អតីតចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក លោក ហង្ស ចក្រា និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលមរណភាព កាលពីព្រឹកថ្ងៃ១៤ ខែកក្កដា ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
គេហទំព័រហ្វេសប៊ុករបស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ថា សពតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៤៨ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង លោក ហង្ស ចក្រា ជាទីប្រឹក្សាអមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ហង្ស ចក្រា ដែលជាអ្នកកាសែតជើងចាស់មួយរូប ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ខ្លួន និងបញ្ជូនមកភ្នំពេញដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៩។ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខ ឲ្យលោកជាប់ពន្ធនាគារ រយៈពេល១២ខែ និងផាកពិន័យជាប្រាក់ចំនួន៩លានរៀល ពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់។
រហូតដល់ខែមេសា ឆ្នាំ២០១០ លោក ហង្ស ចក្រា ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ រួមជាមួយអ្នកទោសចំនួន២៣នាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។