ជន​បង្ក​ដែល​បើកឡាន​ហាំម័រ​បុក​មនុស្ស​ស្លាប់​២​នាក់​បាន​ចូលខ្លួន​សារភាព​កំហុស

0:00 / 0:00

ជន​បង្ក​ដែល​បើករថយន្ត​សេរី​ទំនើប​ម៉ាក ហាំម័រ (Hummer) បុក​មនុស្ស​ជិះ​ម៉ូតូ​៣​នាក់ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាត់​បង់ជីវិត បាន​ចូលខ្លួន​សារភាព​កំហុស នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ដល់​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព របស់​ប្រជាជន​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែធ្នូ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា ជន​បង្ក​ដែល​បើករថយន្ត​សេរី​ទំនើប​ម៉ាក ហាំម័រ បុក​មនុស្ស​ស្លាប់​២​នាក់ ហើយ​រត់​គេច​ខ្លួន​នោះ គឺ​លោក យ៉េត ចន្ទ័គ្រឹះស្នា អាយុ​២៧​ឆ្នាំ រស់នៅ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ចូលខ្លួន​សារភាព នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ។

ការ​ចូល​ខ្លួន​សារភាព​នេះ បន្ទាប់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែធ្នូ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា អាជ្ញាធរ​បាន​រក​ឃើញ​រថយន្ត​បង្កហេតុ ម៉ាក ហាំម័រ និង​អំពាវនាវ​ឲ្យ​ជន​បង្ក​ចូលខ្លួន​សារភាព​កំហុស។

hummer (2).jpg
រថយន្តហាំម័រ (Hummer) ដែលម្ចាស់បានទុកចោល ក្រោយអ្នកបើកបររថយន្ត​បុកមនុស្សស្លាប់ និងគេចខ្លួន កាលពីថ្ងៃទី២៥ ធ្នូ​ ២០២៣។ រូប៖ ហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ និង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​បញ្ហា​នេះ​បាន នៅ​ថ្ងៃទី​៣០ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល គួរតែ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិន​លើកលែង​ដល់​ជន​ណា​ទាំងអស់ ទោះជា​ជន​បង្ក និង​អ្នក​ពាក់ព័ន្ធ​មាន​លុយ មានអំណាច​ក៏ដោយ ដើម្បី​កសាង​ទំនុកចិត្ត​ពី​ពលរដ្ឋ ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល។

លោក ប៉ិច ពិសី៖ «ដូច្នេះ ប្រសិនជា​យើង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​តឹងរ៉ឹង ខ្ញុំ​គិត​ថា យើង​អាច​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​បាទ ដោយសារតែ​អ្នក​ដែល​បង្ក អ្នក​ដែល​រំលោភច្បាប់​ត្រូវតែ​ទទួលទោស​ធ្វើ​ឲ្យ​មនុស្ស​មិនសូវ​ហ៊ាន រាង​ចាល ។ បើសិនជា​យើង​នៅតែ​បន្ត​ឲ្យ​មាន​និទ្ទណ្ឌភាព ទៅលើ​ការ​បង្ក​ឲ្យ​មាន​អ្នករងគ្រោះ ឬក៏​ស្លាប់​ដោយសារ​គ្រោះថ្នាក់ គឺ​យើង​នឹង​បន្ត​មាន​អ្នក ដែល​រំលោភច្បាប់​ចរាចរណ៍ ហើយ​បង្ក​គ្រោះថ្នាក់​ហើយ​នៅ​បន្ត​ធ្វើ​ទៀត ដោយសារ​គាត់​អាច​សូក​លុយ គាត់​អាច​យក​អំណាច​ដោះស្រាយ​បញ្ហា​បាន​បាទ»។

គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ទំនើប​ម៉ាក ហាំម័រ (Hummer) បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់ និង​កុមារ​តូច ម្នាក់​ស្លាប់ ហើយ​បុរស ដែល​ជា​អ្នក​បើក​ម៉ូតូ រង​របួស​ធ្ងន់ នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៤ ឈាន​ចូល​ថ្ងៃទី​២៥ ធ្នូ។

ជនរងគ្រោះ​ទាំង​៣​នាក់​នោះ រួមមាន​លោកស្រី គ្រួច សាមិត្ត អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ ដីថុយ ឃុំ​ដីថុយ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​កូនក្មេង​អាយុ​២​ឆ្នាំ បាន​បាត់​បង់ជីវិត​នៅ​កន្លែង​កើតហេតុ ។ ចំណែកឯ អ្នកបើកបរ​វិញ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ដោយឡែក ជន​បង្ក​ដែល​ជិះឡាន​រត់គេច​នោះ នៅពេល​អាជ្ញាធរ រក​ឃើញ​រថយន្ត​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ​កន្លង​ទៅ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​ទីតាំង ដែល​បាន​រក​ឃើញ​រថយន្ត​នោះ​ទេ ហើយ​រថយន្ត​នោះ ក៏បាន​បាត់​ស្លាក​លេខ​ផង​ដែរ​។ អាជ្ញាធរ គ្រាន់តែ​អំពាវនាវ​ឲ្យ​ជន​បង្ក​ចូលខ្លួន​សារភាព​កំហុស​។​

ករណី​ស្រដៀង​គ្នា​នេះ​ដែរ កាលពី ថ្ងៃទី​២៧ ខែ​ធ្នូ សមត្ថកិច្ច បាន​បញ្ជូន​អ្នក ដែល​បើក​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​ភ្នំពេញ​គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ ហៅ ប៉េ​ហ្សី (PJ) ករណី​ប្រណាំង​ឡាន បុក​មនុស្ស​ស្លាប់ ក្រោយ​បុគ្គល​រូប​នេះ ចូល​សារភាព​ទទួលកំហុស​។

លោក ព្រហ្ម វិចិត្រសុសក្ដា បាន​បើករថយន្ត​ប្រណាំង​គ្នា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ លោក សៀង គឹមហុង ស្លាប់​តាំងពី​ថ្ងៃទី​១៤ ខែ​ធ្នូ។

ច្បាប់​ចរាចរណ៍​ថ្មី មាត្រា​៨៥ ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដ​ទាទោស​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០ លាន​រៀល​។ ករណី​ជន​បង្ក​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។