គណៈរដ្ឋមន្ត្រី​ជ្រើសរើស​បុគ្គលិក​ជន​ពិការ​៣០​នាក់

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​ឲ្យ​ចូល​បម្រើ​ការងារ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។
ដោយ វណ្ណ វិចារ
2013.03.06
Share on WhatsApp
Share on WhatsApp
ជន​ពិការ​៣០៥ ៣-ធ្នូ-០៩: ជន​ពិការ​ទស្សនា​ការ​ដាក់​តាំង​ពិព័រណ៍​ផលិតផល​ដែល​ផលិត​ដោយ​ជន​ពិការ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវត្តី ក្នុង​ទិវា​ជន​ពិការ​អន្តរជាតិ នា​រាជធានី​ភ្នំពេញ។
RFA/Ayuthyea

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៤ មីនា ហើយ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៦ មីនា បញ្ជាក់​ថា ស្ថាប័ន​រដ្ឋ​មួយ​នេះ​ត្រូវ​ការ​បុគ្គលិក​ជា​ជន​ពិការ ៣០​នាក់​ឲ្យ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​ស្ថាប័ន​រដ្ឋ​ដំបូង​បំផុត​ដែល​ចេញ​សេចក្ដី​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​ចំនួន ៣០​នាក់​ឲ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ ខណៈ​ដែល​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ភាគ​ច្រើន​មិន​ទាន់​មាន​ភាព​ក្លាហាន​ក្នុង​ការ​យក​ជន​ពិការ​ទៅ​បំពេញ​ការងារ​នៅ​ឡើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​បុគ្គលិក​នេះ ជា​ការ​នាំ​មុខ​មួយ​ដើម្បី​ឲ្យ​ស្ថាប័ន​ដទៃ​ទៀត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ។ លោក​បន្ត​ថា កម្ពុជា​មាន​នាយករដ្ឋមន្ត្រី​ជា​ជន​ពិការ រាជរដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដើម្បី​បម្រើ​ប្រយោជន៍​ជន​ពិការ​ដែរ ដូចជា​សាងសង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជន​ពិការ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​ចេញ​អនុក្រឹត្យ​ដែល​អាច​នាំ​ឲ្យ​ជន​ពិការ​មាន​ការងារ​ធ្វើ​ទៀត​ផង។

ប៉ុន្តែ​លោក ផៃ ស៊ីផាន មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា ទៅ​ថ្ងៃ​មុខ​កម្ពុជា នឹង​មាន​ច្បាប់​កម្រិត​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័ន​ទទួល​ជន​ពិការ​ឲ្យ​ធ្វើ​ការ ឬ​យ៉ាង​ណា​នៅ​ឡើយ៖ «ហ្នឹង​ជា​ការ​នាំ​មុខ ហើយ​ជា​ការ​បង្ហាញ​សារ​ជា​ផ្លូវការ​ថា គេ​ពិការ​មិន​មែន​ពិការ​មិន​អាច​ចូល​រួម​មក​ក្នុង​សង្គម​បាន​ទេ។ ពិការភាព​មែន តែ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សង្គម ដូច​នេះ​យើង​ធ្វើ​ការងារ​ពី​គោលការណ៍​មក​ជា​ការ​អនុវត្ត​ជាក់ស្ដែង»

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ហើយ​ទំនង​ជា​មាន​អ្នក​ប្រកួតប្រជែង​ច្រើន​ដើម្បី​ចូល​បម្រើ​ការងារ​នេះ។

សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បង្ហាញ​ថា បេក្ខជន​បេក្ខនារី​ទាំង​ពីរ​ភេទ​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ហើយ​ត្រូវ​មក​សុំ​ពាក្យ​ប្រលង​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣។ ចំពោះ​កាល​ បរិច្ឆេទ​ថ្ងៃ​ប្រលង​មិន​ទាន់​ជូន​ដំណឹង​នៅ​ឡើយ។

ការ​ជ្រើសរើស​ជន​ពិការ​ឲ្យ​ចូល​ធ្វើ​ការងារ​នេះ ក៏​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដែរ។ ប្រជាពលរដ្ឋ​ជា​ច្រើន​ចាត់​ទុក​ថា នេះ​ជា​សញ្ញា​ល្អ និង​វិជ្ជមាន​មួយ​សម្រាប់​ជន​ពិការ។ តែ​ពលរដ្ឋ​ក៏​ស្នើ​ឲ្យ​ការ​ប្រលង​មាន​ភាព​យុត្តិធម៌ និង​មិន​ប្រកាន់​បក្ស​ពួក ឬ​ពុក​រលួយ​នោះ​ឡើយ។

ក្រៅ​ពី​អង្គការ​បម្រើ​ការងារ​ជន​ពិការ មិន​ធ្លាប់​មាន​ស្ថាប័ន​រដ្ឋ ឬ​ឯកជន​ណា​មួយ​ប្រកាស​រើស​បុគ្គលិក​ជា​ជន​ពិការ​ម្តង​ណា​ឡើយ។ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​កំណត់​ចំនួន​ជន​ពិការ​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ យ៉ាង​តិច​បំផុត ២% នៃ​ចំនួន​បុគ្គលិក​ទាំង​អស់ និង​បុគ្គលិក​ជន​ពិការ​ធ្វើ​ការងារ​ក្នុង​សង្គម​ស៊ីវិល ឬ​ក្រុមហ៊ុន​ឯកជន​ឲ្យ​បាន​យ៉ាង​តិច​បំផុត ១%។ បើ​មិន​ដូចនេះ​ទេ ស្ថាប័ន​ទាំង​នោះ​នឹង​តម្រូវ​ឲ្យ​បង់​ប្រាក់​ចូល​ក្នុង​មូលនិធិ​សម្រាប់​ជន​ពិការ​ដើម្បី​យក​ទៅ​ចាយ​វាយ​ផ្សេងៗ និង​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​របស់​ជន​ពិការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។