មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា សាក្សីបានបំភ្លឺថា នៅយប់កើតហេតុ ក្រុមគ្រួសារម្ចាស់ផ្ទះ និងញាតិមិត្តមានគ្នាជិត ២០នាក់ បានជួបជុំគ្នាបរិភោគអាហារ និងផឹកស្រារហូតដល់ម៉ោង១២យប់ ទើបអ្នកខ្លះបានចាកចេញទៅផ្ទះរៀងខ្លួន នៅសល់តែសមាជិកគ្រួសារម្ចាស់ផ្ទះ និងបងប្អូន មានក្មេងចាស់ដេកនៅផ្ទះកើតហេតុនោះ។
លោកបន្តថា រហូតដល់ម៉ោងប្រមាណ ២ទៀបភ្លឺ ភ្លើងឆេះរាលដាលឡើង ខណៈពេលដែលអ្នកនៅផ្ទះនោះកំពុងដេកលក់ ទើបបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើន ជាពិសេសក្មេងដែលមិនអាចរត់ចេញពីផ្ទះបាន៖ «ពេលគាត់សម្រាកហ្នឹង ស្រវឹងខ្លាំង ដល់ពេលស្រវឹងខ្លាំង អត់ដឹងខ្លួនថាភ្លើងឆេះផ្ទះឆេះអ្វីទេ ហើយភ័យស្រវេស្រវាតែចេញមកអត់រួចទេតូចៗដែលមានអាយុ ១៨ឆ្នាំ មានអាយុ ១២ឆ្នាំ មានអាយុ ៧ឆ្នាំ ៥ឆ្នាំ។ អាលោតតាមបង្អួចរួចដោយសារអាហ្នឹងធំជាងគេ វាលោតចុះមកហ្នឹង វាត្រូវរបួស។ ចំពោះម្តាយ គាត់ស្រវេស្រវាទាញជញ្ជាំងចេញអាឆេះៗធ្លាក់មករងរបួសរលាកភ្លើងរត់រួច ហើយក្រៅពីហ្នឹងឆេះ អត់រួច»។
ស្នងការប៉ូលិសខេត្តរតនគិរី លោក ញ៉ែម វ៉ាន្នី មានប្រសាសន៍ថា ប៉ូលិសរកឃើញថា មូលហេតុអគ្គីភ័យនេះបណ្ដាលមកពីភ្លើងកន្ទុយបារីដែលអ្នកផឹកស៊ីបានបោះចោលមកក្រោមផ្ទះ ក៏បង្កឲ្យមានភ្លើងឆេះឆ្លងទៅលើកាដុងប្រេងសាំង និងកាដុងជ័រទឹក ដែលនៅក្រោមផ្ទះនោះ ធ្វើឲ្យភ្លើងឆាបឆេះកាន់តែខ្លាំឡើង។
សម្ភារៈខូចខាតរួមមាន ម៉ូតូ ២គ្រឿង កង់ ២គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រកាត់ឈើ ១គ្រឿង ខ្សែកប្រាំជី ១ខ្សែ ក្រវិល ១គូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។