គយ​ខេត្ត​ព្រះសីហនុ​ចាប់​បាន​ភ្លុក​ដំរី​ជាង​កន្លះ​តោន​ដែល​នាំ​ចូល​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៤

ដោយ ដែន អយុធ្យា
2016-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្លុក​ដំរី​ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​​ផ្ទុក​​អីវ៉ាន់​​មួយ នា​​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។
ភ្លុក​ដំរី​ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​​ផ្ទុក​​អីវ៉ាន់​​មួយ នា​​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ចាប់​បាន​ភ្លុក​ដំរី​ជាង​កន្លះ​តោន (៦១៣​គីឡូក្រាម) ដែល​ឈ្មួញ​លួច​ដាក់​បង្កប់​ក្នុង​កុងតឺន័រ​ដឹក​ពោត។ កុងតឺន័រ​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​តាម​ច្រក​កំពង់ផែ​នេះ កាល​ពី​ឆ្នាំ​២០១៤ ហើយ​ត្រូវ​ម្ចាស់​ទុក​ចោល​មិន​ចូល​ខ្លួន​មក​បំពេញ​បែបបទ​នាំ​ចេញ​អស់​រយៈពេល ២​ឆ្នាំ​កន្លង​មក។

ប្រធាន​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ លោក គិន លី បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា នា​សាល​ប្រជុំ​កំពង់ផែ​ថា ស្ថាប័ន​លោក​បាន​ត្រួត​ពិនិត្យ​កុងតឺន័រ​ចំនួន ២ ដែល​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ទំនើប ឬ​ម៉ាស៊ីន​ស្កែន បង្ហាញ​សង្ស័យ​មាន​ភ្លុក​ដំរី​បង្កប់​ក្នុង​បាវ​ពោត​ដាក់​ក្នុង​កុងតឺន័រ។ លោក​បន្ត​ថា ការ​ត្រួត​ពិនិត្យ​ជាក់ស្ដែង ដោយ​មាន​វត្តមាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​តុលាការ​ជាដើម បាន​រក​ឃើញ​ថា កុងតឺន័រ​មួយ​ក្នុង​ចំណោម​កុងតឺន័រ​ទាំង​ពីរ មាន​បង្កប់​ភ្លុក​ដំរី​ជាង ៦០០​គីឡូក្រាម ហើយ​ត្រូវ​ម្ចាស់​ទុក​ចោល។

លោក​បញ្ជាក់​ថា ភ្លុក​ដំរី​ដែល​ត្រូវ​គេ​ឆែក​ឃើញ​កុងតឺន័រ​​នេះ គឺ​ត្រូវ​គេ​បង្កប់​ក្នុង​បាវ​ពោត ហើយ​ត្រូវ​ស្ថាប័ន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ថត​ឃើញ ឬ​ស្កែន​ឃើញ​តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។

លោក គិន លី បន្ថែម​ថា ការ​ទន្ទឹង​រង់ចាំ​ជួប​ម្ចាស់​កុងតឺន័រ​ដឹក​ពោត ហើយ​មាន​បង្កប់​ភ្លុក​ដំរី​នេះ គឺ​មាន​រយៈពេល ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​ម្ចាស់​ទំនិញ ឬ​ម្ចាស់​កុងតឺន័រ មាន​បង្កប់​ភ្លុក​ដំរី​នេះ​មក​បំពេញ​បែបបទ​យក​អីវ៉ាន់​ចេញ​ទេ ទើប​ពេល​នេះ​ស្ថាប័ន​លោក​បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​បើក​កុងតឺន័រ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ហើយ​រក​ឃើញ​ភ្លុក​ដំរី​ជាង ៦០០​គីឡូក្រាម។

​លោក​អះអាង​ថា ភ្លុក​ដំរី​ទាំង​នេះ ត្រូវ​ឈ្មួយ​បន្លំ​បង្កប់​ក្នុង​បាវ​ពោត​នាំ​ចូល​ពី​ទ្វីប​អាហ្វ្រិក (Africa) ដោយ​ឆ្លង​កាត់​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត៖ «យើង​បាន​រង់ចាំ​ម្ចាស់​ទំនិញ​មក​បំពេញ​បែបបទ​នាំ​យក​ទំនិញ​ចេញ​ពី​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ អស់​រយៈពេល ២​ឆ្នាំ នៅ​តែ​មិន​ឃើញ​គេ​មក​យក ទើប​ស្ថាប័ន​នេះ​អនុវត្ត​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​គយ ដែល​និយាយ​ពី​ទំនិញ​នាំ​ចូល​គ្មាន​ការ​ទាមទារ ហើយ​គយ​ក៏​បាន​ជូន​ដំណឹង​ទៅ​ម្ចាស់ ឬ​ក្រុមហ៊ុន​ឲ្យ​មក​នាំ​យក​ទំនិញ​ចេញ ប៉ុន្តែ​មិន​មាន​តំណាង​ក្រុមហ៊ុន ឬ​ម្ចាស់​មក​បំពេញ​បែបបទ​នាំ​ទំនិញ​ចេញ​នោះ​ទេ»

ភ្លុក​ដំរី​ជាង​កន្លះ​តោន (៦១៣​គីឡូ​ក្រាម)  ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​ទុក​អីវ៉ាន់​មួយ​នា​​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។
ភ្លុក​ដំរី​ជាង​កន្លះ​តោន (៦១៣​គីឡូ​ក្រាម) ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​ទុក​អីវ៉ាន់​មួយ​នា​​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។ Photo: RFA

លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ទំនិញ​ប្រភេទ​ភ្លុក​ដំរី​នេះ លែង​ឃើញ​នាំ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ទៀត​ទេ រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​លោក​ចាប់​បាន​កាល​ពី​ឆ្នាំ​២០១៤។

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង ដែល​ចូលរួម​សហការ​ឆែក​កុងតឺន័រ ហើយ​រក​ឃើញ​ភ្លុក​ដំរី​បង្កប់​ខាង​ក្នុង​បាវ​ពោត​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា។ លោក​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​នឹង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ព្រោះ​ម្ចាស់​កុងតឺន័រ​មាន​បង្កប់​ភ្លុក​ដំរី​នេះ មាន​អាសយដ្ឋាន​ត្រឹមត្រូវ​ដែល​អាច​ឈាន​ដល់​តុលាការ​មាន​ពន្លឺ​ចាត់ការ​បន្ត​តាម​នីតិវិធី។

​ទាក់ទិន​បញ្ហា​នេះ លោក គិន លី  ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ថា ការ​នាំចូល​ភ្លុក​ដំរី​ដូច​គ្នា​នេះ ស្ថាប័ន​លោក​ធ្លាប់​ចាប់​បាន​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០១៤ ដោយ​ចាប់​បាន​ភ្លុក​ដំរី​ជាង ៣​តោន ស្មើ ១០៨​កញ្ចប់ បង្កប់​ក្នុង​កុងតឺន័រ​សណ្ដែក ដែល​ឈ្មួញ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល