សំណើច​សន្តិភាព «ឆ្នាំ​២០១៧ រំលាយ​ព្រះអាទិត្យ​ មក​ដល់​​ឆ្នាំ២០២៤ ក្លាយ​ជា​ម្ចាស់​ព្រះអាទិត្យ»

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​រិះគន់​លើ​វិធាន​ការ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កក្កដាដែល​បាន​ប្រកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ឬ​ផ្ទាំង​សូឡា​ត្រូវ​ទៅ​ធ្វើ​ស្វ័យ​ប្រកាស​ប្រាប់​តំណាង​អគ្គិសនី​ជា​មុន​សិន។

អាជ្ញាធរ​អគ្គិសនី​អះអាង​ថា​ការ​ធ្វើ​ស្វ័យ​ប្រកាស​នេះ​ ដើម្បី​ចង់​ដឹង​ពី​ចំនួន​ពលរដ្ឋ​ប្រើប្រាស់​ និង​ការពារ​ ការ​ជ្រាប​ចរន្ត​ នៅ​ពេល​មាន​ការ​ត​បណ្ដាញ​នៅ​ក្បែរ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ដោយ​ត​ភ្ជាប់​ពី​បណ្តេញ​អគ្គិសនី​ជាតិ។

ទោះ​យ៉ាង​ណា​ក្តីអ្នក​ប្រើប្រាស់​បណ្តេញ​សង្គមថា រដ្ឋាភិបាល​ធ្វើ​បែប​នេះ​មិន​មែន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ​ផ្ទុយ​ទៅ​វិញ​គឺ​ជា​វិធី​ថ្មី​មួយ​ទៀត​ដើម្បី​សង្កត់​ក​ពលរដ្ឋ​បន្ថែម​លើ​ការ​ជំរិត​ទារ​ពន្ធ​និង​ករណី​ផ្សេងៗ​ ទៀត។

អ្នក​ប្រើ​បណ្តេញ​សង្គម​ ក្រោយ​ពី​ឃើញ​ប្រកាស​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អំពី​ការ​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​ពន្លឺ​ព្រះអាទិត្យ​ អ្នក​ដែល​ធ្លាប់​ប្រើ​ផ្ទាំង​សូឡា​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នោះ ​ពួកគាត់​ខ្លះ​ បាន​សម្រេច​ចិត្ត​ រុះរើ​បន្ទះ​សូឡា​ចេញ​ពី​ដំបូល​ផ្ទះ​វិញ ​ដោយ​ខ្លាច​រដ្ឋ​យក​ពន្ធ​ ឬ​ផាក​ពិន័យ​ជា​ដើម​។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា ខេង សៅ (Khéñġ Säō)៖ បាន​ផុស​រូប​ អំពូល​សូឡា ​និង​ចង្កៀង​ប្រេងកាត​ ដោយ​ដាក់​ចំណង​ជើង​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា គ្មាន​អ្វី​ល្អ​ដូច​របស់​ដូនតា​យើង​ទេ! ជា​មួយ​គ្នា​នោះ ​លោក​ក៏​បាន​សរសេរ​ នៅ​លើ​រូបភាព​ទាំង​ពីរ​នោះ​ផង​ដែរ​ថា លា​ហើយ​សូឡា ​ស្វាគមន៍​ចង្កៀង​ប្រេងកាត !

អ្នក​ខ្លះ​ទៀត​បញ្ចេញ​ទស្សនៈ​ថា សម្បត្តិ​ធម្មជាតិ​នៅ​លើ​លោក​នេះ​ ដូច​គ្មាន​អ្វី​សេសសល់​ខ្លះ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ​ដែល​ដាក់​ឈ្មោះ​ថា ព្រីម ផូមី (Prim Phoumy)៖ បាន​សរសេរ​ឌឺដង​ជុំវិញ​រឿង​នេះ​ដែរ​ថា « ថ្ងៃ​នេះ​អគ្គិសនី​កម្ពុជា​ហៅ​អ្នក​ប្រើ​ផ្ទាំងសូឡា​ឲ្យ​សុំ​ការ​អនុញ្ញាត។ តិច​លោ​ ថ្ងៃ​ស្អែក​រដ្ឋាករទឹក ហៅ​អ្នក​ប្រើ​ទឹក​ភ្លៀង​ទៅ​សុំ​ការ​អនុញ្ញាត​ដែរ​ទៅ ....? »

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ដែល​ដាក់​ឈ្មោះ​ថា ម៉ាក់ធារី ខ្មែរក្រោម៖ បាន​បញ្ចេញ​មតិ​ដោយ​ដាក់​ជា​សំណួរ​ថា «ព្រះអាទិត្យ​ជា​របស់​រដ្ឋ​គ្រប់គ្រង​ ចុះ​ខ្យល់​ព្យុះ​ ផ្គរ​រន្ទះ​បាញ់​ អ្នក​ណា​គ្រប់គ្រង​?

ប្រតិកម្ម​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ព្រមាន​ថា ​បើ​អ្នក​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ឬ​ផ្ទាំង​សូឡា​មិន​ធ្វើ​ស្វ័យ​ប្រកាស​ប្រាប់​តំណាង​អគ្គិសនី​ជា​មុន​សិន​នោះ​ទេ​ អ្នក​នោះ​នឹង​ត្រូវ​រង​ការ​បង់​ថ្លៃ​ប៉ះប៉ូវ ឬ​ផាក​ពិន័យ​ជា​ដើម។ ប៉ុន្តែ​ភ្លាមៗ​ ក្រោយ​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិញ​រឿង​នេះ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ បក​ស្រាយ​អំពី​សេចក្ដី​ប្រកាស​របស់​ខ្លួន​ និង​បញ្ជាក់​កែប្រែ​ជា​ថ្មី​ថា ប្រព័ន្ធ​សូឡា​ដែល​មិន​ភ្ជាប់​ជា​មួយ​ជា​បណ្ដាញ​អគ្គិសនី​ជាតិ​ ហើយ​ដែល​មាន​ទំហំ​ និង​អនុភាព​ចាប់​ពី​ ៨០វ៉ាត់​ រហូត​ដល់​ ១ពាន់​វ៉ាត់​ ឬ​លើស​ពី​នេះ​មិន​តម្រូវ​ឱ្យ​ធ្វើ​ស្វ័យ​ប្រកាស​ ឬ​ជូនដំណឹង​ដល់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឡើយ។

ទោះយ៉ាងណាក្តី​មាត្រា​៥៨​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ចែង​ថា​ ៖ ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជាអាទិ៍​ ដីធ្លី​ក្រោម​ដី​ ភ្នំ​បាត​សមុទ្រ​ក្រោម​បាត​សមុទ្រឆ្នេរ​សមុទ្រ​អាកាស ​កោះ ​ទន្លេ ​ព្រែក ស្ទឹង​ បឹង​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ វប្បធម៌​មូលដ្ឋាន​ការពារ​ប្រទេស​សំណង់​ផ្សេង​ទៀត​ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ​។​

តាម​រយៈ​មាត្រា​៥៨​នៃ​រដ្ឋធម្មនុញ្ញ​ អត់​មាន​រាប់​បញ្ចូល​ពន្លឺ​ព្រះអាទិត្យ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នោះ​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក ​ដែល​ដាក់​ឈ្មោះ​ថា៖ អ៊ំ ជ័យ បាន​មាន​ចម្ងល់​ថា «ចុះ បើ​ព្រះ​អាទិត្យ​ មិន​ឃើញ​មាន​ នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង​។ រឺ​គេ​ទើប​បង្កើតច្បាប់​ថ្មី​ នៅ​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាត្រា​ណា​ដឹង ​លោក​ ម្ចាស់...?​

អ្នក​ប្រើប្រាស់​បណ្តេញ​សង្គម​ម្នាក់​ទៀត​ដាក់​ឈ្មោះ​ថា អឿន សំ(Oeun Sum) បាន​បញ្ចេញ​ទស្សនៈ​ ឌឺ​ដង​ថា ពន្លឺ​ព្រះអាទិត្យ​ ជា​របស់​រដ្ឋ​ ខ្ញុំ​សំណូម​ពរ​រដ្ឋ​ជួយ​សារ៉េ ​កម្ដៅកម្ពុជា ​អាច​គ្រប់គ្រង​ព្រះអាទិត្យ​បាន​ហើយ​ បន្តិច​ទៀត​ទឹក​ ដី​ ភ្លើង​ ខ្យល់ ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ទាំង​អស់។

ចំណែក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត​ដែល​ដាក់​ឈ្មោះ​ថា​​ សុវណ្ណារ៉ា ឯម (Sovannara Em) ​ក៏​បាន​ពោល​​ចំអក​ ជុំវិញ​រឿង​គ្រប់គ្រង​ព្រះអាទិត្យ​នេះ​ដែរ​។

គាត់​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថាសំណើច​សន្តិភាព កាល​ពី​ឆ្នាំ២០១៧រំលាយ​ព្រះអាទិត្យ​ មក​ដល់ ២០២៤ក្លាយ​ជា​ម្ចាស់​ព្រះអាទិត្យ​វិញ!៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។