ស្ត្រី​កូដករ​ណាហ្គាវើលដ៍ ៤នាក់ ដែល​អាជ្ញាធរ​តាម​រក​ចាប់​ខ្លួន​អះអាង​ថា ពួក​គេ​នឹង​ចូល​បំភ្លឺ​តុលាការ​ក្រោយ​ចត្តាឡីស័ក​

0:00 / 0:00

ស្ត្រី​កូដករ ៤នាក់ ដែល​ជា​កម្មករ​ណាហ្គាវើលដ៍ ចេញ​មុខ​បកស្រាយ​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ពួក​គេ​មិន​បាន​គេចវេះ​ការ​តាម​ចាប់​ខ្លួន​ពី​ខាង​សមត្ថកិច្ច ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។ ពួកគេ​អះអាង​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោយ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រួចរាល់​តាម​វិធាន​សុខាភិបាល។ សង្គម​ស៊ីវិល​ ចាត់​ទុក​ដីកា​​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចោទ​ក្រុម​កម្មករ​ថា រារាំង​វិធាន​សុខាភិបាល​នេះ គឺ​ជា​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ និង​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពួក​គេ ដែល​បាន​ទៅ​ផ្ដល់​សំណាក​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ហើយ​នោះ។

កម្មករ​និយោជិត​ណាហ្គាវើលដ៍ ៤នាក់ លើក​ឡើង​ដូច​គ្នា​ថា ខាង​រដ្ឋបាល​តុលាការ និង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ មិន​បាន​ទាក់​ទង​ទៅ​ពួក​គាត់​ឲ្យ​បាន​ដឹង​អំពី​ដីកា​នាំ​ខ្លួន ឲ្យ​ចូល​បំភ្លឺ​ករណី​រារាំង​វិធាន​សុខាភិបាល ត្រង់​មាត្រា​ទី​១១ នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ នោះ​ទេ។

កម្មករ​ណាហ្គាវើលដ៍​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​កញ្ញា អេង ស្រីបូ ឲ្យ​ដឹង​ថា លោកស្រី​មិន​បាន​ចូល​រួម​ធ្វើ​កូដកម្ម ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ មករា រហូត​មក​ ដោយ​សារ​មាន​ធុរៈ​ផ្ទាល់ខ្លួន។ កញ្ញា​បន្ត​ថា កញ្ញា​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​សាលា​រាជធានី​ភ្នំពេញ​ចំនួន​ ១០​ថ្ងៃ​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រហ័ស​ ដោយ​លទ្ធផល​អវិជ្ជមាន កាល​ពី​ថ្ងៃ​ទី៦ កុម្ភៈ។

កម្មករ​រូប​នេះ​បញ្ជាក់​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​របស់​តុលាការ ព្រោះ​កញ្ញា​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «មែន​ទែន​ទៅ ខ្ញុំ​បាន​ផុស​វីដេអូ​នេះ​នៅ​ក្នុង​អគ្គស្នងការ​ជាតិ​តែ​ប៉ុណ្ណោះ។ ហើយ​អត់​បាន​ផ្ដល់​ព័ត៌មាន​មក​ដល់​រូប​ខ្ញុំ​ផ្ទាល់​ទេ។ ហេតុ​អ្វី​មាន​ប្រើ​ពាក្យ​ថា ​រូប​នាង​ខ្ញុំ​គេចវេះ និង​ប្រើ​ពាក្យ​ថា ចាប់​ខ្លួន។ ដោយ​សារ​ដីកា ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី១៩ កុម្ភៈ ឆ្នាំ២០២២ ផង​ដែរ។ អ៊ីចឹង ! ខ្ញុំ​ចេញ​វីដេអូ​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​និង​សាធារណជន​ បាន​ដឹង​ឲ្យ​បាន​ជ្រាប​។ សូម​អរគុណ !»។

កម្មករ​ម្នាក់​ទៀត គឺ​កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ កុម្ភៈ​ថា កម្មករ​ដែល​ធ្វើ​កូដកម្ម​ទាំង​អស់​មិន​ជំទាស់ ឬ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩ របស់​ក្រសួង​សុខាភិបាល​ទេ​ ក្រោយ​ពេល​ក្រសួង​សុខាភិបាល​​តម្រូវ​ឲ្យ​ក្រុម​កូដករ​ទៅ​ផ្ដល់​សំណាក​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ។

កញ្ញា បន្ត​ថា ​ក្រសួង​ទុក​ពេល​ឲ្យ​កម្មករ ៣ថ្ងៃ​ទៅ​ធ្វើ​តេស្ត ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ កុម្ភៈ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង​ ហេង បែរ​ជា​ចេញ​ដីកា​ទាំង​យប់​ឲ្យ​សមត្ថកិច្ច​ចាប់​កូដករ​ជា​បុរស ៣នាក់ ទៅ​សាក​សួរ​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​បន្ត​ចាប់​ខ្លួន​កញ្ញា និង​កូដករ ៣នាក់​ទៀត​ទៅ​វិញ។

កញ្ញា​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ គំរាមកំហែង បំបាក់​ស្មារតី​ក្រុម​កូដករ​ត​ទៅ​ទៀត​ព្រោះ​ថា ការ​ធ្វើ​កូដកម្ម​ជាង ១ខែ​កន្លះ​កន្លង​មក​នេះ គឺ​គ្រាន់​តែ​ទាមទារ​ឲ្យ​មានការ​ដោះលែង​តំណាង​សហជីព ៨នាក់​ត្រឡប់​មក​វិញ និង​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង ៣រយ​នាក់​ចូល​ធ្វើ​ការ​វិញ មិន​គួរ​បង្កើត​រឿង​រ៉ាវ​ជា​ច្រើន​លាប​ពណ៌​មក​លើ​ក្រុម​កម្មករ​ណាហ្គាវើលដ៍​បែប​នេះ​ឡើយ៖ «ខ្ញុំ​សូម​ឲ្យ​អយ្យការ​ មុន​នឹង​ចូល​ទៅ​បំភ្លឺ​រឿង​ហ្នឹង។ ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​បំភ្លឺ​រឿង​អី ព្រោះ​ថា​ជាក់​ស្ដែង ភស្តុតាង​នៅ​លើ​គោក។ ពួក​ខ្ញុំ​មិន​បាន​រារាំង​ទេ។ ពួក​ខ្ញុំ​ព្រម​ចូល​ខ្លួន​ទៅ​ផ្ដល់​សំណាក។ មក​ដល់​ថ្ងៃ​នេះ បុគ្គលិក​កម្មករ​យើង​ទៅ​ធ្វើ​សំណាក​ជា​បន្ត​បន្ទាប់​ទៀត​ដែរ។ មក​ថា​ខ្ញុំ​រារាំង រារាំង​កន្លែង​ណា។ សូម​ទម្លាក់​បទ​ចោទ​ហ្នឹង។ សូម​ទម្លាក់​ការ​ហៅ​ខ្ញុំ​ចូល។ កោះ​ហៅ​ខ្ញុំ​ចូល​ សូម​ចេញ​ដីកា​កោះហៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ផង ព្រោះ​ខ្ញុំ​ក៏​បាន​ដំណឹង​មក​ថា បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ហ្នឹង​មាន​ចំនួន​លើស​លុប​ដែល​បញ្ជូន​មណ្ឌល​ធ្វើ​ចត្តាឡីស័ក។ ហើយ​បុគ្គលិក​ដែល​កំពុង​ព្យាបាល​ក៏​មាន​ទៅ​ព្យាបាល​នៅ​អូឡាំពិក​ហ្នឹង​ដែរ។ អ៊ីចឹង​ក្រុមហ៊ុន ក៏​ត្រូវ​តែ​កោះ​ហៅ​ទៅ​សួរ​ដែរ ពី​ការ​រារាំង​ដែរ ព្រោះ​វិធានការ​ក្រុមហ៊ុន​កាល​ពី​មុន​មក គឺ​មិន​បាន​អនុវត្ត​ខ្ជាប់​ខ្ជួន ដូច​អ្វី​ដែល​ក្រសួង​កំពុង​តែ​ឲ្យ​កូដករ​អនុវត្ត​ទេ»។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​ទៅ​តាម​ឈ្មោះ ដែល​បាន​កំណត់ ចំណែក​ការ​ជូន​ដំណឹង ឬ​ទាក់​ទង​ទៅ​ពួក​គាត់​នោះ គឺ​ជា​ចំណាត់​ការ​ខាង​រដ្ឋបាល​របស់​តុលាការ៖ «ធម្មតា នៅ​ពេល​មាន​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន សមត្ថកិច្ច​គឺ​អនុវត្ត​តាម​ហ្នឹង​ហើយ។ ឲ្យ​តែ​ឃើញ​បុគ្គល​ហ្នឹង គឺ​អនុវត្ត​តាម​ជាក់​ស្ដែង។ អនុវត្ត​តាម​ច្បាប់ អនុវត្ត​តាម​ដីកា។ យើង​មាន​ដីកា​ក្នុង​ដៃ។ ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​តាម​ព្រះរាជ​អាជ្ញា ឥឡូវ​យើង​កំពុង​តែ​ស្វែង​រក​។ ពេល​ដែល​យើង​ឃើញ យើង​នាំ​ខ្លួន​បញ្ជូន​ទៅ​តុលាការ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​រឿង​នេះ ពី​អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី៨ កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ព្រះ​រាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​កម្មករ​ណាហ្គាវើដល៍​ដែល​ធ្វើ​កូដកម្ម ចំនួន ៧នាក់ កាល​ពី​ថ្ងៃ​ទី៥ កុម្ភៈ ទៅ​សាក​សួរ​នៅ​ការិយាល័យ​ប្រឆាំង​ភេវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី១៩ កុម្ភៈ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង រារាំង​ដល់​ការ​អនុវត្ត​វិធានការ​សុខាភិបាល។

ក្នុង​ចំណោម​នោះ សមត្ថកិច្ច​ចាប់​ខ្លួន លោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធិ និង​លោក សោក សម្បត្តិ នៅ​យប់​ថ្ងៃ​ទី៥ កុម្ភៈ ក្រោយ​ពេល​ពួក​គេ​ចេញ​ពី​កន្លែង​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ សមត្ថកិច្ច​​បាន​បញ្ចប់​ការ​សាកសួរ​កូដករ​ទាំង ៣នាក់ ដោយ​កសាង​សំណុំ​រឿង​បញ្ចូល​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​រារាំង​ដល់​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

ទាក់​ទង​នឹង​រឿង​នេះ ប្រធាន​សមាគម​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា ករណី​ចាប់​ខ្លួន​កូដករ ដោយ​យក​ហេតុ​ផល​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩ នេះ គឺ​ជា​រូប​ភាព​ថ្មី​មួយ​ទៀត ដោយ​អាជ្ញាធរ និង​តុលាការ ចង់​បំបាក់​ស្មារតី​ក្រុម​កូដករ​ណា​ហ្គាវើដល៍ កុំ​ឲ្យ​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ទៀត។

លោក​បន្ត​ថា ការ​ប្រើ​ចំណាត់​ការ​បែប​នេះ មិន​មែន​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ទេ ផ្ទុយ​ទៅ​វិញ វា​រឹត​តែ​បង្ក​ឲ្យ​មាន​ភាព​ឈឺ​ចាប់ និង​រឿង​អយុត្តិធម៌​កាន់​ច្រើន​ឡើង ចំពោះ​ពួក​គាត់​ទៅ​វិញ។ លោក​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ងាក​មក​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​ដោយ​ភាព​ស្មោះត្រង់ និង​តាម​ច្បាប់៖ «រឿង​នេះ រដ្ឋាភិបាល​គួរ​តែ​ងាក​ទៅ​រក​ការ​ដោះស្រាយ​ដោយ​ធ្វើ​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ឈប់​ការ​ចាប់​ខ្លួន​ត​ទៅ​ទៀត។ កុំ​យក​បញ្ហា​កូវីដ​ហ្នឹង​ទៅ​ដាក់​បន្ទុក​លើ​កូដករ​ទាំង​អស់​ហ្នឹង​ត​ទៅ​ទៀត។ យើង​ដោះលែង​ហើយ ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​ដោយ​ឈរ​លើ​ច្បាប់ យក​ច្បាប់​ការងារ​ជា​ធំ ដើម្បី​ដោះស្រាយ។ អា​ហ្នឹង​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​ភាគី​ទាំង​សងខាង»។

ក្រុម​កូដករ​ ដែល​ជា​បុគ្គលិក​កម្មករ នៅ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ អះអាង​ថា ​ពួកគេ​មិន​បាន​រារាំង​វិធានការ​របស់​អាជ្ញាធរ​ឡើយ។ ក្រោយ​បញ្ចប់​ការ​អនុវត្ត​តាម​ក្រសួង​សុខាភិបាល ពួកគេនឹងបន្ត​ការ​តវ៉ា​ដោយ​អហិង្សា​ត​ទៅ​ទៀត ដើម្បី​អោយ​មាន​ការ​ដោះលែង​តំណាង​សហជីព ៨នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ ព្រម​ទាំង​កូដករ​ផ្សេង​ទៀត ដែល​ទើប​ចាប់​ខ្លួន និង​បញ្ចប់​វិវាទ​រវាង​ពួក​គេ និង​ភាគី​ក្រុមហ៊ុន ដោយ​យុត្តិធម៌។

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើ​សកម្មភាព​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​រួម​គ្នា​ដាក់​លិខិត​ចំហ​ជូន​ក្រសួងមហាផ្ទៃ និង​រដ្ឋសភា ក្នុង​គោលបំណង​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​នូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨រូប ដែល​តុលាការ​កំពុង​ឃុំខ្លួន និង​កូដករ ៣នាក់ ដែល​តុលាការ​ចោទ​រឿង​រារាំង​វិធាន​សុខាភិបាល ដោយ​​ទម្លាក់​ចោល​នូវ​ការ​ចោទប្រកាន់​ទៅ​លើ​ពួក​គេ។ ពួក​គេ​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​ភាព​ស្មោះ​ត្រង់ យុត្តិធម៌ តម្លាភាព និង​តាម​ច្បាប់​ស្ដីពី​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។