ច្បាប់ស្ដីពីជលផលហាមប្រជាពលរដ្ឋចូលនេសាទក្នុងតំបន់អភិរក្ស។ តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចរដ្ឋបាលជលផល និងអាជ្ញាធរដែនដីគ្រប់ថ្នាក់។
បណ្ដាញសហគមន៍នេសាទ និងអង្គការក្រៅរដ្ឋាភិបាលដែលអនុវត្តការងារនៅមូលដ្ឋាន ក៏មានសិទ្ធិចូលរួមគ្រប់គ្រងដើម្បីជួយធានានិរន្តរភាពនៃធនធានមច្ឆាជាតិផងដែរ។
ប្រធាន «សហគមន៍នេសាទពោធិ៍ច្រណូកសែនជ័យ» នៃឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានប្រព្រឹត្តអំពើពុករលួយដោយលក់ដែនអភិរក្សជលផលឲ្យឈ្មួញនេសាទ។
ប្រជាពលរដ្ឋនិងជាអនុប្រធាន «សហគមន៍នេសាទពោធិ៍ច្រណូកសែនជ័យ» គឺលោក ជា សុខ។លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ឧសភា ថា លោកមានភស្តុតាងគ្រប់គ្រាន់ដែលបានបញ្ជាក់ថា លោក សូ សាវឿន ជាប្រធានសហគមន៍បានលក់ដែនអភិរក្សជលផលទៅឲ្យអ្នកនេសាទជាជនជាតិចាម ដោយបានទទួលប្រាក់កម្រៃយ៉ាងក្រាស់ក្រែល។
លោកបន្តថា លោកបានរាយការណ៍ជាលាយលក្ខណ៍អក្សរទៅឲ្យអាជ្ញាធរឃុំដែរ តែគេធ្វើមិនដឹង ទើបលោកសម្រេចចិត្តផ្ដល់ព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យបញ្ហានេះបានដឹងដល់ថ្នាក់លើ៖ «ថ្ងៃទី១៣ ខែ៣ ឆ្នាំ២០១៣ ឈ្មោះ សូ សាវឿន ប្រធានគណៈកម្មការសហគមន៍នេសាទ បានទៅយកលុយពីជនជាតិឥស្លាម ចំនួន ៤ទូក ក្នុងមួយទូកយក ៦៤ម៉ឺនរៀល។ នេះគាត់យកនៅលើកទីមួយ ដើម្បីឲ្យជនជាតិឥស្លាមទាំងនោះអូសអួនប្រវែង ១៥០ម៉ែត្រ ក្នុងដែនអភិរក្ស។ លើកទី២ គាត់យកពីទូក ៤ក្បាលទៀត ១ក្បាល ៤០ម៉ឺន និងលើកទី៣ គាត់យកមួយក្បាលទូក ២០ម៉ឺនរៀល ៣ទូក...»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ ប្រធាន «សហគមន៍នេសាទពោធិ៍ច្រណូកសែនជ័យ» គឺលោក សូ សាវឿន ថ្លែងថា លោកពុំបានធ្វើអ្វីដូចការចោទរបស់លោក ជា សុខ អនុប្រធានរបស់លោកនោះទេ។ លោកថា ការចោទនេះកើតឡើងពីភាពច្រណែននិន្ទាក្នុងតំណែងជាប្រធានសហគមន៍។ យ៉ាងនេះក្ដី លោកទទួលស្គាល់ថា លោកធ្លាប់បានទទួលប្រាក់បន្តិចបន្តួចពីអ្នកនេសាទជាថ្នូរក្នុងការនេសាទក្រៅតំបន់អភិរក្ស ដើម្បីធ្វើសោហ៊ុយក្នុងការដើរល្បាតទប់ស្កាត់បទល្មើសនេសាទក្នុងដែនអភិរក្ស។
លោក សូ សាវឿន៖ «បងប្អូនមួយចំនួនគាត់ចេះតែចោទប្រកាន់ តែតាមពិតគឺយើងសុំពីទូកនេសាទដែលគេមកធ្វើនេសាទក្រៅតំបន់អភិរក្សក្នុងមួយទូក ៥ពាន់ ឬមួយម៉ឺន ដើម្បីប្រើប្រាស់ក្នុងការទិញប្រេងចាក់ ដើម្បីចុះល្បាតនៅតំបន់ដែនអភិរក្សតាមតែគេជួយឧបត្ថម្ភ...»។
យ៉ាងនេះក្ដី នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា មានប្រសាសន៍ថា នៅក្នុងតំបន់អភិរក្សអតីតឡូត៍លេខ ៥ និងឡូត៍លេខ ៨ មានក្រុមចម្រុះមួយក្រុមឈរជើង ដែលរួមមានផ្នែកជំនាញជលផល ប៉ូលិស កងរាជអាវុធហត្ថ និងសហគមន៍។
លោកសន្យាថា លោកនឹងចុះទៅធ្វើការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មាននេះ៖ «បាទ! មិនអាចប្រធានសហគមន៍ទៅធ្វើអីតែឯងកើតទេ។ នៅទីនោះមានគ្នាច្រើនណាស់ មានប៉ូលិស ប៉េអឹម អាជ្ញាធរដែនដី និងខាងជលផលយើងដែរ។ ខ្ញុំអត់ទាន់ដឹងដែរ ពាក់ព័ន្ធនឹងការយកលុយយកកាក់នេះ តែខ្ញុំនឹងចុះទៅស៊ើបអង្កេតរឿងនេះ...»។
ទាក់ទិនចំពោះបញ្ហានេះ មេឃុំច្រណូក គឺលោក វណ្ណ សួន បានបដិសេធថា លោកពុំបានដឹងពីបញ្ហានេះទេ ហើយលោកក៏ពុំដែលទទួលបានរបាយការណ៍ណាមួយពីសហគមន៍នេសាទពោធិ៍ច្រណូកសែនជ័យ នោះដែរ។
ក្នុងច្បាប់ស្ដីពីជលផលចែងថា ការនេសាទជាលក្ខណៈគ្រួសារក្នុងតំបន់អភិរក្ស គឺជាបទល្មើសនេសាទថ្នាក់ទី៣ ដែលត្រូវទទួលទោសជាប់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ ឬត្រូវផាកពិន័យពីមួយលានដល់ ៥លានរៀល។ យ៉ាងនេះក្ដី គេនៅពុំទាន់ដឹងថា តើអ្នកដែលប្រព្រឹត្តអំពើពុករលួយដោយផ្ដល់ការអនុញ្ញាតឲ្យធ្វើការនេសាទក្នុងតំបន់អភិរក្ស ត្រូវមានទោសយ៉ាងណានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។