កម្មករ​រោងចក្រ​ប្រឈម​នឹង​បំណុល​កាន់តែ​កើន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់

កម្មករ​រោងចក្រ​មួយ​ចំនួន ប្រឈម​នឹង​បំណុល​កាន់តែ​កើន​ក្នុង​ពេល​រដ្ឋាភិបាល បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បណ្តាល​ឱ្យ​ប៉ះពាល់​ការងារ និង​ប្រាក់ចំណូល​។ ពួកគាត់​អះអាង​ថា មូលហេតុ​ចម្បង​ដែល​បំណុល​កើនឡើង​នេះ ព្រោះ​ពួកគាត់ បង្ខំចិត្ត​ខ្ចី​លុយ​ឯកជន ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផង និង​សង​បំណុល​ចាស់​ផង បន្ទាប់​ពី​រដ្ឋាភិបាល ផ្តល់​ជំនួយ​មិន​បាន​គ្រប់គ្រាន់​។ ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​នេះ បាន​ប៉ះពាល់​កម្មករ និយោជិត ជាង​១​លាន​២​សែន នាក់​ក្នុង​នោះ​កម្មករ​រោងចក្រ​ជាង​៤​សែន​នាក់។

កម្មករ​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​-១៩ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​បាន​ជួយ​គាំពារ​ដល់​ពួកគាត់​គ្រប់គ្រាន់​ក្នុង​គ្រា​បិទ​ខ្ទប់​នេះ​ទេ គឺ​ពួកគាត់ នឹង​ជាប់ផុង​ក្នុង​បំណុល​ធ្ងន់ធ្ងរ​ហើយ​ប្រឈម​នឹង​បាត់បង់​ទ្រព្យសម្បត្តិ​ជាដើម។

កម្មការិនី​រោងចក្រ ឌីន ហាន​(DIN HAN)​ម្នាក់ រស់នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល លោក ស្រី ម៉ាន ចិន្តា រៀបរាប់​ថា លោកស្រី និង​ប្តី អត់​ការងារ​ធ្វើ ហើយ​ពុំ​មាន​ប្រាក់ចំណូល​ដូចគ្នា។ លោកស្រី បាន​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​ផ្ទះ​ចាប់តាំងពី​ដើមខែ​មេសា​ម​ក ក្រោយ​រោងចក្រ ឌីន ហាន ផ្ទុះ​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោកស្រី​មិនទាន់​ទទួល​បាន​ការឧបត្ថម្ភ​ពី​អាជ្ញាធរ​នៅឡើយ​។ លោកស្រី ថ្លែង​ទាំង​ក្តុកក្តួល​ថា ដោយសារ​ពុំ​មាន​ប្រាក់ចំណូល និង​គ្មាន​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់​នេះ លោកស្រី បាន​បង្ខំចិត្ត​ពឹងពាក់​ម្តាយ​ឪពុក​នៅ​ឯ​ស្រុកកំណើត​ឱ្យ​ជួយ​ខ្ចីប្រាក់​ឯកជន​ចំនួន​៤​រយ​(៤០០)​ដុល្លារ ដើម្បី​ដោះស្រាយ​ជីវភាព និង​បង់​រំលស់​ថ្លៃ​ទិញ​ផ្ទះ​នៅក្នុង​បុរី​ពិភព​ថ្មី​កំពូល​៣៖ «​ព្រោះ​អី​ខ្ញុំ​ត្រូវ​ចំណាយ​បង់​រំលស់​ផ្ទះ​ដល់ពេល​អ៊ីចឹង​ខ្ញុំ​អត់​មាន​ចំណូល។ អីចឹង​ខ្ញុំ​ខ្វះខាត ព្រោះ​ធម្មតា​យើង​ធ្វើការ​ត្រូវ​មាន​លុយ​ដូច្នេះ​ខ្ញុំ​នៅផ្ទះ អ៊ីចឹង​អត់​មាន​លុយ​បង់​រំលស់​ទេ»។

កម្មការិនី​រូប​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ជួយ​ផ្តល់​ជំនួយ​ឱ្យ​បាន​គ្រប់គ្រាន់​ទាន់ពេល​វេលា និង​ស្នើសុំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បុរី ផ្អាក​យក​ប្រាក់​បង់​រំលស់​ក្នុង​គ្រានេះ​សិន បើ​ពុំ​នោះ​ទេ គ្រួសារ​លោកស្រី នឹង​កាន់​តែ​មាន​បំណុល​កើនឡើង​ហើយ​បាត់បង់​ផ្ទះ​ដែល​ខិតខំ​ទិញ កន្លងមក​៖ «ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ធម្មតា ការងារ​ក៏​មិន​ឱ្យ​ដំណើរការ​ហើយ នៅ​ឃុំខ្លួន​នៅផ្ទះ​ជួប ផល​លំបាក​ច្រើន ជំពាក់​គេ​កាន់តែ​ច្រើន​ហើយ​ទៅមុខ​ទៀត ប្រហែលជា​ត្រូវ​លក់​ផ្ទះ នេះ​ឱ្យ​ក្រុមហ៊ុន​វិញ ឬ​ត្រូវ​ដាក់​ស្លាក​លក់​ទេ​។ ខ្ញុំ​បង់​បាន​មួយឆ្នាំ​ជាង​ហើយ តាំង​ពីមុន​ផ្ទុះ​កូវីដ​ឆ្នាំ​២០២០​មក​។ ខ្ញុំ​ចង់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល សម្រួល​ឆាប់​បាន​បើក​ដំណើរការ ការងារ​វិញ ដើម្បី​យើង​ឆាប់​បាន​ការងារ​ធ្វើ ហើយ​ចង់​សំណូមពរ ទៅ​ម្ចាស់ បុរី ជួយ​បន្ធូរបន្ថយ​ឱ្យ​អ៊ីចឹង​ណា ដើម្បី​បាន​ធូរ​មួយ​គ្រា»។

លោកស្រី ម៉ាន ចិន្តា មិនមែន​តែម្នាក់ឯង​ទេ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នេះ​។ លោកស្រី ស្ថិត​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ជាច្រើន​ទៀត​ដែល​បាត់បង់​ការងារ​ធ្វើ ហើយ​ពុំ​មាន​លុយ​ទិញ​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​លុយ​ជួល​បន្ទប់​ស្នាក់នៅ គ្មាន​ប្រាក់​ចិញ្ចឹម​កូន និង​សង​ធនាគារ​ជាដើម។

កម្មករ​រោងចក្រ​មួយ​រូប​ទៀត ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល លោក រ៉ាន ខាយ ថ្លែង​ថា រោងចក្រ​របស់​លោក​ផ្អាក ការងារ​ជាង​១​ខែ​មក​ហើយ និង​មិនទាន់​ដឹង​ថា ពេលណា​រោងចក្រ​ដំណើរការ​វិញ​នោះ​ទេ​។ លោក​ឱ្យ​ដឹង​ថា ចាប់តាំងពី​ផ្អាក​ការងារ​មក លោក​ទើប​ទទួល​បាន​ជំនួយ​ជា​លើកទីមួយ​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​៣០ ខែមេសា ក្នុង​នោះ​មាន​អង្ករ ១០​គីឡូ ត្រីខកំប៉ុង​១​យួរ និង​ទឹកត្រី​១យួរ ដែល​អាច​ចិញ្ចឹម​ក្រពះ​បាន​ជាង​មួយ​សប្តាហ៍​។ កម្មករ​រូប​នេះ បន្ត​ថា ក្រៅពី​បារម្ភ​រឿង​ក្រពះ​នេះ លោក​កំពុង​បារម្ភ​រឿង​ជំពាក់​បំណុល​ធនាគារ​ផង​ដែរ ព្រោះ​ប្រសិនបើ​ការងារ​នៅតែ​ផ្អាក​បែបនេះ លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ខ្ចី​បំណុល​ថ្មី សងបំណុល​ចាស់​នោះ​ទេ៖ «ខ្ញុំ​បារម្ភ​ថា បើ​យើង​អត់​មាន​ប្រាក់​បង់​គេ​មានតែ​របស់របរ​យើង​ដែល​លក់​ទ្រព្យសម្បត្តិ​ដែល​យើង​មាន​នេះ​ហើយ។ បើ​ថា អស់​ទ្រព្យ សម្បត្តិ​នេះ ហើយ​ចាំ​យើង​គិត​ទៀត ព្រោះ​យើង​អត់​ដឹង​ថា កូវីដ វា​រលាយ​ទៅ​ពេលណា​ទេ​។ បើសិនជា​យើង​បាន​ធ្វើ​ការ​វិញ​ដូច​ធម្មតា​វិញ កូវីដ​វា​ថមថយ គឺ​វា​អត់​អី​ទេ គ្រាន់តែ​មួយ​រយៈ​ពេលនេះ យើង​វា​អត់​អីចឹង​ណា»។

កម្មការិនី​រោងចក្រ​មួយ​រូប​ទៀត គឺ​លោកស្រី ឃុត ស្រីអូន ប្រាប់​អាស៊ីសេរី​​ថា លោកស្រី មិនដែល​ទទួល​បាន​អំណោយ​នោះ​ទេ តាំងពី​បិទ​រោងចក្រ​ជិត​មួយ​ខែ​មកនេះ​។ លោកស្រី​និយាយ​ថា ពេលនេះ គ្រួសារ​លោកស្រី ក៏​កំពុង​បារម្ភ​រឿង​គ្មាន​លទ្ធភាព​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​លោកស្រី បាន​ខ្ចី​សម្រាប់​សាងសង់​ផ្ទះ​កន្លងមក​ដែរ​៖ «​ខ្ញុំ​ទើប​សុំ​គេ​បង់​ការ​ប្រាក់​ទើបតែ​ខែ​នេះ​ហើយ​គេ​ព្រម​ដល់ មួយឆ្នាំ​។ បង់​ការ​ប្រាក់ខែ​ដល់​ទៅ​ជិត​២​រយ​ដុល្លារ។ ខ្ញុំ​ខ្ចី​គេ​យក​មក​ធ្វើ​ផ្ទះ​។​ឥឡូវនេះ កំពុងតែ​ភ័យ​ដែរ មិនដឹង​ថា ខែក្រោយ​មានអី​បង់​គេ»។

ក្រោយពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​មក រដ្ឋាភិបាល ហាក់​ពុំ​មាន​វិធានការ​ច្បាស់លាស់​ជួយ​គាំពារ​ប្រជាពលរដ្ឋ​ទូទៅ​រួម​ទាំង​កម្មករ​នោះទេ​។ កាលពី​ថ្ងៃទី​១០ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា រដ្ឋ នឹង​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​កូវីដ ព្រមទាំង​ជួយ​ថវិកា​៣០​ម៉ឺន​រៀល ព្រមទាំង​ស្បៀងអាហារ​ដល់​ពលរដ្ឋ​រស់​នៅក្នុង​តំបន់​បិទ​ខ្ទប់​ជាដើម​។ ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល ប្រកាស​ប្តូរ​ពី​ការ​ផ្តល់​លុយ​៣០​ម៉ឺន​រៀល ទៅជា​ផ្តល់​ស្បៀងអាហារ​ជំនួស​វិញ​។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​រោងចក្រ​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ អះអាង​ថា ពួកគាត់ នៅតែ​បង់ថ្លៃ​ទឹក​ភ្លើង​ដូច​ធម្មតា ហើយ​នៅតែ​ពុំ​ទាន់​ទទួល​បាន​ជំនួយ​សង្គ្រោះ​បន្ទាន់​ជាដើម​។ ពលរដ្ឋ និង​កម្មករ​នៅ​តំបន់​ខ្លះទៀត អត់​ទ្រាំលែង​បាន​រហូត​នាំគ្នា​តវ៉ា​ទាមទារ​សុំ​ជំនួយ​ជា​ស្បៀងអាហារ​ជាដើម​។ ចំពោះ​បញ្ហា​បំណុល​វិញ លោក ហ៊ុន សែន បាន​ត្រឹមតែ​អំពាវនាវ​ឱ្យ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​យោគយល់​និង​អនុគ្រោះ​ដល់​កូនបំណុល​តែប៉ុណ្ណោះ។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ថ្លែង​ថា អតិថិជន​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​ពុំ​មាន​លទ្ធភាព​បង់​សង់​នោះ មិន​គួរ​ព្រួយបារម្ភ​រហូតដល់​ភ្លេច​ថែរក្សា​សុខភាព​នោះ​ទេ ព្រោះ​ក្នុង​អំឡុង​ពេលនេះ ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី យោគយល់​ខ្ពស់​ដល់​អតិថិជន និង​មិន​អនុញ្ញាត​ឱ្យ​រឹបអូស​ទ្រព្យ​បញ្ចាំ​ឬ​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ឡើយ​។ លោក​បន្ត​ថា សមាគម​មីក្រូហិរញ្ញវត្ថុ បាន​ទទួល​យក​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​សម្រេច​លើកលែង​បង់​ការប្រាក់​សម្រាប់​អ្នក​កើត​កូវីដ រយៈពេល​ពីរ​ខែ និង​រៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​។ លោក បញ្ជាក់​ថា ក្រៅ​ពី​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​មាន​កិច្ច​អន្តរាគមន៍​មួយ​ចំនួន​ទៀត ដើម្បី​សម្រួល​ដល់​អតិថិជន​ដែល​រង​ប៉ះពាល់​ពី​ការ​បិទ​ខ្ទប់​នេះ​ដែរ៖ «គ្រឹះស្ថាន​ខ្លួនឯង​នេះ ក៏​ប្រឈម​នឹង​ថ្លៃ​ប្រតិបត្តិការ​ក៏ដូចជា​ធ្លាក់ចុះ​ប្រាក់ចំណូល​ដែរ ដូច្នេះហើយ​បានជា​យើង​សំណូមពរ​ថា អតិថិជន​ដែល មាន​លទ្ធភាព​សុំ​បង់​ជា​ធម្មតា​មក ប៉ុន្តែ​បើសិនជា​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​កម្រិត​មធ្យម ឬ​កម្រិត​ធ្ងន់ ទើប​យើង​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ ដោយសារ​អី គ្រឹះស្ថាន​ខ្លួនឯង ក៏​មាន​សម្ពាធ​សាច់ប្រាក់​ដែរ​ក្នុង​ពេលនេះ ដូច្នេះ​យើង​ត្រូវការ​យក​លុយ​ពី​អ្នក​អត់​រង​ផល​ប៉ះពាល់ ឬ​អ្នក​ប៉ះពាល់​តិចតួច​ទៅ​ជួយ​អ្នក​ដែល​រង​ផល ប៉ះពាល់​ក្នុង​កម្រិត​មធ្យម ឬ​កម្រិត​ធ្ងន់ធ្ងរ។ យើង អត់​អាច​ប្រើ​យន្តការ​មួយ​សម្រាប់​មនុស្ស​ពីរ​លាន​នាក់​បានទេ​។ យើង​ត្រូវតែ​ប្រើ​យន្តការ​ដែល​មាន​ភាព​បត់បែន​គ្រប់គ្រាន់​ដើម្បី​តម្រូវ​តាម​លក្ខខណ្ឌ​របស់​អតិថិជន​នីមួយៗ»។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សង្កេត​ឃើញ​ថា ករណី​កម្មករ​មាន​វិបត្តិ​បំណុល​នេះ បាន​កើតឡើង​ចាប់តាំងពី​ជំងឺ​កូវីដ​ផ្ទុះឡើង​កាល​ពី​ដើម​ឆ្នាំ​២០២០​មក​ម្ល៉េះ ហើយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​ជា​លើក​ទី​៣​នេះ កាន់តែ​ផ្តល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ថែមទៀត​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ផ្តល់​ជំនួយ​ឱ្យ​បាន​គ្រប់គ្រាន់​និង​ទាន់​ពេល​វេលា​ដល់​កម្មករ​ដែល​កំពុង​ខ្វះខាត និង​គួរតែ​មាន​វិធានការ​ជាក់លាក់​ក្នុង​ការ​ពន្យាr​ពេល ឬ​ផ្អាក​ការ​សង​បំណុល​ទាំង​ការ​ទាំង​ដើម ក្នុង​រយៈពេល​សមរម្យ​សម្រាប់​ពលរដ្ឋ​និង​កម្មករ​ដែល​បាត់បង់​ការងារ ឬ​ប្រាក់ចំណូល​មិន​ចំពោះតែ​អ្នក​កើត​ជំងឺ​កូវីដ ឬ​អ្នក​ជាប់​ចត្តាឡីស័ក​នោះ​ទេ​៖ «កម្មវិធី​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​វា​តិច​តូច​ស្ដូចស្តើង​ទៀត ដូច្នេះ​វា​មិនអាច​ធានា​ដល់​ជីវភាព​រស់នៅ សេចក្តី​ត្រូវ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​ទេ។ កត្តា​ចម្បង​នោះ គឺ​ការ​បង់​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ហ្នឹង ដូច្នេះ​កត្តា​ជំរុញ​ទាំងអស់​នេះ ធ្វើ​ឱ្យ​គាត់​ទៅ​ខ្ចី​បំណុល​ក្រៅ​ប្រព័ន្ធ ខណៈ​ពេល​គាត់​ត្រូវ​បាន​ព្យួរការងារ ខណៈ​រោងចក្រ​គាត់​ត្រូវ​បាន​បិទ ឬ​គាត់​ត្រូវ​បាន​ព្យួរការងារ​ក្នុង​ថេរវេលា​មួយ​ដែល​ប្រាក់ចំណូល​របស់​គាត់ មិន​ទទួល​បាន​ពេញលេញ​។ អ៊ីចឹ​ង គាត់​ត្រូវ​ចំណាយ​ទៅលើ​សេចក្តី​ត្រូវ​ការ​ប្រចាំថ្ងៃ​របស់​គាត់​ដូចជា​អាហារ​ហូបចុក​អី​ជាដើម​នេះ ហើយ​អ្នកខ្លះ​ត្រូវ​កាត់បន្ថយ​អាហារ​ហូបចុក​ប្រចាំថ្ងៃ គឺ​អាហារ ៣​របស់​គាត់ កាត់បន្ថយ​ចំណាយ​ចាំបាច់​ផ្សេងៗ​ទៀត ដើម្បី​គាត់​សន្សំ​លុយ​ទៅ​បង់​ធនាគារ»។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ អង្គការ​ចំនួន ៣ រួមមាន អង្គការ​លីកាដូ អង្គការ​សង់ត្រាល់ និង​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​សង្ខេប​មួយ​ស្ដីពី​ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ របាយការណ៍ បង្ហាញថា កម្មករ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ស្ទើរ​ទាំងអស់ ធ្លាក់ខ្លួន​ជំពាក់​បំណុល​វ័ណ្ឌក និង​គ្មាន​លទ្ធភាព​សងបំណុល​វិញ ប្រសិនបើ​ការងារ​របស់​ពួកគេ​ត្រូវ​បន្ត​ព្យួរ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ដោយឡែក កាលពី​ថ្ងៃទី​៦ ខែមេសា ក្រុម​អង្គការ​-​សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ជាង​មួយរយ​(១០៣) ស្ថាប័ន ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ស្នើ​ឱ្យ​ផ្អាក​បង់លុយ​សង​ត្រឡប់​ទាំង​ការ​ទាំង​ដើម រយៈពេល​៣​ខែ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ស្នាក់​នៅផ្ទះ ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ជា​ការ​ផ្ដល់​លទ្ធភាព ឱ្យ​ពលរដ្ឋ រក​ប្រាក់​សងបំណុល​នៅ​ពេល​ក្រោយ។

ក្រុម​កម្មករ​កំពុង​ខ្វាយខ្វល់​ថា ប្រសិនបើ​ការងារ​របស់​ពួកគាត់ ត្រូវ​បន្ត​ផ្អាក និង​កង្វះ​ការ​ជួយ​គាំពារ​ពី​រដ្ឋាភិបាល​បែបនេះ គឺ​ពួកគាត់ អាច​នឹង​ប្រឈមមុខ​បង្ខំចិត្ត​លក់​ដី ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ទៀត ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។