អាជ្ញាធរ​​ភ្នំពេញ​​ព្រមាន​​ចាត់​​វិធានការ​​ផ្លូវ​​ច្បាប់​​ចំពោះ​​ក្រុម​​កម្មករ​​ណាហ្គាវើលដ៍​​ដែល​​ចង់​​ធ្វើ​​កូដកម្ម​​បន្ត​​ទៀត​​នៅ​​ទីតាំង​​ដដែល

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញចេញ​សារ​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល និង​តាម​ច្បាប់​ ដោយ​គ្មា​នការ​លើក​លែង ចំពោះក្រុម​កម្មករ​ណាហ្គាវើលដ៍​ដែល​គ្រោង​ធ្វើ​កូដកម្ម​​ជា​​ថ្មី​​ទៀត​ នៅ​ក្បែរ​ទីតាំង​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​។ ចំណែកអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ឈប់​ប្រើ​វិធាន​​សុខាភិបាល​ប្រឆាំង​​ជំងឺ​កូវីដ-​១៩ ធ្វើ​ជា​លេស​ដើម្បី​គាប​សង្កត់​ និង​បង្ក្រាប​ទៅ​លើ​កម្មករ​ណាហ្គាវើលដ៍​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម នៅ​ទីតាំង​ចាស់​ក្បែរ​ស្ថានទូត​អូស្ត្រាលី​បាន​ទៀត​ទេ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-​១៩ ប្រភេទ​អូមីក្រុង ចូល​ក្នុង​សហគមន៍​កាន់តែ​ច្រើន​ឡើង​ និង​រក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ។

អាជ្ញាធរ​ព្រមាន​ចាត់​វិធាន​ការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង ក្នុង​ករណី​ក្រុម​កម្មករ​ណាហ្កាវើលដ៍ រឹង​រូស​បន្ត​សកម្មភាព​តវ៉ា​នៅ​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​ទៀត​នោះ។ អាជ្ញាធរ​ចាត់​ទុក​សកម្មភាព​តវ៉ា​របស់​ពួកគេ​កន្លង​មក ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់​​ធ្នាប់​សាធារណៈ។

អាជ្ញាធរ​បញ្ជាក់ នៅ​ក្នុង​លិខិត​ចេញ​នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ​ថា ក្រុម​កម្មករ​ណាហ្គាវើលដ៍​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​ត្រឹម​ត្រូវ​តាម​វិធាន​សុខាភិបាល ហើយ​ចង់​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​ជា​ថ្មី​ទៀត​នោះ គឺ​ត្រូវ​ធ្វើ​នៅ​ទីតាំង​លាន​ប្រជាធិបតេយ្យ​ ស្ថិត​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​ ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ជូន​អាជ្ញាធរ​។

កម្មករ​ណាហ្គាវើលដ៍​មា្នក់ កញ្ញា ​អ៊ុក សុភ័ក្រម៉ូលីកា ថ្លែង​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ សម្រាប់​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ដែល​បាន​ធ្វើ​បាតុកម្ម​ ទាមទារ​រក​ដំណោះស្រាយ​​ការងារ ហើយ​មាន​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហជីព កម្មករ​ ជា​បន្ត​បន្ទាប់ និង​ប្រើ​វិធានការ​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ-​១៩ ដើម្បី​បំបែក​ពួកគាត់​មិន​ឲ្យ​តវ៉ា​​បន្តទៅ​ទៀត។ កញ្ញា​បន្ត​ថា ការ​សម្រេច​ធ្វើ​កូដកម្ម​​បន្ត​ទៀត​ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើការ​សម្រេច​ចិត្ត​រួម​គ្នា ពី​ខាង​កម្មករ​និយោជិត​ជិត​១​ពាន់​នាក់ ដែល​​ធ្លាប់​​ជួប​ជុំ​គ្នា​ធ្វើ​កូដកម្ម​កន្លង​មក។

កញ្ញា ម៉ូលីកា​ យល់​ថា ការ​បន្ត​ប្រើ​វិធានការ​ និង​ចំណាត់​រដ្ឋបាល​គ្រប់​បែប​យ៉ាង ពី​ខាង​អាជ្ញាធរ ដើម្បី​គាប់​សង្កត់​​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​បោះ​បង់​ការ​តវ៉ា​នេះ គឺ​​មិន​មែន​​ជា​ដោះស្រាយ​ដែល​អាច​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​មួយ​នេះ​បាន​ទេ៖ «ដំណោះស្រាយ​ដូច​ប្រសាសន៍​សម្ដេច​ ស ខេង បាន​និយាយ​អ៊ី​ចឹង គឺ​ភាគី​ទាំង​អស់​បែរ​មុខ​ចូល​គ្នា។ ហើយ​ក្រសួង​ជា​អ្នក​ដើរ​តួ​អាជ្ញាកណ្ដាល​ត្រូវ​អត់ធ្មត់​ក្នុង​ការ​ដោះស្រាយ​ហ្នឹង។ មិន​មែន​ដើរ​តួ​ចាំ​តែ​រារាំង​ទេ។ សូម​ឲ្យ​សិទ្ធិ​សេរីភាព​របស់​ពួក​ខ្ញុំ​ដែល​ជា​បុគ្គលិក​កម្មករ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ មាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ធ្វើ​កូដកម្ម​ ព្រោះ​ច្បាប់​ធ្វើ​កូដកម្ម​ មាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​​បាន​​ការពារ​ដោយ​រដ្ឋ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក ម៉េត មាសភក្ដី បាន​ទេ​។

ជុំវិញ​រឿង​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​ នូវ​ការ​ប្រើ​វិធាន​​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ-​១៩ ធ្វើ​ជា​លេស​ដើម្បី​គាប​សង្កត់​​លើ​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍ និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​របស់​ពួកគេ។

នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីលោក ហ្វីល រ៉ូបឺតសុន​ (Phil Robertson)​ លើក​ឡើង​​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈថា អាជ្ញាធរ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​មួយ​ ដោយ​យក​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ណហ្គាវើលដ៍​ក្រោម​រូបភាព​អនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ-​១៩។

លោក​ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មជន​សហជីព ​ថា​មាន​គោល​បំណង​ចង់​កាច់​បំបាក់​ការ​រីកលូត​លាស់​សាមគ្គីភាព និង​កម្លាំង​ចលនា​​សហជីព​នៅ​កម្ពុជា ដែល​​គាំទ្រ​ចំពោះ​ក្រុម​កូដករ​ណាហ្គាវើលដ៍។

លោក​ស្នើ​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិប្រចាំ​នៅ​កម្ពុជា អង្គការ​អន្តរជាតិ​ខាង​ការងារ​​ (ILO)​ និង​​បណ្ដា​ស្ថាន​ទូត​បរទេស​ទាំង​អស់​ គួរ​ជំរុញ​ទៅ​រដ្ឋាភិបាល​ ដើម្បី​​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សហជីព​ដែល​កំពុង​ជាប់​ឃុំជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​បញ្ឈប់​ការ​បំពាន​លើ​វិធាន​សុខាភិបាល​។

គិត​មក​ដល់​ពេល​នេះ មាន​តំណាង​សហជីព សកម្មជន​សហជីព និង​កម្មករ​ណាហ្គាវើលដ៍​សរុប​ ១១​ នាក់​ហើយ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​។ ក្នុង​​នោះ​ មាន​តំណាង​សហជីព​ ៨ ​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ ជុំវិញ​សកម្មភាព​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ចំណែកកម្មករ​ដែល​ធ្វើ​កូដកម្ម​៣​នាក់​ទៀត​ ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ (PJ)​ ក្រោម​បទ​ចោទ​ រារាំង​វិធាន​សុខាភិបាល​ តាម​មាត្រា​ទី​១១​ នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-​១៩។

កាល​ពី​ពេល​កន្លង​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព ​និង​សមាគម​តំណាង​ឱ្យ​១៣៤​ស្ថាប័ន ​បាន​ដាក់​​លិខិត​ចំហ​ជូន​រដ្ឋសភា ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​​ការងារ និង​ក្រសួង​កិច្ច​ការ​នារី ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ ចំពោះ​តំណាង​សហជីព​និង​កម្មករ​ណាហ្គាវើលដ៍​ទាំង​១១នាក់។ ពួកគេ​ក៏​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ ​ដោយ​ឈរ​លើ​គោលការណ៍​​ច្បាប់ ​ភាព​ស្មោះ​ត្រង់ យុត្តិធម៌ និង​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។