គ្រួសារ​សព​និស្សិត​ស្រី​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អំពាវនាវ​សុំ​យុត្តិធម៌

ដោយ មាន ឫទ្ធិ
2019-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវតី យិន ម៉ាណា (រូប​ស្ដាំ​កណ្ដាល) និង​ក្រុម​គ្រួសារ ពេល​មក​បង្ហាញ​ខ្លួន​នា​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៩។
យុវតី យិន ម៉ាណា (រូប​ស្ដាំ​កណ្ដាល) និង​ក្រុម​គ្រួសារ ពេល​មក​បង្ហាញ​ខ្លួន​នា​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​អ្នក​បើក​រថយន្ត​ទៅ​បុក​និស្សិត​ស្រី​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែល​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ និង​បាន​នាំទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ​)។ ទោះ​យ៉ាងណា​ក្តី​គ្រួសារ​ជនរងគ្រោះ​ បាន​ដាក់ ពាក្យ​ប្ដឹង​ទាមទារ​សំណង ២០ម៉ឺន​ដុល្លារ និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ចាត់ការ​ជន​បង្ក​តាម​ផ្លូវ​ច្បាប់។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី សុផាណា ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ក្រោយពី​ពិនិត្យ​សំណុំរឿង និង​បញ្ចប់​ការសាកសួរ​លើ​ឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា​ គឺ​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែស​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន​បណ្ដាល​ឱ្យ​ស្លាប់​អ្នកដទៃ​តាម​មាត្រា​ ៨៥​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ក្រោយ​ការចោទប្រកាន់​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប៊ុន ធី បាន​ ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន កញ្ញា យិន ម៉ាណា​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ​) ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​ក្រោយ​តាម​កំណត់​ច្បាប់។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត​ ប្រាប់​អាស៊ី​សេរី នៅ​ការសម្រេច​របស់​តុលាការ​ថា​ជន​បង្ក​ឈ្មោះ​ យិន ម៉ាណា ភេទ​ស្រី​អាយុ​ប្រហែល ១៧ឆ្នាំ​ត្រូវ​បាន​ឪពុក​នាំចូល​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ទទួល​កំហុស​តាម​ការកំណត់​របស់​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃទី២៩​ ខែ​មីនា​បន្ទាប់​ពី​រត់គេច​មួយ​រយៈ​ដោយសារ​នាង​មាន​អារម្មណ៍​ភិតភ័យ។

លោក​បន្ត​ថា​ អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ដោយ​មិន​យោគយល់​ ឬ​ធូរ​រលុង និង​ពន្យារ​ពេល​ ដូច​ការ​ចោទ​នោះ​ទេ​ គ្រាន់តែ​អាជ្ញាធរ​មាន​ផល​លំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ត្រូវការ​ប្រមូល​ភស្តុតាង​ឱ្យ​បាន​គ្រប់គ្រាន់៖ «តាមពិត​! គ្នា​(សមត្ថកិច្ច​)អនុវត្ត​មិន​ងាយស្រួល​ដូចដែល​គាត់​និយាយ​ទេ​។ អ្វី​ដែល​យើង​បាន​ធ្វើ គឺ​ធ្វើ​ទៅតាម​ផ្លូវច្បាប់​ទាំងអស់។ យើង​មិន​មាន​ការ​លើកឡើង​ឬក៏​យ៉ាងម៉េច​ទេ​ ហើយក៏​មិន​មានការ​រើសអើង​អ្នកណា​ជា​អ្នកណា​ដែរ គឺ​ធ្វើតាម​ច្បាប់​ទាំងស្រុង»

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ម្ដាយ​ជនរងគ្រោះ​ លោកស្រី​ ផាត់ ពៅ ក៏បាន​ដាក់​បណ្ដឹង​ជូន​ស្នងការ​នគរបាល​រាជធានី​ភ្នំ​លោក​ ស ថេត ដោយ​ទាមទារ​ឱ្យ​ផ្ដន្ទាទោស​ជន​បង្ក​តាម​ផ្លូវ​ច្បាប់ ឱ្យ​បាន​តឹងរ៉ឹង​បំផុត និង​ទាមទារ​សំណង២០ម៉ឺន​ដុល្លារ​បន្ទាប់ពី​កូនស្រី​របស់​ខ្លួន​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត។ ជនរងគ្រោះ​ឈ្មោះ ឌុំ រីដា ភេទ​ស្រី​ វ័យ២២ឆ្នាំ គឺជា​និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ផារ៉ាហ្គន និង​ធ្លាប់​ជា​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស។ ជនរងគ្រោះ​មាន​ទីលំនៅ​ស្រុក​ខ្សាច់​កណ្ដាល​ខេត្ត​កណ្ដាល។

ម្ដាយ​ជនរងគ្រោះ​រៀបរាប់​ថា​ កាល​ពី​ថ្ងៃទី២៦ ខែ​មីនា ជន​បង្ក​ឈ្មោះ យិន ម៉ាណា បាន​បើក​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅ​បុក​ម៉ូតូ​កូនស្រី​របស់​ខ្លួន​ទាំង​កម្រោល​បណ្ដាល​ឱ្យ​ប៉ើង​ផ្ទប់​នឹង​របង​ផ្ទះនៅ​ក្បែរ​នោះ ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ស្ថិតនៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក។ បន្ទាប់​ពី​កើតហេតុ​ជន​បង្ក​មិន​បាន​ចុះ​មើល ឬ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទេ ប៉ុន្តែ​បាន​បន្ថែមល្បឿន​រត់គេច​បាត់​ស្រមោល​តែម្ដង​។ លោកស្រី​ស្នើសុំ​ឱ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជួយ​ពិនិត្យ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ និង​ជួយ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅលើ​ជន​បង្ក គឺ​ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ុន្តែ លោក​ជំរុញ​ឱ្យ​តុលាការ​ស៊ើបអង្កេត​បន្ថែម​ទៀត ព្រោះ​ជន​បង្ក​ បាន​បើក​រត់គេច​ពី​ការទទួលខុសត្រូវ​ដូច្នេះ​ជន​បង្ក​អាច​ប្រឈម​ការ​បន្ថែម​ស្ថាន​ទម្ងន់​ទោស​ផង​ដែរ៖ «ក្នុង​ករណី​មួយទៀត បើសិនជា​ជន​បង្ក​នេះ​ ក្រោម​អាយុ​បើកបរ​ ហើយ​ទទួល​បាន​ប័ណ្ណបើកបរ​ប្រភេទ​()នេះ​ហើយ​មានការ​ចេញ​ប័ណ្ណ​ឱ្យ​មនុស្ស​ដែល​មិន​គ្រប់​អាយុ​បែបនេះ​ គឺ​អានេះ​ក៏​គេ​ត្រូវ​ស៊ើបអង្កេត​បទល្មើស​តទៅទៀត​ដែរ​មិន​អាច​ចប់​ទេ​។ សំណុំ រឿង​ នេះ​យើង​ចង់​ឱ្យ​ក្លាយទៅជា​សំណុំរឿង​គំរូ​សម្រាប់​ការ​បើកបរ​នៅ​ក្នុង​ប្រទេស​ជាពិសេស​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​ខូច​ខាត់​ទ្រព្យ​សម្បត្តិ»

មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់​ត្រូវ​ផ្ដន្ទាទោស​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់៤លាន​រៀល​ទៅ១០លាន​រៀល។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើតហេតុ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​គឺ​ត្រូវ​ផ្ដន្ទាទោស ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល ទៅ២៥លាន​រៀល​ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥ឆ្នាំ។

លោក សន ជ័យ យល់ថា​ ការ​ឈាន​ដល់​ការអនុវត្ត​ច្បាប់​នេះ ក៏​មានការ​រួមចំណែក​ពី​ក្រុម​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែរ ដែល​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន​និង​បាន​ទាមទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ព្រមទាំង​បញ្ចប់​វប្បធម៌​បុក​ហើយ​រត់ ឬ​វប្បធម៌​និទ្ទណ្ឌភាព បើ​ពុំ​ដូច្នេះ​ករណី​នេះ​ នឹង​មាន​ភាព​អយុត្តិធម៌ លើគោក​ដូច​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​ទៀត ជាពិសេស​ ករណី​បុក​ ហើយ​រត់។ ជាក់ស្ដែង​ការ​ផ្សព្វផ្សាយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ក៏បាន​ធ្វើ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន សែន​ ចាប់​អារម្មណ៍​និង​បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រូវតែ​តាម​ចាប់​អ្នក​បើក​រថយន្ត​មួយ​នេះ​ឱ្យ​បាន។

ប្រធាន​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក​ គង់ រតនៈ​ ឱ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង ១ថ្ងៃ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៥នាក់ ដោយមាន​កត្តា​រួម​ផ្សំ​ជាច្រើន​ដូចជា​ ការអនុវត្ត​ច្បាប់​នៅ​ធូរ​រលុង អ្នកប្រើ​ប្រាស់​ផ្លូវ​ខ្វះ​ការ​គោរព​ច្បាប់ បើកបរ​ហួស​ល្បឿន​កំណត់ និង​បញ្ហា​គ្រឿងស្រវឹង​ជា​ ដើម៖ «ខ្ញុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ឱ្យ​ចូលរួម​គោរពច្បាប់​ទាំងអស់​គ្នា ហើយក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មេត្តា​ពង្រឹង​នូវ​តម្លាភាព​នៃ​ការអនុវត្ត​ច្បាប់​និង​រឹត​បន្តឹង​ច្បាប់​ឱ្យ​បាន​ទូលំទូលាយ​ហើយ​ឱ្យ​មាន​គណនេយ្យ​ភាព​មាន​ តម្លាភាព​សម្រាប់​ពលរដ្ឋ​ទូទៅ​។ ប្រសិនបើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ ប្រទេស​យើង​ប្រហែលជា​នឹង​ដើរថយក្រោយ​ដែល​យើង​មិន​អាច​ដើរ​ទៅ​មុខ​ដូច​ប្រទេសជិតខាង​យើង​ទេ»

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ​កំពុង​ក្លាយ​ជា​វប្បធម៌​អាក្រក់​មួយ​នៅ​កម្ពុជា សូម្បីតែ​លោក​ ជាម យៀប ជា​សមាជិក​សភា មក​ពី​គណបក្សប្រជាជន​កម្ពុជា​ក៏​ធ្លាប់​បុក​អ្នកធ្វើ​ដំណើរ​លើ​ដង​ផ្លូវ ហើយ​រត់​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មានផ្ទៃពោះ​ស្លាប់ និង​ប្ដី​រង​របួសធ្ងន់​ក្នុង​ស្រុក​កៀនស្វាយ​កាលពី​ឆ្នាំ២០១៣។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចាត់​ទុក​ករណី​នេះ គឺជា​គំរូ​អាក្រក់​ជា​អំពើ​និទ្ទណ្ឌភាព និង​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ​ឡើយ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ លើកឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​បរាជ័យ​ក្នុង​កាតព្វកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដូច្នេះ​ថ្ងៃណាមួយ​គ្រួសារ​ជន​រង​គ្រោះ ឬ​ពលរដ្ឋ​អាច​នឹង​ដើរតួ​ជា​តុលាការ​កាត់​ក្តី​ជនល្មើស​ដោយខ្លួនឯង ដែល​ធ្វើ​ឱ្យ​សង្គម​នេះ​កាន់​តែ​ឃោរឃៅ។ ពួកគេ​ សំណូមពរ​របប​ក្រុងភ្នំពេញ​ប្រែង​កសាង និង​រក្សា ទំនុក​ចិត្ត​សាធារណជន លើ​អង្គភាព​ប៉ូលិស តុលាការ​ និង​ស្ថាប័នរដ្ឋ​ដើម្បី​ធានា​ជានិច្ច​នូវ​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់រូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល