អាជ្ញាធរ​រក​ឃើញ​ទំនិញ និង​ចំណីអាហារ​ខូចគុណភាព​និង​មាន​សារ​ធាតុគីមី​ក្នុង​ពិធីបុណ្យ​អុំទូក

ដោយ មួង ណារ៉េត
2018-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​លក់​ទំនិញ​នានា​នៅ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
សកម្មភាព​លក់​ទំនិញ​នានា​នៅ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

អាជ្ញាធរ​ជំនាញ​រក​ឃើញ មាន​ទំនិញ​និង​ចំណីអាហារ​មួយ​ចំនួន​ខូចគុណភាព និង​មាន​សារធាតុ​គីមី កំពុង​ចរាចរ​លក់ដូរ​ក្នុង​ពិធីបុណ្យ​អុំទូក។ សង្គម​ស៊ីវិល​យល់ថា អាជ្ញាធរ​ជំនាញ​គួរតែ​អនុវត្ត​វិធានការ​បង្ក្រាប​អោយ​បាន​ទូលំទូលាយ​ជាង​នេះ និង​ធ្វើជា​ប្រចាំ​មិនមែន​ធ្វើ​តែមួយ​ពេលៗ​ឡើយ។ កាំកុងត្រូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម និង​មន្ត្រី មន្ទីរ​ពិសោធន៍ បាន​ចុះ​ត្រួត​ពិនិត្យមើល​ទំនិញ​និង​ចំណីអាហារ​មួយ​ចំនួន​ដែល​ដាក់​លក់​តាម​ស្តង់ និង​តាម​ដង​ផ្លូវ ចាប់ពី​ផ្សារ​រាត្រី រហូតដល់​មុខ​បទុមវតី ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ ពិធីបុណ្យ​អុំទូក​ថ្ងៃ​ដំបូង។

អនុប្រធាន​សាខា​កាំកុងត្រូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក តែ អ៊ិនលាង ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្ដី​ថា​ក្រុម​លោក​រក​ឃើញ​ថា ទំនិញ​និង​ចំណីអាហារ​មួយ​ចំនួន ខូចគុណភាព​និង​មាន​សារ​ធាតុគីមី ហើយ​ត្រូវ​ដកហូត​ទុក​ដើម្បី​កម្ទេច​ចោល ដូចជា​សាច់​ត្រី​បបែល និង​បបែល​ងៀត​ជាដើម​មាន​សារធាតុ​បូរ៉ាក់។ ក្រុម​ការងារ​ទាំងនោះ ក៏បាន​ពន្យល់ អ្នកលក់​និង ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ចាត់ វិធានការ​ទៅលើ​ទំនិញ​និង​ចំណីអាហារ​ខូចគុណភាព​នេះ មិន​គួរ​អនុវត្ត​តែ​នៅ​ក្នុង​ថ្ងៃបុណ្យ​អុំទូក ឡើយ ពោល​គឺ​តែ​អនុវត្ត​ច្បាប់​បែបនេះ​ជាប្រចាំ​និង​ទូលំទូលាយ ដូចជា​នៅ​តាម​ទី​សាធារណៈ គ្រឹះ ស្ថាន​អប់រំ​និង​ពិធីបុណ្យ ធំៗ រួម​ទាំង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ជាដើម៖ «វា​អាច​ថា កម្រិត​លក់ដូរ​ច្រើន ពិបាក​គ្រប់គ្រង ហើយ​ក្នុង​នោះ​ដែរ ក៏​ពាក់ព័ន្ធ​ជាមួយ​ភាព​អសកម្ម របស់​អាជ្ញាធរ​ដែរ ដែល​គាត់​មិនបាន​ត្រួតពិនិត្យ​អោយ​បាន​ទូលំទូលាយ ព្រោះ​គាត់​ចុះ​តែ​ពិនិត្យ​តែ​ម្តុំៗ​អ៊ីចឹង​ទៅ ហើយ​រក​ឃើញ។ ចុះបើ​ប្រតិបត្តិ​ការណ៍​ទូទាំង​ប្រទេស គេ​ហៅថា ធ្វើសង្គ្រាម​ប្រឆាំង​ផលិតផល​ហួស​សុពលភាព អ៊ីចឹង​វា​នឹង​បាន​ផល​ធំ​ប៉ុណ្ណា»

លោក សន ជ័យ បន្ថែម​ថា អាជ្ញាធរ​គួរតែ ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ដោយ​ស្វែងរក​មេខ្លោង ឬ​ក្រុមហ៊ុន​នាំចូល និង​ក្រុមហ៊ុន​ផលិត​ធំៗ​ក្នុងស្រុក យក​មក​ផ្ដន្ទាទោស ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​ពិតជា​បាន​ធ្វើ​ល្មើសច្បាប់​មែន​នោះ មិនមែន​គ្រាន់តែ​វិធានការ​ត្រឹមតែ​ដកហូត និង​ធ្វើ​តែ​ទៅលើ​អ្នក​លក់​ដូរ​តូចៗ​នោះ​ទេ៖ «បើ​ចង់​ចាប់​ចោរ​គេ​ត្រូវ​រក​មេ គេ​ចាប់​កូនចៅ ដើម្បី​រក​តម្រុយ​នោះ​ទេ ហើយ យើង​សម្លឹង​មើល​ពួក​ធំៗ​ហើយ​ម្យ៉ាងវិញទៀត ជូន​កាល​ពួក​ចែកចាយ​បន្ត​ក៏​ពួកគាត់​រងគ្រោះ​ដែរ ដោយ​ពួកគាត់​មិន​សូវ​មាន​ចំណេះដឹង និង​ដោយសារ​គាត់​ឃើញ​តម្លៃ​ថោក ទើប​គាត់​ទិញ​មក​លក់​បន្ត»

លោក សន ជ័យ យល់​ថា ទំនិញ និង​ចំណីអាហារ​ខូចគុណភាព​នេះ ភាគច្រើន​ប៉ះពាល់​ខ្លាំង​ទៅលើ អ្នកក្រ និង​កុមារ ដោយសារ​ពួកគេ​ពុំ​មាន​ចំណេះដឹង និង​គ្មាន​លទ្ធភាព​ទិញ​នៅ​កន្លែង​ល្អៗ​។ ក្នុង​ពិធី បុណ្យអុំទូក​នេះ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​ដើរ​កម្សាន្ត និង​ទិញ​អាហារ​តាម​ដង​ផ្លូវ និង​ទិញ​ទំនិញ​តាម​ស្តង់ ដោយសារ​មានតម្លៃ​ថោកៗ។

កន្លងមក លោក ហ៊ុន សែន បាន​បន្ទោស​ពលរដ្ឋ​ថា មិន​ចេះ​មើល​បន្លែ​និង​ចំណីអាហារ​គីមី​ខ្លួនឯង​ទេ ហើយ​បែរជា​បន្ទោស​តែ​លើ​រដ្ឋាភិបាល។ សម្ដី​របស់​លោក ហ៊ុន សែន បាន​បណ្ដាល​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ប្រតិកម្ម​ថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​បម្រើ​ពលរដ្ឋ ហើយ​កំពុង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល