរគមនាគមន៍​ និង​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គមកម្ពុជា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​។

បន្ថែមពី​លើ​នេះ​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍កម្ពុជា​លោក ជា វ៉ាន់ដេត​ បានវាយ​តម្លៃខ្ពស់​ពី​គម្រោងរបស់ក្រុមហ៊ុនហួវៃ (HUAWEI)​ ដែល​បាន​ត​ភ្ជាប់​​រវាង​​សហគ្រាស​និង​គ្រឹះស្ថានអប់រំ​ បាន​ជួយបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​កាន់​តែ​ច្រើន​សម្រាប់​កម្ពុជា​។

ទោះជាយ៉ាងណា​ អ្នកជំនាញ​ដដែលបន្ថែម​ថា​ ប្រសិន​បើ​កម្ពុជា​ធ្វេសប្រហែស​ ឬ​មិនបាន​ដឹង​មុន​ពី​ការគ្រប់គ្រង​កម្ម​វិធី​នីមួយៗ ​ឬ software​​ រៀប​ចំ​​ឱ្យបាន​សុវត្ថិភាព​​ (security) នោះទេ​ នោះ​កម្ពុជា​នឹងអាច​ឱ្យ​ក្រុមចោរព័ត៌វិទ្យា ឬ (Hacker)​​ លួច​យក​ទិន្នន័យ​សម្ងាត់​​បាន​​ តាមរយៈ​ការ​លួចដាក់បន្ទះឈីប​សម្ងាត់​ដើម្បី​ទាញ​​ទិន្នន័យ​​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​កម្មវិធី​ប្រព័ន្ធ​ software នោះ​។ លោកបន្តទៀត ​កម្ពុជា​គួរ​តែរៀបចំឱ្យ​មាន​មន្ទីរពិសោធន៍​ផ្នែក​សន្តិសុខ​លើ​ក្រុមហ៊ុន Huawei ​ដើម្បី​​តាមដាន​ក្នុង​ប្រព័ន្ធ​ 5G​ និង​ឧបករណ៍​ប្រើប្រាស់​ដូចជា ​ទូរស័ព្ទ​របស់ក្រុមហ៊ុន Huawei​ ដើម្បី​ធានា​ថា ​មិន​មាន​ការ​លួចឈ្លប់​យកការ​សម្ងាត់​ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខជាតិ​៖ «កន្លងមក​មានវត្ត​មានជនជាតិ​ចិន​ក៍ច្រើន​ បន្ទាប់​មក​ក៍​មាន​វត្ត​មាន​យោធាចិន​ ហើយ​ក៍​មាន​លំហូរ​ប្រព័ន្ធ​បច្ចេកវិទ្យាចិន​ចូល​មក​កម្ពុជា​​យើង​ ចឹង​បាន​ន័យ​ថា​ ប្រព័ន្ធត្រូវបានគេ​គ្រប់គ្រង​រួច​បាត់ហើយ​»។

កាលពី​ថ្ងៃទី១២ ខែធ្នូ កន្លង​មក​នេះ ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកជំនាញ ក៏បាន​ជួប​ជជែក​គ្នា​លើក​ទី២០ ស្តីពី​​ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ (Data Protection and Privacy)​​រៀបចំ​ឡើង​​ដោយ​​អង្គការ Konrad-Adenauer-Stiftung-Cambodia (KAS) ​នៃ​ប្រទេស​អ​ល្លឺ​ម៉​ង់ដើម្បីធ្វើ​សេចក្តីព្រាង​ច្បាប់មួយ ​ស្តីពី​ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់។

អគ្គនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) លោក​ ផាន អូន ឱ្យដឹង​ក្នុង​ទំព័រហ្វេកប៊ុក (Facebook) ផ្លូវការថា កម្ពុជា​នឹង​បង្កើត​​ច្បាប់​​ស្តីពី​​ការការពារ​​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ សម្រាប់​អ្នកប្រើប្រាស់​ឱ្យ​បានយ៉ាងយូរបំផុតត្រឹម​​ឆ្នាំ២០២៥ ខាងមុខ។ លើកបន្តថា ការ​បង្កើត​ច្បាប់​នេះ នាយកដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធត្រូវការ​ការសិក្សាពី​គោលនយោបាយ​ច្បាប់​ដែលមាន​នៅក្នុង​ប្រទេស​ជាច្រើន និង​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ច្បាប់​នេះមាន​ប្រសិទ្ធភាព និង​អាច​ប្រើប្រាស់​បាន។ លោកបន្ថែមទៀតថា រាជដ្ឋាភិបាលត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ៥ឆ្នាំ ដើម្បី​ធ្វើការ​សិក្សា និង​តាក់តែង​ច្បាប់​នេះ ឱ្យ​លិច​ជា​រូបរាង​ឡើង​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដើម្បី​ធានា​ដល់​សិទ្ធិ និង​ផ្តល់​ទំនុក​​ចិត្ត ដល់​អ្នកប្រើប្រាស់ជាពិសេស​​អ្នកវិនិយោគ​នៅ​កម្ពុជា។

ក្នុងអំឡុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ (MOU) ជាមួយ​ក្រុមហ៊ុន ហួវ៉េ របស់រដ្ឋអំណាច​ចិន ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា 5G ស្របពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ញ៉ាមញី​ដោយ​រឿងអាស្រូវ​ថា ​បាន​លួចយកទិន្នន័យ​សម្ងាត់​ពី​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បានដាក់ទណ្ឌកម្ម​ក្រុមហ៊ុននេះ​ ដោយ​រឹតត្បិត​មិន​ឱ្យ​មានវត្តមានប្រព័ន្ធ 5G ​របស់ក្រុមហ៊ុន (Huawei)​ លើទឹកដីរបស់ខ្លួន​ ដោយសារ​តែ​ក្រុមហ៊ុ​នេះ​បានលួចទិន្នន័យសម្ងាត់​ពី​សហរដ្ឋអាមេរិក​ និង​​ដោយ​​សារ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ពី​បញ្ហាសន្តិសុខជាតិ​។

ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភាកន្លង​ទៅ ក្រសួងយុត្តិធម៌​អាមេរិកបានរកឃើញ​ចោរ​ព័ត៌មានវិទ្យា ឬ hacker ជនជាតិ​ចិន​ ៤នាក់ បានលួច​យក​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​យក​ទិន្នន័យ​ទន្លេ​មេគង្គ​ពី​ក្រសួង​ការបរទេស​កម្ពុជា នៅ​មុន​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង កាល​ពី​ដើម​ឆ្នាំ​២០១៨។ ប៉ុន្តែស្ថានទូនចិន​បដិសេធ​ជុំវិញ​រឿង​នេះ។ លើសពីនេះទៀត ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ ធ្វើឡើង​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) កាលពីខែមេសា រកឃើញ​ថា ក្រុមចោរព័ត៌មាន​វិទ្យា ឬ ហេកឃឺរ (Hackers) ដែល​សង្ស័យ​ជារួម​ថា ​ជាប់ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋចិន បាន​ធ្វើការ​វាយប្រហារ « ជាប្រចាំ »​និង​​« យូរអង្វែង »​ទៅ​លើ​​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ។

ទោះបីកម្ពុជា​ បាន​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​ទី​មួយ​ក្នុង​តំបន់​អាស៊ាន ដែល​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​បច្ចេកវិទ្យា 5G នេះ ជាមួយ​ក្រុមហ៊ុន ហួវៃ (Huawei)​ របស់​ចិនទាំងដឹង​ថា ក្រុមហ៊ុននេះមាន​កេរ្តិ៍ឈ្មោះ​​មិន​សូវ​ល្អ​លើ​​ឆាក​​អន្តរជាតិ អ្នក​វិភាគមួយចំនួន​ថា​ មិនមែន​ជារឿង​ចំឡែក​អ្វីទេ​ សូម្បី​តែ​ថ្មីៗ នេះ​ លោកហ៊ុន សែន​ ថែម​ទាំង​បានប្រកាសថា​ នឹង​ប្រមូលអាវុធ​របស់​សហរដ្ឋអាមេរិក​យក​ទៅ​ដុតកម្ទេចចោល​ទៀតផង​។ ទង្វើនេះ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយចាត់ទុក​ថា​ លោក ហ៊ុន សែន​ កំពុង​បង្ហាញ​ពី​ភក្កីភាព​ចំពោះ​របប​ក្រុង​ប៉េកាំង​ ធ្វើ​ជា​ខ្នងបង្អែក ​ដើម្បី​ប្រឆាំង​ប្រទេសលោកសេរី​ក្នុង​ការដាក់ទណ្ឌកម្ម​ រឿងបំផ្លាញប្រជាធិបតយ្យ​ និង​រំលោភសិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។