រដ្ឋាភិបាលប្រកាសបញ្ចេញថវិកា ដើម្បីទិញវ៉ាក់សាំង ជំងឺកូវីដ១៩ (Covid-19) ចំនួនមួយលានដូស (Dose) សម្រាប់ក្រុមមនុស្សប្រឈមហានិភ័យខ្ពស់ ចំនួន ៥០ម៉ឺននាក់ដំបូង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏កំពុងកៀរគរថវិកា ពីឈ្មួញ មន្ត្រីនយោបាយ និងពលរដ្ឋបន្ថែមទៀត ដើម្បីទិញវ៉ាក់សាំង។ តំណាងរាស្ត្របក្សប្រឆាំង និងសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាជាតិ ទិញវ៉ាក់សាំង ចាក់ឲ្យពលរដ្ឋទាំងអស់ ដោយស្មើភាពគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសុខភាពពិភពលោក ដើម្បីកំណត់ទិញវ៉ាក់សាំងជំងឺកូវីដ១៩ ពីប្រទេសណាមួយ។
លោកបានបញ្ជាឲ្យរដ្ឋមន្ត្រីទាំង២ក្រសួង ត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង ចំនួន ១លានដូស យកមកចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងលើក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងក្រុមពលរដ្ឋងាយរងគ្រោះ ចំនួន ៥០ម៉ឺននាក់ និងត្រៀមបម្រុងថវិកាទិញ ២លានទៅ ៣លានដូស នៅជំហានបន្ទាប់។
លោក ហ៊ុន សែន អះអាងថា កម្ពុជានៅក្រ ខ្វះថវិកាសម្រាប់ទិញវ៉ាក់សាំង ដូច្នេះ លោកស្នើសុំឲ្យរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រី ហិរញ្ញវត្ថុ ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីស្វែងរកជំនួយបន្ថែម ជួយដល់ប្រជាជន។ ក្រៅពីគម្រោងត្រៀមបម្រុងថវិកានេះ លោក ក៏អំពាវនាវឲ្យពលរដ្ឋចូលរួមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះដែរ។
ក្រុមឈ្មួញ មានងារជាឧកញ៉ា និង មន្ត្រីនយោបាយនៃបក្សកាន់អំណាច បានប្រកាសចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ខ្ទង់ពាន់ដុល្លារ ដល់រាប់លានដុល្លារ ក្នុងម្នាក់ៗ ជាបន្តបន្ទាប់។ ចំណែកពលរដ្ឋសាមញ្ញខ្លះទៀត ក៏បានបរិច្ចាគថវិកាតាមលទ្ធភាពដែរ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាលទាំងស្រុង ព្រោះក្រោយការប្រកាសប៉ុន្មានម៉ោង រដ្ឋាភិបាលទទួលបានថវិកា ១៨លានដុល្លារ។ លោក ផៃ ស៊ីផាន ប្រាប់ថា លោកមិនទាន់ដឹងថា រដ្ឋាភិបាលនឹងត្រៀមថវិកាចំនួនប៉ុន្មាន ហើយដំណើរការកិច្ចប្រជុំ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានចាប់ផ្ដើម ឬសម្រេចបែបណាទេ។
តែយ៉ាងណា លោកអះអាងថា រដ្ឋាភិបាលគ្រប់គ្រងថវិកាជំនួយរបស់សប្បុរសជនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ កាលពីកន្លងមក បានត្រឹមត្រូវល្អ ដោយរក្សាទុកនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងសុខាភិបាលជាអ្នកស្នើសុំដកយកមកចាយវាយ ដោយមានបញ្ជីចំណាយត្រឹមត្រូវ៖ «ទី១ លុយម្ដុំហ្នឹង សម្ដេច លោក បែងចែកទៅក្រសួងសុខាភិបាល ហើយទុកមួយចំនួនទៀត នៅក្រសួងហិរញ្ញវត្ថុ។ អាហ្នឹង គឺមានតួលេខត្រឹមត្រូវ ច្បាស់លាស់ ហើយពេលដក គឺក្រសួងសុខាភិបាល ជាអ្នកដក។ នេះជាបុព្វសិទ្ធិរបស់ក្រសួងសុខាភិបាល ដែលដកពីលុយ ដែលជាថវិកាហ្នឹងចេញទៅ។ យើងមើលតែប៉ុណ្ណេះ តើវាតម្លាភាព ឬមិនតម្លាភាព យើងមើលលើសេចក្ដីទុកចិត្តទៅវិញ។ គាត់ប្រកាសយប់មិញ មិនដល់ ១២ម៉ោងផង បាន ២០លាន បានសេចក្ដីថា គេទុកចិត្តលើសម្ដេចរួចស្រេចហើយ តាមតួលេខហ្នឹង»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានគាំទ្រវិធានការនានា របស់រដ្ឋាភិបាល។ លោកសរសេរក្នុងហ្វេសប៊ុកថា រដ្ឋាភិបាលបានដាក់ចេញគម្រោងផែនការទាន់ពេលវេលា ក្នុងការត្រៀមថវិកា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកក៏បានចូលរួមសរសើរសប្បុរសជន ក្នុងការចូលរួមជួយថវិកា ដល់រដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងដែរ និងបានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍ មានធនធាន ជួយផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដល់ប្រជាពលរដ្ឋខ្មែរតាមលទ្ធភាពមនុស្សធម៌។
ចំណែកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តពោធិ៍សាត់ នៃគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង សង្កេតឃើញថា ឈ្មួញមានងារជាឧកញ៉ាខ្លះ ដែលមានប្រវត្តិធ្លាប់រកស៊ីទុច្ចរិតជាមួយរបបក្រុងភ្នំពេញ បានឆ្លៀតឧបត្ថម្ភលុយជំនួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដើម្បីយករបបក្រុងភ្នំពេញ ធ្វើជាខ្នងបង្អែក បន្តរបរទុច្ចរិត កេងប្រវ័ញ្ចជាតិ និងពលរដ្ឋ៖ «អានេះ ខ្ញុំគ្រាន់តែលឺអ្វី ដែលលោក ហ៊ុន សែន អួតកន្លងមកទេ ព្រោះកន្លងមក លោក ហ៊ុន សែន តែងតែអួតអំពីលុយដែលគាត់មាន លុយដែលគាត់ត្រៀមដោះស្រាយបញ្ហាប្រឈមផ្សេងៗ រឿងកូវីដ រឿងអ្វីហ្នឹង គឺគាត់មានលុយច្រើនណាស់ រាប់ពាន់លានដុល្លារ។ រួចហេតុអ្វី បានជាត្រូវការចាំបាច់ បែរជាថា ជាប្រទេសក្រីក្រ អត់មានលទ្ធភាពទិញ។ ប្រជាជន គឺជារឿងចម្បងណាស់ ព្រោះជាតិមួយ អាចកំណត់ពីជាតិសាសន៍មួយបាន ត្រូវតែមានមនុស្ស ត្រូវមានប្រជាជន។ អ៊ីចឹង បើសិនទុកឲ្យប្រជាជនយើងស្លាប់អស់ យើងធ្វើម្ដេចកំណត់ជាតិសាសន៍យើងបាន ? ឬមួយ គាត់ដឹកនាំប្រទេស គាត់មើលតែគ្រួសារគាត់ទេ មើលតែមន្ត្រី រាជការ ដែលគាំទ្រ ហើយនៅក្បែរគាត់ទេ ហើយប្រជាជន នរណាស្លាប់អ្វី ស្លាប់ទៅ ហើយអ៊ីចឹង គាត់ទៅដឹកនាំប្រទេសធ្វើអ្វី ? លាលែងទៅ»។
ពាក់ព័ន្ធនឹងការទិញវ៉ាក់សាំងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង ជំរុញឲ្យរដ្ឋាភិបាល ត្រៀមថវិកាជាតិ ដើម្បីទិញវ៉ាក់សាំងឲ្យពលរដ្ឋ ទទួលបានគ្រប់គ្នា ក្នុងករណីកៀរគរថវិកាពី សប្បុរសជន មិនបានគ្រប់ចំនួន៖ «យើងមិនបានឃើញ ការផ្សព្វផ្សាយរបាយការណ៍ជាក់លាក់ណាមួយទេ។ ប៉ិនយើងគ្រាន់តែលឺ លើកឡើងពីការចំណាយប៉ុនណាៗ។ ប៉ុន្តែគ្រាន់ថា ជាក់ស្ដែងយ៉ាងម្ដេច យើងមិនបានដឹងទេណា។ ជារួមណា ហើយយើងក៏មិនបានដឹង ប្រព័ន្ធនៃការបញ្ចេញ ការគ្រប់គ្រងយ៉ាងម្ដេច ក៏យើងមិនបានដឹងរបៀប ការចាយវាយ យ៉ាងម្ដេចដែរ។ អ៊ីចឹងហើយ ក៏ជារឿងមួយ ដែលប្រជាពលរដ្ឋខ្លះ ក៏មានការចោទជាសំណួរដូចគ្នាដែរ ជុំវិញបញ្ហានេះ។ ប៉ុន្តែរឿងដែលសំខាន់បំផុត គឺយើងរីករាយ ដែលថាកម្ពុជាក៏គ្រោងឲ្យមានវ៉ាក់សាំងដូចគេ ដូចឯង»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសថា មានមនុស្សចំនួន ២នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី៨ ធ្នូ ដោយសារអ្នកទាំងពីរ ធ្លាប់ទៅទិញទំនិញ នៅហាងប៉េត្រូ (Pedro) និងហាងហ្សែនដូ (Zendo) កាលពីថ្ងៃទី២៧ វិច្ឆិកា។
ក្រសួងក៏ប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ គឺស្ត្រីជនជាតិខ្មែរអាម៉េរិកាំង ម្នាក់ អាយុ ៤៥ឆ្នាំ ស្នាក់នៅក្រុងប៉ៃលិន ដែលមកដល់កម្ពុជា កាលពីថ្ងៃទី២៧ វិច្ឆិកា ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែហើយ។
នៅថ្ងៃដដែល ក្រសួងសុខាភិបាល ក៏បានបន្តយកសំណាកធ្វើតេស្តលើកទី២ លើមនុស្សរាប់ពាន់នាក់បន្តទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា នៅតាមទីតាំងផ្សេងគ្នា ជាច្រើនកន្លែង ដូចជា នៅផ្ទះប្រធានរដ្ឋសភា លោក ហេង សំរិន ផ្ទះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្ទាយអង្គរក្ស ទួលក្រសាំង ក្រុងតាខ្មៅ និងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។
គិតត្រឹមព្រឹកថ្ងៃទី៨ ធ្នូ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥០នាក់។ ព្យាបាលជាសះស្បើយ ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣៣នាក់ និងមណ្ឌលសុខភាពចាក់អង្រែ ១០នាក់ គឺសរុប ៤៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
