ជនបង្កដែលបើករថយន្តសេរីទំនើបម៉ាក ហាំម័រ (Hummer) បុកមនុស្សជិះម៉ូតូ៣នាក់ បណ្ដាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត បានចូលខ្លួនសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីអង្គការសង្គមស៊ីវិល ទទូចដល់អាជ្ញាធរពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយអត្រាមរណភាព របស់ប្រជាជនបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ជនបង្កដែលបើករថយន្តសេរីទំនើបម៉ាក ហាំម័រ បុកមនុស្សស្លាប់២នាក់ ហើយរត់គេចខ្លួននោះ គឺលោក យ៉េត ចន្ទ័គ្រឹះស្នា អាយុ២៧ឆ្នាំ រស់នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលខ្លួនសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ។
ការចូលខ្លួនសារភាពនេះ បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការថា អាជ្ញាធរបានរកឃើញរថយន្តបង្កហេតុ ម៉ាក ហាំម័រ និងអំពាវនាវឲ្យជនបង្កចូលខ្លួនសារភាពកំហុស។

វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមពីបញ្ហានេះបាន នៅថ្ងៃទី៣០ ខែធ្នូ ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងមិនលើកលែងដល់ជនណាទាំងអស់ ទោះជាជនបង្ក និងអ្នកពាក់ព័ន្ធមានលុយ មានអំណាចក៏ដោយ ដើម្បីកសាងទំនុកចិត្តពីពលរដ្ឋ ចំពោះការដឹកនាំរបស់រដ្ឋាភិបាល។
លោក ប៉ិច ពិសី៖ «ដូច្នេះ ប្រសិនជាយើងអនុវត្តច្បាប់ចរាចរណ៍ឲ្យតឹងរ៉ឹង ខ្ញុំគិតថា យើងអាចកាត់បន្ថយចំនួនអ្នកស្លាប់បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍បានបាទ ដោយសារតែអ្នកដែលបង្ក អ្នកដែលរំលោភច្បាប់ត្រូវតែទទួលទោសធ្វើឲ្យមនុស្សមិនសូវហ៊ាន រាងចាល ។ បើសិនជាយើងនៅតែបន្តឲ្យមាននិទ្ទណ្ឌភាព ទៅលើការបង្កឲ្យមានអ្នករងគ្រោះ ឬក៏ស្លាប់ដោយសារគ្រោះថ្នាក់ គឺយើងនឹងបន្តមានអ្នក ដែលរំលោភច្បាប់ចរាចរណ៍ ហើយបង្កគ្រោះថ្នាក់ហើយនៅបន្តធ្វើទៀត ដោយសារគាត់អាចសូកលុយ គាត់អាចយកអំណាចដោះស្រាយបញ្ហាបានបាទ»។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តទំនើបម៉ាក ហាំម័រ (Hummer) បានបើកបរក្នុងល្បឿនលឿន និងជ្រុលបុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូច ម្នាក់ស្លាប់ ហើយបុរស ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ធ្នូ។
ជនរងគ្រោះទាំង៣នាក់នោះ រួមមានលោកស្រី គ្រួច សាមិត្ត អាយុ ២០ឆ្នាំ ស្នាក់នៅភូមិ ដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនក្មេងអាយុ២ឆ្នាំ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ចំណែកឯ អ្នកបើកបរវិញ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែក ជនបង្កដែលជិះឡានរត់គេចនោះ នៅពេលអាជ្ញាធរ រកឃើញរថយន្តកាលពីថ្ងៃទី២៧ ធ្នូកន្លងទៅ អាជ្ញាធរមិនបានបញ្ជាក់ពីទីតាំង ដែលបានរកឃើញរថយន្តនោះទេ ហើយរថយន្តនោះ ក៏បានបាត់ស្លាកលេខផងដែរ។ អាជ្ញាធរ គ្រាន់តែអំពាវនាវឲ្យជនបង្កចូលខ្លួនសារភាពកំហុស។
ករណីស្រដៀងគ្នានេះដែរ កាលពី ថ្ងៃទី២៧ ខែធ្នូ សមត្ថកិច្ច បានបញ្ជូនអ្នក ដែលបើកបុកមនុស្សស្លាប់ម្នាក់នៅភ្នំពេញគឺលោក ព្រហ្ម វិចិត្រសុសក្ដា ទៅឃុំខ្លួននៅពន្ធនាគារភ្នំពេញ ហៅ ប៉េហ្សី (PJ) ករណីប្រណាំងឡាន បុកមនុស្សស្លាប់ ក្រោយបុគ្គលរូបនេះ ចូលសារភាពទទួលកំហុស។
លោក ព្រហ្ម វិចិត្រសុសក្ដា បានបើករថយន្តប្រណាំងគ្នា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យ លោក សៀង គឹមហុង ស្លាប់តាំងពីថ្ងៃទី១៤ ខែធ្នូ។
ច្បាប់ចរាចរណ៍ថ្មី មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដទាទោសជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលទៅ ១០ លានរៀល។ ករណីជនបង្កបើករត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
