អ្នកនេសាទនៅភាគឦសាន បារម្ភខ្លាចត្រីប៉ាសេអ៊ី ផុតពូជ បន្ទាប់ពីមានការអភិវឌ្ឍតាមដងទន្លេទាំងបី រួមមាន ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលបណ្ដាលឲ្យមានការប្រែប្រួលចរន្តទឹក ជាពិសេសការប្រើឧបករណ៍នេសាទខុសច្បាប់។ បញ្ហាទាំងនេះ ជាកត្តារួមផ្សំចម្បងបណ្ដាលឲ្យប្រភេទត្រីកម្រមួយចំនួន ដែលមានតម្លៃខ្ពស់កាន់តែខ្សត់ស្ទើរផុតពូជ។ ចំណែកមន្ត្រីជំនាញផ្នែកបរិស្ថាន ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចាត់ចំណាត់ថ្នាក់អភិរក្សប្រភេទត្រីប៉ាសេអ៊ី និងប្រភេទត្រីកម្រមួយចំនួនទៀតឲ្យមានប្រសិទ្ធភាព ដើម្បីធានាពីនិរន្តរភាពនៃប្រភេទត្រីកម្រនៅថ្ងៃអនាគត។
ក្រុមអ្នកនេសាទ សម្ដែងការព្រួយបារម្ភអំពីវាសនាត្រីកម្រនៅខេត្តស្ទឹងត្រែង គឺត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីប៉ាកក ឬត្រីថ្ម ដែលប្រឈមផុតពូជ។ ប្រជានេសាទចាត់ទុកថា ត្រីប៉ាសេអ៊ី គឺជាប្រភេទត្រីកម្រ មានតម្លៃខ្ពស់លក់លើទីផ្សារ ដែលប្រភេទត្រីនេះមានរសជាតិឆ្ងាញ់។
អ្នកនេសាទ អាចប្រមូលផលត្រីប៉ាសេអ៊ី បានតែតាមដងទន្លេខេត្តភាគឦសាន ដូចជាទន្លេស្រែពក ទន្លេសេកុង និងទន្លេសេសាន។
ប្រជានេសាទរស់នៅឃុំស្រែគរ ស្រុកសេសាន លោក សុត វ៉ាន់ មានជំនឿថា ការថយចុះនៃប្រភេទត្រីប៉ាសេអ៊ី គឺជាសញ្ញាឲ្យដឹងថា ត្រីនេះអាចនឹងផុតពូជ ប្រសិនស្ថាប័នពាក់ព័ន្ធមិនយកចិត្តទុកដាក់អភិរក្សត្រីកម្រនេះឲ្យទាន់ពេលនោះទេ។ លោកថា នៅចុងខែវិច្ឆិកា នេះជារដូវសម្បូរត្រីប៉ាសេអ៊ី ប៉ុន្តែឆ្នាំនេះ ភាគច្រើនអ្នកនេសាទមិនអាចចាប់បានត្រីប៉ាសេអ៊ី ដូចបណ្ដាឆ្នាំមុនៗឡើយ៖ «ខ្ញុំបារម្ភរឿងផុតពូជត្រី រកវាត្រីពិបាកទឹកវាមិននឹងន។ ខ្ញុំដាក់សន្ទូចដាក់មងទិញគេខ្លះ មិនឃើញបាន»។
លោក សុត វ៉ាន់ បង្ហាញទុទ្ទិដ្ឋិនិយមថា មិនមែនត្រីប៉ាសេអ៊ី ប៉ុណ្ណោះទេ សូម្បីតែត្រីផ្សេងទៀតដែលសម្បូរនៅក្នុងទន្លេកាលពីប៉ុន្មានឆ្នាំមុននេះ ក៏មានការថយចុះរាល់ឆ្នាំដែរ។ លោកលើកឡើងថា ការអភិវឌ្ឍនៅតាមដងទន្លេ ជាពិសេសទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម ទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងទំនប់វារីអគ្គិសនីនៅប្រទេសឡាវ គឺជាមូលដ្ឋានចម្បងបណ្ដាលឲ្យធនធានត្រីក្នុងទន្លេរងផលប៉ះពាល់ធ្ងន់ធ្ងរ។ លោក សុត វ៉ាន់ បញ្ជាក់ថា ត្រីប៉ាសេអ៊ី បានថយចុះប្រមាណ ៩០% នាឆ្នាំនេះ ព្រោះកម្រមានអ្នកនេសាទចាប់បានត្រីនេះដូចឆ្នាំមុនៗណាស់។ លោកថា ប្រជានេសាទខ្លះបានដាក់មងក្នុងមួយថ្ងៃមិនអាចចាប់បានត្រីប៉ាសេអ៊ី សូម្បីតែ ១ក្បាល។
ប្រជានេសាទកត់សម្គាល់ថា ត្រីប៉ាសេអ៊ី រស់នៅតំបន់សម្បូរថ្ម ស្លែ និងអន្លង់ជ្រៅៗ ដែលមន្ត្រីជំនាញនៅមិនទាន់មានលទ្ធផលស្ដីពីការស្រាវជ្រាវនៃការវិវឌ្ឍពងកូនរបស់ត្រីនេះឡើយ តែគេអាចប្រមូលផលត្រីប៉ាសេអ៊ី បានចាប់ពីខែវិច្ឆិកា ដល់ខែមករា ខែកុម្ភៈ និងចន្លោះខែឧសភា ដល់ខែមិថុនា រៀងរាល់ឆ្នាំ។ ដោយឡែកវគ្គដំបូងនៃការប្រមូលផលឆ្នាំនេះ អ្នកនេសាទកត់សម្គាល់ថា ត្រីប៉ាសេអ៊ី កាន់តែខ្សត់ទៅៗ បើធៀបផលត្រីកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៣។
ដូចគ្នានេះដែរ អាជីវករកំពុងអង្គុយលក់ត្រីប៉ាសេអ៊ី ផ្សារថ្មខេត្តស្ទឹងត្រែង គឺអ្នកស្រី ជា ចំរើន និយាយថា ត្រីប៉ាសេអ៊ី នៅឆ្នាំនេះមិនអាចផ្គត់ផ្គង់ទីផ្សារដល់អតិថិជនបានគ្រប់គ្រាន់ឡើយ ខណៈកាន់តែខ្សត់ជាងឆ្នាំមុន ដោយសារតែចំនួននៃអ្នកនេសាទត្រីនេះក៏កាន់តែតិចទៅដែរ។ អ្នកស្រីថា តម្លៃត្រីប៉ាសេអ៊ី តាមទំហំត្រី ដូចជាប្រភេទត្រីប៉ាសេអ៊ី តូចល្មមទម្ងន់កន្លះគីឡូក្រាម តម្លៃចាប់ពី ៦ម៉ឺនរៀលដល់ ៧ម៉ឺនរៀល។ ប្រភេទត្រីទម្ងន់ ១គីឡូក្រាមឡើងទៅតម្លៃ ១០ម៉ឺនរៀល (២៥ដុល្លារ) ដល់ ១៤ម៉ឺនរៀល ឬ ៣៥ដុល្លារ។ អ្នកស្រីក៏បារម្ភពីការផុតពូជនៃប្រភេទត្រីនេះដែរ ខណៈប្រជានេសាទខេត្តស្ទឹងត្រែង បង្ហាញសញ្ញាអវិជ្ជមានទាក់ទិនការធ្លាក់ចុះទិន្នផលនេសាទឆ្នាំនេះ៖ «មុនថាក៏ថ្លៃ។ ដល់ពេលឥឡូវ វាក៏ចុះថោក ដល់ពេលចុះថោក វាតម្លៃ ២០ដុល្លារទៅ ២៥ដុល្លារ។ ត្រីជួនកាលវាឡើងមិនដើមឆ្នាំចឹងតាមត្រូវ ជួនកាលត្រូវ ២ ទៅ ៣ថ្ងៃបាត់អត់ទៅវិញដែរ»។

កាលពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ អ្នកនេសាទនៅតាមដងទន្លេទាំងបីនៃខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ជាពិសេសពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងបី បានបង្ហាញមោទនភាពចំពោះមច្ឆជាតិដងទន្លេ ដែលផ្តល់នូវភាពសម្បូរត្រីជាច្រើនប្រភេទ មិនដូចបច្ចុប្បន្ននោះឡើយ។ ពលរដ្ឋអាចនេសាទជាលក្ខណៈគ្រួសារចាប់ត្រីសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចំណាយប្រាក់ទិញនៅទីផ្សារ ហើយមានអ្នកភូមិខ្លះ អាចរកចំណូលពីការនេសាទជាលក្ខណៈគ្រួសារ និងសល់លក់ចេញទៅទីផ្សារទៀតផង។
កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៣ ត្រីប៉ាសេអ៊ី ទម្ងន់មួយគីឡូក្រាមឡើងទៅមានតម្លៃប្រមាណ ១៦ម៉ឺនរៀលទៅ ២០ម៉ឺនរៀល (៤០ ទៅ ៥០ដុល្លារ) និងត្រីប៉ាសេអ៊ី ទម្ងន់តិចជាងកន្លះគីឡូក្រាមមានតម្លៃ ៥ម៉ឺនរៀលដល់ ៧ម៉ឺនរៀលនៅលើទីផ្សារខេត្តស្ទឹងត្រែង។
មន្ត្រីសម្របសម្រួលនៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ទទួលស្គាល់ការធ្លាក់ចុះត្រីប៉ាសេអ៊ី នេះ ដោយសារថា តំបន់អូរព្រះ ឬអន្លង់ព្រះ គឺជាចំណុចប្រសព្វគ្នារវាងទន្លេសេសាន និងទន្លេស្រែពក ជាតំបន់សម្បូរថ្ម និងដង្ហើមទឹកហូរធម្មជាតិ មានអុកស៊ីហ្សែនខ្ពស់។ លោកថា នៅតំបន់នោះជាអន្លង់ត្រីប៉ាសេអ៊ី រស់នៅ ក៏ប៉ុន្តែតំបន់នោះឋិតនៅផ្នែកខាងលើនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ កំពុងសាងសង់ ដែលបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមជីវិតរបស់ត្រីប៉ាសេអ៊ី រស់នៅទីនោះ។ លោក មៀច មាន កត់សម្គាល់ថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាបោកគ្រាប់បែក ប្រើចរន្តអគ្គិសនីឆក់ត្រី និងឧបករណ៍ដាក់របាំងរាំងព្រួល ឬអួនទន្លេ ក៏ជាបញ្ហាបំបាត់ពូជត្រីដែរ។ លោករកឃើញថា ចរន្តទឹកប្រែប្រួល និងគុណភាពទឹកទន្លេល្អក់ ភ្លៀងធ្លាក់មិនទៀងទាត់ រួមទាំងការប្រើប្រាស់សារធាតុគីមីនៅក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីពងកូន៖ «បើសិនណាបើរដ្ឋាភិបាលយើងយកចិត្តទុកដាក់ ត្រីប៉ាសេអ៊ី នេះ យើងគួរតែចេញច្បាប់ ឬចេញអនុក្រឹត្យណាមួយហាមឃាត់ កាត់នេសាទត្រីប៉ាសេអ៊ី ហ្នឹងទៅទើបអាចគង់វង្សបាន»។
លោក មៀច មាន ព្យាករថា ប្រភេទត្រីប៉ាសេអ៊ី នឹងឈានដល់ការផុតពូជ បើរដ្ឋាភិបាល ឬសហគមន៍នេសាទមិនមូលគំនិតគ្នា ដើម្បីធ្វើការអភិរក្សនៅតំបន់ណាមួយឲ្យជាក់លាក់ ដើម្បីធានាពីការបង្កកំណើតរបស់ត្រីប្រភេទនេះ។ លោករកឃើញថា ទន្លេសេសាន នឹងមានហានិភ័យខ្ពស់ដល់ការរស់នៅ និងបន្លាស់ទីរបស់ត្រីប្រភេទនេះ ដោយសារមានទំនប់វារីអគ្គិសនី៖ «ការនេសាទខុសច្បាប់ ការឆក់នៅក្នុងអន្លង់ត្រីពងកូនរបស់ត្រីប៉ាសេអ៊ី ហ្នឹង ពពួកត្រីប៉ាសេអ៊ី គឺមានតែតំបន់ភូមិភាគឦសានទេ។ ដែលជម្រករបស់វា ទន្លេស្រែពក និងទន្លេសេកុង មួយចំនួន។ ឥឡូវទំនប់សេសានក្រោមពីរ ត្រូវបានសាងសង់ឡើង បានបាត់ជម្រកប៉ាសេអ៊ី បាត់ហើយ។ កន្លែងដែលត្រីប៉ាសេអ៊ី អាចរំពឹងបាននៅថ្ងៃអនាគត គឺមានតែទន្លេសេកុង ទេ»។
ករណីនេះដែរ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ប៉ែន ឈុនឌី ក៏ទទួលស្គាល់បរិមាណត្រីប៉ាសេអ៊ី ថយចុះត្រី បើធៀបនឹងបណ្ដាឆ្នាំកន្លងទៅ។ លោកទទួលស្គាល់ដែរថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីមានការប្រែប្រួលបរិស្ថានដល់ទន្លេផ្នែកខាងក្រោម ដែលជាមូលហេតុសំខាន់នាំឲ្យបរិមាណត្រីកាន់តែធ្លាក់ចុះ។ លោកបញ្ជាក់ថា មន្ត្រីជំនាញក៏ធ្លាប់បានផ្សព្វផ្សាយច្បាប់ជលផលដល់សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល ទាក់ទិនការនេសាទ ជាពិសេសការហាមឃាត់មិនឲ្យនេសាទនៅអន្លង់អភិរក្ស៖ «ពពួកត្រីប៉ាសេអ៊ី វាចូលចិត្តរស់នៅក្នុងតំបន់ណាដែលមានថ្មច្រើន មានស្លែ វាស៊ីស្លែ។ ត្រីហ្នឹងលក្ខណៈជីវសាស្ត្ររបស់វា វាអត់មានបន្លាស់ទីទៅខេត្តក្រោមទេ វានៅតែតំបន់ខេត្តស្ទឹងត្រែង ហ្នឹង»។
ត្រីប៉ាសេអ៊ី ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើជានិមិត្តសញ្ញាសម្គាល់ខេត្តស្ទឹងត្រែង ដែលគេដាក់តាំងនៅទីរួមខេត្តសម្រាប់ឲ្យភ្ញៀវទេសចរបានឃើញ និងស្គាល់ថា រូបត្រីនេះជានិមិត្តរូបខេត្តនេះ។ ម្យ៉ាងទៀត ដើម្បីបង្ហាញពីសក្ដានុពលត្រីមានតម្លៃពិសេសជាងខេត្តដទៃទៀត ដែលមានរសជាតិឆ្ងាញ់។ ក្រៅពីនេះទៀត ចំពោះសិប្បករវិញ បានឆ្លាក់រូបត្រីប៉ាសេអ៊ី ធ្វើពីឈើមានតម្លៃពិសេស គឺឈើគ្រញូង ដាក់តាំងលក់នៅលើទីផ្សារជាវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ និងជានិមិត្តសញ្ញាខេត្តស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។