អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​សំណង​ពី​ក្រុមហ៊ុន

ដោយ ជីវិតា
2024.07.19
អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​សំណង​ពី​ក្រុមហ៊ុន លោក​ ឡេង ណាវ៉ាត្រា (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុក​លោក ឡេង ណាវ៉ាត្រា

អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បន្ត​ទាមទារ​សំណង​ពី​ក្រុមហ៊ុន ដោយ​បាន​នាំ​គ្នា​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន រិះគន់​ខ្លាំងៗ​មក​លើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ថា ជា​ជន​ថោកទាប បោកប្រាស់​ពលរដ្ឋ និង​សប្បាយ​លើទឹក​ភ្នែក​រាស្ត្រ​។ ពួកគាត់​ថា ការ​ចេញ​សារ​រិះគន់​ខ្លាំងៗ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ពុំ​អើពើ​រក​ដំណោះស្រាយ ហើយ​ថែមទាំង​និយាយ​ឌឺដង មក​កាន់​ពួកគាត់ ពេល​សួរនាំ​អំពី​ផ្ទះ និង​លុយ​សំណង។

រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​រងគ្រោះ​ដោយសារ គម្រោង​វិនិយោគ​ដាក់​លុយ បាន​ផល​ចំណេញ​ខ្ពស់ និង​ការ​ទិញ​អចលនទ្រព្យ​ជាដើម ដែល​ករណី​នេះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ភាគ​ច្រើន​ខាតបង់ ប្រាក់​រាប់​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក ថែម​ទៀត។ ជាក់ស្ដែង អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ពុំ​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​ទេ។អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោកស្រី ដួង ម៉ាលី បាន​បង្ហោះ​សា​រិះគន់​ខ្លាំងៗ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ថា លោកស្រី បាន​ខាតបង់​លុយ​អស់​ជិត ១០​ម៉ឺន​ដុល្លារ ក្រោយពី​ទិញ​ផ្ទះ ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅ​ម្ដុំ​ផ្លូវជាតិ​លេខ៦ អា (6A) ក្នុង​ខេត្ត​កណ្ដាល​ហើយ ២​ឆ្នាំ​មកនេះ ពុំ​ទាន់​ទទួល​បាន​ផ្ទះ សម្រាប់​ស្នាក់នៅ នៅឡើយ​ទេ។

លោកស្រី ដួង ម៉ាលី ធ្លាប់ បាន​ទៅ​សួរនាំ​ព័ត៌មាន ពី​ក្រុមហ៊ុន ម្ដង​រួច​មក​ហើយ កាលពី​ខែមិថុនា ប៉ុន្តែ ខាង​ក្រុមហ៊ុន បាន​បង្ហាញ​ភាព​មិន​សមរម្យ ដោយ​និយាយ​ថា ៤ ទៅ​៥​ឆ្នាំ​ទៀត ទើប​ក្រុមហ៊ុន​សាងសង់​ផ្ទះ​រួច​។ លោកស្រី​ចាត់ទុក​ការ​ឆ្លើយតប​នេះ​គឺជា​រឿង​ដែល​ឈឺចាប់​បំផុត ព្រោះ​ក្រុមហ៊ុន​មិន​គោរព​តាម​កិច្ចសន្យា ព្រោះ​ក្នុង​កិច្ចសន្យា ដែល​ត្រូវ​ឱ្យ​លោកស្រី ចូល​នៅ​តាំងពី​ឆ្នាំ​២០២២។

លោកស្រី​បាន​រិះគន់​ខ្លាំងៗ មក​លើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ថា ជា​ជន​ថោកទាប បោកប្រាស់​ពលរដ្ឋ ហើយ​រាំ​លេង​សប្បាយ​លើ​គំនរ​ទុក្ខ​រាស្ត្រ​។ លោកស្រី​ស្នើ​ឱ្យ​លោក ឡេង ណាវ៉ាត្រា ដោះស្រាយ​ផ្ដល់​ជា​សំណង​ជូន​ពួកគាត់ ឱ្យ​បាន​ឆាប់ បើ​ពុំ​ដូច្នោះ​ទេ លោកស្រី នឹង​បន្ត​រិះគន់​កាន់តែ​ខ្លាំង និង​ដាក់​បណ្ដាសា រាល់ថ្ងៃ​នៅ​លើ​នៅ​បណ្ដាញ​សង្គម។

រីឯ​អតិថិជន​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​នោះ​ទេ។ អតិថិជន​រូប​នេះ​ថា បាន​បង់លុយ អស់​ជាង​៥​ម៉ឺន​ដុល្លារ សម្រាប់​ទិញ​ផ្ទះ ប៉ុន្តែ មក​ដល់​ពេល​នេះ ជាង​២​ឆ្នាំ​ហើយ ផ្ទះ​នៅ​មិន​ទាន់​សាងសង់​រួច។ កញ្ញា​បញ្ជាក់​ថា តាម​កិច្ចសន្យា ត្រូវ​ចូល​នៅ​តាំងពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ពុំ​អើពើ ឬ​ផ្ដល់​សំណង​ណាមួយ​ត្រឡប់​មក​វិញ​ឡើយ ដែល​ធ្វើ​ឱ្យ​កញ្ញា​កាន់តែ​លំបាក ព្រោះ​ត្រូវ​ដោះបំណុល​ធនាគារ​ផង។

ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ការ​សាងសង់​ផ្ទះ​ហាក់​ធ្វើការ​អត់​ច្បាស់លាស់ លក្ខណៈ​ថា ធ្វើ​អត់​ចប់​ម៉ា​តួ​ផ្ទះ ។ ធ្វើ​នេះ​តិច នោះ​តិច ពេញ​ទឹក​ពេញទី រប៉ាត់រប៉ាយ​ពេញ​ហ្នឹង​។ ដូច​ផ្ទះ​បង​អីហ្នឹង គ្រាន់តែ​ចាក់គ្រឹះ​ហើយ ទុក​ផ្ទះ​បង​ចោល​១​ឆ្នាំ អ៊ីចឹង​ទៅ យើង​អ្នក​ចាំ​វា​ហត់ យើង​វា​ក្ដៅក្រហាយ ។ យើង​បាន​យក​លុយ​ទៅ​ទិញ​ផ្ទះ​វា​ដាច់​ហើយ ផ្ទះ​ដែល​ត្រូវ​ចូល​នៅ បែរជា​មិន​ទាន់​បាន​ចូល​នៅ»

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និង​អ្នកនាំពាក្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក មាស សោភ័ណ្ឌ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ កក្កដា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ថ្មីៗ​នេះ​ទៀត លោក​ក៏បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ថត​បទ​ចម្រៀង​ខ្នាត​ធំ​ដែល​មាន​សិល្បករ​ចូលរួម​ច្រៀង រួមគ្នា​រហូតដល់​ជាង ៣​ពាន់​នាក់ សម្រាប់​ត្រៀម​ទុក​ប្រើប្រាស់​នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នា​ពេល​ខាងមុខនេះ ដែល​មើល​ទៅ​ហាក់ជា​ការ​ចំណាយ​ថវិកា ក្នុង​ពេល​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​អតិថិជន​ខ្លួន​កំពុង​មាន​ចំពោះ​មុខ។

អតិថិជន​ទិញ​ផ្ទះ​ពី គម្រោង​បុរី ឡេង ណាវ៉ាត្រា មិនមែន​មានតែ​នៅ​ម្ដុំ​ផ្លូវជាតិ​លេខ​៦​អា ក្នុងស្រុក​មុខកំពូល ខេត្ត​កណ្ដាល​ទេ ដែល​មិនទាន់​ទទួល​បាន​ផ្ទះ​។ ដោយឡែក អ្នកទិញ​ផ្ទះ​ពី ក្រុមហ៊ុន​នេះ នៅ​គម្រោង ផ្លូវជាតិ​លេខ​៣ ក៏​មិនទាន់​ទទួល បាន​ផ្ទះ​នៅ ឡើយ​ដែរ​។ ពួកគាត់​ថា គម្រោង​បុរី និង​ផ្ទះ​វិឡា នេះ មាន​រាប់ពាន់​គម្រោង បើ​គិត​ជា លុយ​ទទួល​បាន​ពី​អតិថិជន រាប់​ម៉ឺន​ដុល្លារ ដូច្នេះ ប្រសិន​បើ​ក្រុមហ៊ុន បោកប្រាស់ ពលរដ្ឋ​មែន អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ព្រោះថា​លុយ​ទាំងនោះ​គឺ ជា​ញើស​ឈាម របស់​ពលរដ្ឋ ដែល​រកបាន​ដោយ​លំបាក។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ពេលវេលា​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ ជា​រឿង​ដែល​ពុំ​ល្អ​ឡើយ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ចេញមុខ​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ពួកគាត់​យក​លុយ​ទៅ សង​ធនាគារ ឬ​អាច​មានផ្ទះ​ស្នាក់​អាស្រ័យ​នៅ សម្រាប់​ប្រកបមុខរបរ​ផ្សេងៗ។

លោក នី សុខា៖ «ប្រសិនបើ​រឿង​នេះ​ពលរដ្ឋ​មិន​ទទួល​បាន​យុត្តិធម៌​ឬក៏​មានការ​អូស​បន្លាយ​ពេលវេលា​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​មានការ​រងគ្រោះ​។ ខ្ញុំ​គិតថា វា​ជា​គំរូ​មួយ​មិនល្អ​ហើយ​វា​អាច​ជា​ទម្រង់​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ន័យថា បណ្ដោយ​ឱ្យ​ក្រុមហ៊ុន ឬក៏​អ្នក​រកស៊ី​មិន​ទៀងត្រង់ ឬក៏​អ្នក​រកស៊ី​ទុច្ចរិត មានការ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ អី​ជា​ហូរហែ​ហ្នឹង​។ អាច​ជា​គំរូ​មួយ​ហើយ​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ អស់​សង្ឃឹម​ទៅ​លើ​ការ​ដឹកនាំ»

ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​មនុស្ស​ជិតស្និទ្ធ ជាមួយនឹង​មន្ត្រី​បក្ស​កាន់អំណាច ជា​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ទោះបីជា ឧកញ៉ា ឡេង ណាវ៉ាត្រា បោកប្រាស់​ពលរដ្ឋ​ក្ដី ក៏​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពិតជា​ចេញមុខ​ការពារ​ជា​សាធារណៈ​ដែរ​។ ជាក់ស្ដែង ករណី យឺតយ៉ាវ សាងសង់​ផ្ទះ​ឱ្យ​ពលរដ្ឋ​ឆ្នាំ លោក ឡេង ណាវ៉ាត្រា មិន​ត្រូវ​បាន​រដ្ឋាភិបាល ហៅ​ទៅ​ជជែក​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​នោះ​ទេ។ លើស​ពី​នោះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចេញមុខ​សរសើរ លោក ឡេង ណាវ៉ាត្រា ថា​ជា​អ្នក រកស៊ី​វ័យក្មេង និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ទៀត​ផង។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ផ្ទះ​ពី​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា កំពុង​មាន​ទុក្ខសោក​ដោយ​សារ​ជាប់បំណុល​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។