"កំណើនទេសចរបរទេសមកទស្សនាកម្ពុជាមានសញ្ញាល្អតាមរយៈកីឡាម៉ារ៉ាតុង"
2014.12.07

គណ:កម្មការកីឡាអូឡាំពិកជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ អង្គរលើកទី១៩ នៅមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ។ អ្នករៀបចំព្រឹត្តិការណ៍ក្នុងឆ្នាំនេះអះអាងថា ចំនួនជនបរទេស និងជនជាតិខ្មែរដែលចូលរួមរត់ប្រណាំង បានកើនឡើងខ្ពស់ជាងព្រឹត្តិការណ៍កីឡាដែលបានធ្វើ ១៨លើកមកហើយ។
ជនបរទេសចម្រុះជាតិសាសន៍មកពី ៧៨ប្រទេស ព្រមទាំងជនជាតិខ្មែរចំនួន ៨.០០០នាក់ បានចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរចម្ងាយ ២១គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រដើម្បីលើកកម្ពស់កីឡាអត្តពលកម្ម សុខភាព និងទាក់ទាញទេសចរបរទេសឱ្យកាន់តែចាប់អារម្មណ៍មកលើកម្ពុជា។
មន្ត្រីគណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០១៤ ឱ្យដឹងថា ក្នុងចំណោមអ្នករត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ចំនួនជាង ៨ពាន់នាក់ឆ្នាំនេះ គឺមានជនបរទេសប្រមាណជាង ៥.០០០នាក់ដែលមកចូលរួម។ ជនបរទេសទាំងនោះមកពីប្រទេសចំនួន ៧៨ លើពិភពលោក ប៉ុន្តែភាគច្រើនគឺជនជាតិអង់គ្លេស បារាំង អាមេរិកាំង និងជប៉ុន។
នៅលើវិញ្ញាសារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ចម្ងាយ ២១គីឡូម៉ែត្រឆ្នាំនេះ ជយលាភីលេខ១ បានទៅលើជនជាតិខ្មែរ ឈ្មោះ ម៉ា វីរ៉ូ ជ័យលាភីលេខ២ បានទៅលើខ្មែរដែរឈ្មោះ ផាន សុភក្ដិ៍ និងជយលាភីលេខ៣ បានទៅលើបុរសជនជាតិអង់គ្លេស ឈ្មោះ ថូម៉ាស ប៊ូតស៍ (Thomas Booth)។
ទាំងជនជាតិខ្មែរ និងបរទេសដែលចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី១៩ គឺបង្ហាញពីអារម្មណ៍សប្បាយរីករាយ។
កីឡាអត្តពលកម្មខ្មែរដែលដណ្ដើមបានជយលាភីលេខ១ លើវិញ្ញាសាចម្ងាយ ២១គីឡូម៉ែត្រ គឺលោក ម៉ា វីរ៉ូ។ លោកបានមានប្រសាសន៍បន្ទាប់ពីមកដល់ទីថា លោកមានអារម្មណ៍សប្បាយចិត្តចំពោះការរត់ប្រណាំងនេះ។ លោកថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ មិនត្រឹមតែជួយលើកកំពស់វិស័យកីឡាអត្តពលកម្មប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពល្អផង៖ «ខ្ញុំចង់ជំរុញឱ្យកីឡាករនៅស្រុកយើងចូលរួមសស្រាក់សស្រាំ ហ្វឹកហាត់ទាំងអស់គ្នា ដើម្បីតម្កើងកីឡាករ ហើយសុខភាពយើងក៏មាំមួន»។
ចំណែកអ្នកដណ្ដើមបានជយលាភីលេខ៣ លើវិញ្ញាសាចម្ងាយ ២១គីឡូម៉ែត្រ លោក ថូម៉ាស ប៊ូតស៍ មានប្រសាសន៍ថា នេះជាលើកដំបូងដែលលោកនិងក្រុមគ្រួសារមានគ្នាទាំងអស់ចំនួន ៥នាក់ ខំស្កាត់មកពីទីក្រុងហុងកុង ដើម្បីចូលរួមរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុង មុខអង្គរវត្តនៃប្រទេសកម្ពុជា។ លោកមានអារម្មណ៍ថា ពិតជាអស្ចារ្យមែនទែន៖ «នៅពេលចាប់ផ្ដើមខ្ញុំមានអារម្មណ៍ថា ក្ដៅបន្តិច ប៉ុន្តែខ្ញុំទ្រាំតស៊ូរហូតដល់ទទួលបានបទពិសោធន៍ដ៏ល្អបំផុត។ ឪពុក ម្ដាយ បងប្អូនស្រី និងបងថ្លៃប្រុសរបស់ខ្ញុំ ក៏ចូលរួមរត់ប្រណាំងជាមួយគ្នា ធ្វើឱ្យមានការរីករាយយ៉ាងខ្លាំង។ប្រសិនបើមានឱកាស នៅឆ្នាំក្រោយខ្ញុំនឹងវិលត្រឡប់មកចូលរួមរត់ប្រណាំងនៅមុខអង្គរវត្តម្ដងទៀត»។
បុរសជនជាតិបារាំងម្នាក់ ដែលធ្វើការនៅមជ្ឈមណ្ឌលកុមារកំព្រា អង់ហ្វង់ ឌុយ មេគង្គ (Enfans du Mekong) ក្នុងខេត្តបន្ទាយមានជ័យ ក៏បាននាំកុមារចំនួន ៦នាក់ចូលរួមរត់ប្រណាំងដែរ។ គាត់មានបំណងភ្ជាប់ព្រឹត្តិការណ៍នេះជាមួយសកម្មភាពកុមារកំព្រាខ្មែរ ហើយធ្វើជាគម្រោងទៅស្វែងរកមូលនិធិនៅប្រទេសបារាំង ដើម្បីយកទៅសាងសង់មជ្ឈមណ្ឌលកុមារកំព្រា១ថែមទៀត នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៖ «អង់ហ្វង់ ឌុយ មេគង្គ ចូលរួមព្រឹត្តិការណ៍កីឡាលើកនេះល្អណាស់សម្រាប់សប្បាយ និងសុខភាពល្អ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជា លោក ថោង ខុន បានហៅព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី១៩នេះ ថាគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ពីព្រោះអ្នកចូលរួមរត់ប្រណាំងភាគច្រើនសុទ្ធតែអ្នកទេសចរ មិនមែនជាកីឡាករអាជីពទេ។ លោក ថោង ខុន មានប្រសាសន៍ទៀតថា ជនបរទេសចាប់ផ្ដើមសម្លឹងឃើញប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់ពួកគេហើយ ពីព្រោះតាមការកត់សំគាល់លោកឃើញជនបរទេសជាច្រើនដែលមកចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះ គឺមិនត្រឹមតែមកម្នាក់ឯងប៉ុណ្ណោះទេ ថែមទាំងនាំយកប្រពន្ធ និងកូនមកជាមួយផង។
លោក ថោង ខុន ពន្យល់ថា នេះដោយសារមកពីកត្តាជាច្រើន ដូចជាសង្គមមានស្ថិរភាពនយោបាយនិងសន្តិសុខល្អ។ ថ្មីៗនេះទស្សនាវដ្ដីដ៏ធំមួយរបស់សហរដ្ឋអាមេរិក វាយតម្លៃឱ្យអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់អាស៊ី និងចំណាត់ថ្នាក់លេខ៤ នៅក្នុងពិភពលោក ជាពិសេសទៅទៀត ក្រុមអ្នកសិក្សាអំពីទីតាំងបុរាណវិទ្យា ក៏ទើបតែផ្ដល់ចំណាត់ថ្នាក់ឱ្យរមណីយដ្ឋានអង្គរជាកន្លែងដែលជាប់ចំណាត់ថ្នាក់លេខ១ដែរ។
លោក ថោង ខុន បញ្ជាក់ថា ដោយសារកត្តាទាំងនេះកំពុងធ្វើឱ្យអ្នកទេសចរណ៍បរទេសចាប់អារម្មណ៍ជាមួយប្រទេសកម្ពុជា និងអង្គរវត្តយ៉ាងខ្លាំង ដោយគេចាត់ទុកថា ដំណើរទេសចរណ៍មកកម្ពុជា គឺជាក្ដីសុបិនរបស់ពួកគេ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០១៤ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួនជាង ៣.៧លាននាក់ ក្នុងនោះខេត្តសៀមរាប ទទួលបានជិត ២លាននាក់ ដោយចំនួនភ្ញៀវទេសចរបរទេសទស្សនាខេត្តសៀមរាបនេះ មានការកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹងរយៈពេល ១០ខែកាលពីឆ្នាំ២០១៣ កន្លងទៅ។
លោក ថោង ខុន ឱ្យដឹងថា កន្លងទៅក្រសួងទេសចរធ្លាប់ព្យាករទុកថា ពេញ១ឆ្នាំ២០១៤ គឺកម្ពុជា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណពី ៤.៧លានទៅ ៤.៨លាននាក់ ក៏ប៉ុន្តែការព្យាករនេះ បានខុសបន្តិចដោយសារចំនួនភ្ញៀវទេសចរបរទេសថយចុះកាលពីខែតុលា កន្លងទៅ ទោះយ៉ាងណា ក្រសួងទេសចរណ៍នៅតែរំពឹងថា នៅឆ្នាំ២០១៥ ខាងមុខ គឺកម្ពុជា អាចនឹងទទួលបានចំនួនភ្ញៀវទេសចរបរទេសប្រមាណ ៥លាននាក់។
គណៈកម្មការកីឡាអូឡាំពិកជាតិកម្ពុជា មានគម្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាអ៊ុលត្រា ម៉ារ៉ាតុង (Ultra Marathon) ដែលរត់ចម្ងាយរហូតដល់ ១០០គីឡូម៉ែត្រ នៅឆ្នាំ២០១៦ ខាងមុខ ដើម្បីជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត៕