សង្គមស៊ីវិលមើលឃើញថា វិធានការរបស់អាជ្ញាធរក្នុងការបង្ក្រាប និងលុបបំបាត់សិប្បកម្មផលិតស្ករត្នោត និងទំនិញក្លែងក្លាយ ហាក់ដូចជាយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាពនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មណែនាំឲ្យមន្ទីរទាំងអស់ចុះស្រាវជ្រាបិទសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយនៅទូទាំងប្រទេសកម្ពុជា។
សុវត្ថិភាពចំណីអាហារ និងរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរកំពុងតែញាំញីដោយរបស់ក្លែងក្លាយ និងលាយសារធាតុគីមី ដែលប្រឈមនឹងផលប៉ះពាល់សុខភាពប្រជាជនយ៉ាងធ្ងន់ធ្ងរបំផុត។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រទេសកម្ពុជា នៅមិនទាន់ដោះស្រាយបញ្ហាដែលអាចទទួលយកបានពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយទាំងអស់នេះនៅឡើយទេ រហូតមកដល់ពេលនេះ៖ «ផលិតផលក្លែងក្លាយនេះ គឺនៅប្រទេសណាក៏មានដែរ តែគេមានប្រើវិធានការបង្ក្រាបទ្រង់ទ្រាយធំ ហើយគេធ្វើអោយរបស់ក្លែងក្លាយទាំងនោះ កាន់តែធ្លាក់ចុះទាបទៅៗ។ ប៉ុន្តែប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងផ្លូវមួយមិនសូវល្អ ឬអាក្រក់ដែរ ទាក់ទងនឹងរបស់ ឬទំនិញក្លែងក្លាយ ដូចជាឱសថក្លែងក្លាយ ហើយឥឡូវនេះស្ករត្នោតក្លែងក្លាយ»។
ការលើកឡើងនេះ គឺបន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី១២ ខែធ្នូ បានចេញលិខិតបញ្ជាឲ្យមន្ទីរ លុបបំបាត់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរខេត្តរកឃើញថា មានទីតាំងផលិតស្ករត្នោតក្លែងក្លាយ ២៥កន្លែងនៅខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ លិខិតនោះឲ្យដឹងថា ស្ករត្នោតក្លែងក្លាយនេះ គឺផលិតចេញពីស្ករស ឬសារធាតុផ្សេងទៀត ហើយបានកែច្នៃទៅជាស្ករដែលមានពណ៌ និងក្លិនដូចគ្នានឹងស្ករត្នោត ហើយធ្វើចរាចរណ៍លើទីផ្សារបន្លំជាស្ករត្នោតខ្មែរមែនទែន។ ក្រសួងដដែលចាត់ទុកថា ការផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ដែលកំពុងទទួលស្គាល់ជាសាធារណៈទាំងក្នុងនិងក្រៅប្រទេស។
ប្រធានសមាគមផលិតស្ករត្នោតខេត្តកំពង់ស្ពឺ លោក សុំ សារឿន សម្ដែងការសាទរដែលក្រសួងជំនាញបិទសិប្បកម្មផលិតស្ករត្នោតទាំងនេះ។ លោកថា ការបិទសិប្បកម្មស្ករត្នោតក្លែងក្លាយនេះ នឹងនាំឲ្យផលិតផលស្ករត្នោតពិតប្រាកដអាចមានទីផ្សារច្រើនឡើងវិញ៖ «ស្ករត្នោតខាងខ្ញុំអត់បញ្ហាទេ ដោយសារគេស្គាល់ច្បាស់ហើយឥឡូវនេះ កសិករយើងមុននឹងហូបគឺសួរថា ស្ករនេះផលិតពីខាងណា និងមានគោលដៅច្បាស់លាស់អត់?ក្រោយពេលបិទស្ករត្នោតក្លែងក្លាយនេះ នឹងនាំស្ករត្នោតធម្មជាតិពិតកាន់តែមានទីផ្សារ ហើយកសិករកាន់តែមានកម្លាំងកាយចិត្តផលិតបន្ថែមទៀត»។
គិតត្រឹមខែធ្នូនេះ អាជ្ញាធរបានបិទសិប្បកម្មផលិត និងការចរាចរផលិតផលក្លែងក្លាយជាបន្តបន្ទាប់។ ក្រៅពីបិទផលិតផលស្ករត្នោតក្លែងក្លាយដែលបានចែកចាយរាប់ឆ្នាំមកហើយនោះ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានបិទសិប្បកម្មផលិតសម្បកសាច់ក្រកខុសច្បាប់ដ៏ធំមួយនៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានផលិតចេញពីពោះវៀនជ្រូក ពោះវៀនចៀម ដែលខូចគុណភាព និងប្រើថ្នាំគីមីគ្មានច្បាប់អនុញ្ញាត។ ចំណែកនៅថ្ងៃទី១៣ ខែធ្នូ អាជ្ញាធរក៏បានបិទសិប្បកម្មភ្នំមាស នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានផលិតគ្រឿងបរិភោគច្រើនមុខ មានទាងពីទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ និងទឹកក្បុងជាដើម ក្នុងមួយថ្ងៃៗចន្លោះពី ១ម៉ឺន ៥ពាន់ ដប ទៅ ២ម៉ឺនដប ដែលប្រើប្រាស់សារធាតុគីមី និងគ្មានស្តង់ដារ រួចហើយលក់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ស្របពេលដែលមានផលិតផលក្នុងស្រុកក្លែងក្លាយ លក់ដូរអនាធិបតេយ្យនេះ ប្រទេសកម្ពុជា ក៏នាំចូលទំនិញខូចគុណភាពពីប្រទេសជិតខាងដែរ ជាពិសេសប្រទេសវៀតណាម ដូចជាបន្លែ ផ្លែឈើ ត្រីសាច់រាប់ពាន់តោនក្នុង១ថ្ងៃៗ។ នេះមិនទាន់រាប់បញ្ចូលដល់ការនាំចូលថ្នាំពេទ្យ គ្រឿងសម្អាង ឡេ ម្សៅក្លែងក្លាយជាច្រើនតោនទៀតនោះផង។
លោក សន ជ័យ យល់ថា ការផលិត និងការចរាចរទំនិញក្លែងក្លាយទាំងនេះ ដោយសារវិធានការបង្ក្រាបរបស់អាជ្ញាធរមានភាពយឺតយ៉ាវ ឬមិនសូវតឹងរ៉ឹងដូចវែកចក។ លោកថា ករណីខ្លះដុះស្លែ ឬអង្ករក្លាយទៅជាបាយ ទើបឃើញមានអាជ្ញាធរចុះទប់ស្កាត់។ ដើម្បីដោះស្រាយបញ្ហានេះ លោកស្នើក្រសួងជំនាញដែលគ្រប់គ្រប់ការផលិត និងទំនិញ គួរតែបង្កើតក្រុមការងារអន្តរក្រសួងមួយ សម្រាប់កម្ចាត់ទំនិញក្លែងក្លាយនៅកម្ពុជា៖ «ខាងអន្តរក្រសួងនោះ គួរតែមានវិធានការរួម ហើយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់វិធានការបង្ក្រាប ហើយវិធានការនេះវាគួរតែតាំងពីថ្នាក់ជាតិ រហូតថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ-សង្កាត់។ ក្រៅពីនេះ ត្រូវមានវិធានការហ្មត់ចត់ ច្បាស់លាស់ និងមានថវិកាសម្រាប់ប្រើប្រាស់ ពោលគឺមិនអាចឃើញមួយករណីធ្វើមួយករណីដូចវែកចកនោះទេ»។
ទោះយ៉ាងណាក្តី កន្លងមកមិនត្រឹមតែមិនយកចិត្តទុកក្នុងការទប់ស្កាត់ការផលិត និងចរាចរទំនិញក្លែងក្លាយនោះទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាម៉ែជាឪក្នុងការមើលខុសត្រូវសុខុមាលភាពពលរដ្ឋទូទៅ ថែមទាំងទម្លាក់កំហុសនេះទៅលើប្រជាពលរដ្ឋខ្លួនឯងដែលមិនចេះមើល។ លោក ហ៊ុន សែន ស្ដីបន្ទោសថា ពលរដ្ឋមិនចេះប្រយ័ត្នខ្លួនឯងបែរជាមកចោទរដ្ឋាភិបាលឯណាឯណោះទៅវិញ៖ «សុំត្រឡប់ទៅវិញ សុំពលរដ្ឋរួមគ្នាពហិការកុំទិញរបស់ណា អ្នកលក់ណាដែលដាក់លក់ដោយមានសារធាតុគីមី។ ខ្ញុំមានពេលខ្លះ ខ្ញុំថា ដូចជាពេកហើយ! មិនដឹងទេអី! សំណូមពរខ្លះដូចជាជ្រុលពេកហើយ ក្រែងទិញខ្លួនឯង ស្លខ្លួនឯង បែរជាបន្ទោសតែរដ្ឋាភិបាលមួយមុខ»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៤៦ ចែងថា រដ្ឋត្រូវហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតលក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ ហួសរយៈពេលប្រើដែលប៉ះពាល់សុខភាព និងអាយុជីវិតអ្នកប្រើ។ ចំណែកមាត្រា ៧២ ចែងថា សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា រដ្ឋាភិបាលហាក់មិនបានយកចិត្តទុកដាក់ ធានាសុខភាពពលរដ្ឋកម្ពុជា នោះទេ ដែលបណ្ដោយឲ្យទំនិញគេចពន្ធផុតសុពលភាព និងមានសារធាតុគីមីលក់នៅស្រុកខ្មែរដោយសេរីច្រើនឆ្នាំមកហើយ បង្កឲ្យប៉ះពាល់ដល់សុខភាព និងខាតបង់ប្រយោជន៍របស់ពលរដ្ឋធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
