កសិករ​ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​រឿង​តម្លៃ​កៅស៊ូ និង​ម្រេច​ចុះថោក

យន់ សាមៀន
2018.08.04
Share on WhatsApp
Share on WhatsApp
ចម្ការ​ម្រេច ត្បូងឃ្មុំ ២០១៧ ៨៥៥ ចម្ការ​ម្រេច​របស់​កសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ងាប់​ជា​បន្តបន្ទាប់​ដោយ​មិន​ទាន់​ដឹង​មូលហេតុ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាកសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​រឿង​តម្លៃ​ជ័រកៅស៊ូ និង​ម្រេច​ចុះថោក​យ៉ាង​គំហុក​បន្ថែម​ទៀត​ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មក ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​ជំនាញ​កសិកម្ម យល់ថា របប​លោក​ហ៊ុន សែន អសមត្ថភាព​ជួយ​ជ្រោមជ្រែង​កសិករ ដោយ​ទម្លាក់កំហុស​ទៅ​លើ​បញ្ហា​ទីផ្សារ​អន្តរជាតិ​ទៅវិញ។

ប្រជាកសិករ ត្អូញត្អែរ​ថា ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ជីវភាព​ពួកគាត់​កាន់តែ​ជួប​ការ​លំបាក ដោយសារ​តែ​តម្លៃ​កសិផល​ចុះថោក​ជា​បន្តបន្ទាប់ ដូចជា​ដំណាំ​កៅស៊ូ ម្រេច និង​ដំឡូង​មី​ជាដើម ស្រប​ពេល ដែល​របប​លោក ហ៊ុន សែន តែងតែ​សន្យា​ដដែលៗ​ថា នឹង​ជួយ​រក​ទីផ្សារ​កសិកម្ម​និង​ជួយ​កសិករ​ឲ្យ​មាន​ជីវភាព​ធូរធារ​ក្ដី។

កសិករ​ដាំ​ម្រេច និង​កៅស៊ូ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក កាន ឈាង រៀបរាប់​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ តម្លៃ​ជ័រកៅស៊ូ និង​ម្រេច​កាន់តែ​ចុះថោក​ទៅៗ ជាពិសេស​ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា​បោះ ឆ្នោត ថ្មីៗ​នេះ​តែម្ដង គឺ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក។ «»

កសិករ​រូប​នេះ បន្ថែម​ថា ដំណាំ​ម្រេច​និង​ជ័រកៅស៊ូ គឺ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​វៀតណាម ហើយ​ស្រេច​តែ​វៀតណាម​ឲ្យ​តម្លៃ​ប៉ុណ្ណោះ ព្រោះ​របប​លោក ហ៊ុន សែន ពុំ​បាន​គិត​គួរ​អន្តរាគមន៍​អំពី​រឿង​ទាំងនេះ​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​តម្លៃ​ម្រេច និង​កៅស៊ូ​ធ្លាក់​ចុះ​ដូច្នេះ បាន​ធ្វើ​ឲ្យ​អ្នកភូមិ​ជាច្រើន​សម្រេច​ទុក​ដំណាំ​ម្រេច​ឲ្យ​ងាប់​ចោល ហើយ​ខ្លះ​ទៀត​កាប់​ដើម​កៅស៊ូ​លក់​អស់ ដើម្បី​ដោះ​បំណុល​ធនាគារ និង​យក​ដី​ដាំ​ដំណាំ​ផ្សេងៗ​ជំនួស​វិញ។ «»

កសិករ​នៅ​ស្រុក​មេមត់​ម្នាក់ទៀត លោក គ ឆាយ ដែល​មាន​ចម្ការ​កៅស៊ូ ៣​ហិកតារ និង​មាន​ដំណាំ​ម្រេច​តិច​តួច រៀបរាប់​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ជួយ​អន្តរាគមន៍​ទៀត​ទេ គឺ​ប្រជាកសិករ​គ្មាន​ជម្រើស​ផ្សេង ក្រៅពី​លក់​ដី​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក្តី កសិករ​រូប​នេះ ហាក់​អស់​សង្ឃឹម​ទៅលើ​របប​លោក ហ៊ុន សែន ដោយសារតែ​ពុំ​ដែល​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​នោះ​ទេ បាន​ត្រឹម​តែ អួត​ក្ដែងៗ​ដាក់​ទូរទស្សន៍​ប៉ុណ្ណោះ។ «»

កសិករ​ម្នាក់ទៀត​នៅ​ស្រុក​តំបែរ លើកឡើង​ថា តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ចុះ ព្រោះ​មានតែ​ទីផ្សារ​ប្រទេស​វៀតណាម​មួយ។ លោក​បន្ត​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មាន​រោងចក្រ​កែច្នៃ ឬ​មាន​ទីផ្សារ​នាំចេញ​ច្រើន គឺ​អាច​ធ្វើ​ឲ្យ​កសិករ​មាន​ជីវភាព​ប្រសើរ ព្រោះ​ជ័រកៅស៊ូ​អាច​មាន​តម្លៃ​ខ្ពស់។ «»

ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង ៧​ម៉ឺន​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ ភាគច្រើន​អះអាង​ថា ពួកគាត់​កាប់​ដើម​កៅស៊ូ​លក់​ទៅ​អោយ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ជា​បន្តបន្ទាប់។ កសិករ​ខ្លះ​មិន​ត្រឹមតែ​កាប់​ដើម​កៅស៊ូ​លក់​ទេ រហូតដល់​លក់​ដី​ចម្ការ​តែម្ដង ហើយ​ឈ្មួញ​ដែល​ទិញ​ដី​ខ្លះ​គេ​សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម​ដែល​ចេះ​និយាយ​ខ្មែរ ព្រោះ​បើ​លក់​ឲ្យ​ខ្មែរ ក៏​គ្មាន​ពលរដ្ឋ​ណា​មាន​លុយ​ទៅ​ទិញ​ដែរ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ប៉ុល សុផា មាន​ប្រសាសន៍​ថា តម្លៃ​ជ័រ​កៅស៊ូ មិនមែន​ចុះ ថោក​តែ​កម្ពុជា​នោះ​ទេ។លោក​ថា តម្លៃ​ជ័រកៅស៊ូ ចុះ​ថោក​គឺ​ដោយសារ​បញ្ហា​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ លោក​បដិសេធ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​វិធី​ជួយ​ដោះស្រាយ​កម្មករ​ឡើយ។ «»

ចាប់ពី​ឆ្នាំ​២០១២ រហូត​មក តម្លៃ​ជ័រកៅស៊ូ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ពី​ជាង​៣​ពាន់​ដុល្លារ មក​នៅ​ត្រឹម​ចម្លោះ​ពី ៨០០​ដុល្លារ ឬ​ជាង ១.២០០​ដុល្លារ​ក្នុង​មួយ​តោន នា​ឆ្នាំ​២០១៦។ បន្ទាប់មក​តម្លៃ​កៅស៊ូ បាន​កើន​ឡើងវិញ​បន្តិច​នៅ​ដើម​ឆ្នាំ​២០១៧ ប៉ុន្តែ​តម្លៃ​កៅស៊ូ និង​ម្រេច ក៏​ចាប់ផ្ដើម​ធ្លាក់​គំហុក​ម្តង​ទៀត នៅ​ចុង​ឆ្នាំ​២០១៧ ដល់ ឆ្នាំ​២០១៨ នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​អំពី​ការ​ធ្លាក់​ថ្លៃ​ម្រេច​និង​កៅស៊ូ ប៉ុន្តែ​ថា កសិផល​ដទៃ​ក៏​មាន​តម្លៃ​កើន​ឡើង​វិញ​ដែរ។ លោក សុខ ឥសាន បន្ត​ថា របប​លោក ហ៊ុន មាន ផែនការ​វែង និង​ខ្លី រួម​ទាំង​មាន​វិធានការ​នានា​ទាំងអស់ ប៉ុន្តែ​ដោយសារ​កម្ពុជា​មិនមែនជា​ប្រទេស​ធំ និង​រឹងមាំ​ខាង​សេដ្ឋកិច្ច​នោះ គឺ​កម្ពុជា មិន​អាច​ធ្វើ​ម្ចាស់​ការ​ទាំងស្រុង​ខ្លួនឯង​បានទេ គឺ​ត្រូវតែ​រណប​ទីផ្សារ​ខាងក្រៅ​មួយ​ចំនួន។ «»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ជំនាញ​កសិកម្ម និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​តម្លៃ​ទីផ្សារ​កសិផល​របស់​ប្រជាកសិករ​ប្រែប្រួល​ចុះ​ថោក ដោយសារតែ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​វៀតណាម ហើយ​របប​លោក ហ៊ុន សែន គ្មាន​គោលការណ៍​ជួយ​គាំទ្រ​កសិករ និង​ទុក​កសិករ​ចោល​តែម្ដង។ បន្ថែម​ពី​នេះ​របប​លោក ហ៊ុន សែន ក៏​គ្មាន​គោលការណ៍​គាំទ្រ និង​បង្កើត​ឲ្យ​មាន​សប្ប​កម្ម ឬ​ឧស្សាហកម្ម​កែច្នៃ​ដែរ។ ទន្ទឹម​គ្នា​នេះ​ទៀតសោត កសិករ​ខ្លួនឯង ក៏​មិន​ចង​គ្នា​ជា​ក្រុម ឬ​ជា​សហគមន៍​ដើម្បី​សហការ​គ្នា។ លោក​បន្ត​ថា ការ​ទម្លាក់​កំហុស​តែ​ទៅលើ​បញ្ហា​ទីផ្សារ​អន្តរជាតិ​នេះ គឺ​អាច​ជា​ការ​គេចវេះ​ពី​ការ​ទទួលខុសត្រូវ និង​បង្ហាញ​ថា រដ្ឋាភិបាល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​កសិករ។ «»

លោក យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា ប្រទេស​ដទៃ ក៏​ជួប​បញ្ហា​តម្លៃ​កៅស៊ូ និង​ម្រេច​ស្រដៀង​កម្ពុជា​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​គេ តែងតែ​ចេញ​អន្តរាគមន៍​ជួយ​កសិករ​របស់​គេ​ជានិច្ច មិនមែន​ដូច​កម្ពុជា​ទុក​កសិករ​ចោល​នោះ​ឡើយ។

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ មើល​ឃើញ​ដែរ​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សមត្ថភាព​ប្រកួតប្រជែង​របស់ កសិករ​ខ្មែរ​ជាមួយ​កសិករ​ប្រទេស​ដទៃ គឺ​កាន់តែ​ធ្លាក់​ចុះ ដូច្នេះ​កសិករ​ខ្មែរ​ជាច្រើន បាន​បង្ខំចិត្ត​កាប់​ដើម​កៅស៊ូ​លក់ ហើយ​អ្នក​ខ្លះ​ទៀត​លក់​ដី និង​បង្ខំចិត្ត​ចំណាកស្រុក​ធ្វើ​កម្មករ​នៅ​ស្រុក​គេ​ជាដើម។ លោក​បារម្ភ​ថា និន្នាការ​បែបនេះ នឹង​អាច​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម ឆ្លៀតឱកាស​យក​ដី​កម្ពុជា តាម​តំបន់​ជិត​ព្រំដែន​ដើម្បី​ធ្វើ​កសិកម្ម​តាម​រូបភាព​ផ្សេង។ លោក​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​បន្ត​គាំទ្រ​នយោបាយ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ទៀត គឺ​នឹង​ជួប​ស្ថានភាព​ធ្ងន់ធ្ងរ​បែបនេះ​ដដែល ហើយ​មិន​អាច​បន្ទោស​អ្នកណា​បានទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។