បុគ្គលិកសហគ្រាសគ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ នឹងអាចឈប់សម្រាកចូលរួមបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃ ដោយទទួលបានប្រាក់ខែចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ តុលា។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្រោមដែនអនុវត្តន៍ច្បាប់ស្ដីពីការងារ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនឈប់សម្រាករយៈពេល បី ថ្ងៃ ដោយគិតប្រាក់ឈ្នួលឱ្យធម្មតា និងរៀបចំបើកប្រាក់ឈ្នួលឱ្យបុគ្គលិករបស់ខ្លួន ឱ្យបានមុនថ្ងៃភ្ជុំបិណ្ឌ ឬបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០% ឱ្យទៅកម្មករ ក្នុងករណីដែលសហគ្រាសគ្រឹះស្ថាន មិនមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលវេលានោះទេ។
មាត្រា ១៦៤ នៃច្បាប់ស្ដីពីការងារចែងថា សហគ្រាសដែលមិនអាចបញ្ឈប់ការងារ ដោយសកម្មភាពរបស់ខ្លួនតម្រូវ កម្មករនិយោជិកទាំងឡាយដែលជាប់ធ្វើការងារក្នុងថ្ងៃឈប់បុណ្យ ត្រូវមានសិទ្ធិទទួលក្រៅអំពីប្រាក់ឈ្នួលនៃការងារដែលខ្លួនបានធ្វើ នូវប្រាក់បំណាច់មួយដែលនៅលើបន្ទុករបស់និយោជក។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
