មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ហាក់គ្មានប្រសិទ្ធភាពឡើយ ដរាបណាមន្ត្រីជំនាញនៅតែអនុវត្តច្បាប់មានស្ដង់ដារពីរ រវាងអ្នកមាននិងអ្នកក្រ។ ពួកគាត់ថា បើការអនុវត្តច្បាប់នៅតែមិនស្មើភាពគ្នាបែបនេះ នោះប្រជាពលរដ្ឋនឹងអស់ជំនឿលើរដ្ឋាភិបាល និងធ្វើឱ្យការបំពានច្បាប់បង្កឡើងដោយអ្នកមានលុយ មានអំណាច មានចំនួនកាន់តែច្រើនឡើងជាមិនខាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃទី២៦ ខែធ្នូនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពច្បាប់ចរាចរណ៍ជាជាងការខ្លាចត្រឹមតែមន្ត្រីប៉ូលីសចរាចរណ៍។ ថ្លែងនៅក្នុងពិធិបើកការដ្ឋានកែលំអផ្លូវជាតិលេខ៤១ ពីខេត្តកំពង់ស្ពឺ ទៅកំពតលោក ហ៊ុន សែនថាការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនអាចជួយកាត់បន្ថយអត្រាស្លាប់ឬពិការពីគ្រោះថ្នាក់នៅលើដងផ្លូវ៖
«ហើយថ្ងៃមុនខ្ញុំនិយាយអ៊ីចេះ។ ខ្ញុំនៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍។ ថ្ងៃមុនខ្ញុំបាននិយាយភាសាមួយថា៖ សុំកុំខ្លាចប៉ូលីសចរាចរណ៍ ត្រូវខ្លាចច្បាប់ទៅវិញ ប៉ុន្តែឥឡូវខ្ញុំចង់ប្រើភាសានេះមួយកុំខ្លាចប៉ូលីសចរាចរណ៍ខ្លាចស្លាប់ ឬខ្លាចរបួសល្អជាង»។
ការលើកឡើងរបស់លោកហ៊ុន សែននេះត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថាគ្រោះថ្នាក់ចរាចរចំនួនបង្កឡើយដោយការផឹកគ្រឿងស្រវឹងហើយរដ្ឋាលោក ហ៊ុន សែនមិនបានរឹតបន្តឹងការចរាចរណ៍គ្រឿងស្រវឹងឡើយ។ផ្ទុយទៅវិញមន្ត្រីរបស់លោករួមទាំងលោកផ្ទាល់បានយកគ្រឿងស្រវឹងនេះជាអំណោយដ៏ពេញនិយមទៅវិញ។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីថាត្បិតច្បាប់ចរាចរណ៍នៅកម្ពុជាត្រូវបានចងក្រងឡើងក៏ពិតមែន ក៏ការអនុវត្តនៅតែធូរលុង ជាពិសេសនៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។លោកសង្កេតឃើញថាការបណ្ដោយឱ្យជនបង្កគេចវេសមិនទទួលខុសត្រូវនិងគ្រាន់តែផ្ដល់សំណងដើម្បីបញ្ចប់រឿងជាវប្បធម៌មិនល្អធ្វើឱ្យអ្នកទាំងនោះមិនរាងចាលនិងនៅតែបន្តធ្វេសប្រហែសក្នុងការបើកបរ៖
«សាម៉ីក្រសួងផ្ទាល់គឺត្រូវតែពង្រឹងជួរមន្ត្រីប៉ូលីសចរាចរណ៍ផ្លូវគោគ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់នឹងមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវជាជាងដែលលើកទឹកចិត្តឱ្យប៉ូលិសចរាចរណ៍ទាំងអស់ហ្នឹងព្យាយាមប្រព្រឹត្តអំពើពុករលួយ។ នៅពេលដែលគាត់មានអំពើពុករលួយ ហ្អាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ឬក៏ចាប់ ឬក៏ពិន័យ ឬក៏អប់រំជនរងគ្រោះ ឬក៏ជនល្មើសហ្នឹងវាអត់អាចកែប្រែទៅបានទេ»។
ទាក់ទិនរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខាយល់ឃើញថាការអំពាវនាវរបស់លោក ហ៊ុន សែន គ្រាន់តែជាសារក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋតែការអនុវត្តជាក់ស្ដែងគឺត្រូវមានការចូលរួមពីមន្ត្រីប៉ូលីសចរាចរណ៍ផងដែរ។លោកមើលឃើញថាការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីមិនស្មើភាពគ្នារវាងអ្នកមាននិងអ្នកក្រហើយសមត្ថកិច្ចតែងដោះលែងជនបង្កដោយគ្មានការដាក់ទោសទណ្ឌដែលជាវប្បធម៌និងគម្រូមិនល្អដល់ជនដទៃទៀត។ លោកបន្តថាមន្ត្រីប៉ូលីសមួយចំនួនអនុវត្តតឹងតែងជ្រុលទៅលើប្រជាពលរដ្ឋមិនស្របទៅតាមការកំណត់នោះឡើយដែលធ្វើឱ្យពលរដ្ឋខ្លាចរអារ៖
«ខ្ញុំគិតថាទី១ គឺពង្រឹង! ពង្រឹងការអនុវត្តច្បាប់របស់សម្ថកិច្ចហ្នឹងឱ្យមានការទទួលខុសត្រូវបានត្រឹមត្រូវ។ ទី២ គឺអប់រំអ្នកដែលបានប្រព្រឹត្តលើស ប្រព្រឹត្តអីហ្នឹងទាំងអស់ហ្នឹងត្រូវតែមានការចាប់ ធ្វើការអប់រំ ធ្វើការផាកពិន័យឱ្យបានម៉ឺងម៉ាត់ទៅតាមច្បាប់ កុំឱ្យមានការលើកលែង ពិសេសគឺយកច្បាប់មកអនុវត្តន៍ឱ្យបានតឹងរ៉ឹង ហើយនឹងមានការអប់រំឱ្យបានច្បាស់លាស់។ ហើយហ្នឹងក៏ពង្រឹងទៅលើគុណភាពសាលារៀនបើកបរអីផ្សេងៗហ្នឹង កុំឱ្យតែចេះឱ្យ ពែកម៉ី [បណ្ណបើកបរ]ឱ្យអី ត្រូវមើលផង មើលអំពីគុណភាពអ្នកបើកបរអីផង»។
គ្រោះថ្នាក់ចរាចរណ៍ឲ្យលុយបញ្ចប់រឿងនេះហាក់កើតជាទូទៅនៅស្រុកខ្មែរ ដូចជាអនុប្រធានទី១រដ្ឋសភា លោក ជៀម យៀបនិងករណីរថយន្តអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុនបុកបណ្តាលឲ្យមនុស្សស្លាប់ហើយរត់គេចសុទ្ធតែឲ្យលុយបញ្ចប់រឿង។ករណីគ្រោះថ្នាក់ចរាចរណ៍កន្លងមកជនរងគ្រោះមួយចំនួនឲ្យដឹងថាលុយត្រូវចែកជាពីរឬបីចំណែក។ប្រសិនបើរឿងមិនទាន់ដល់តុលាការទេគឺលុយមួយចំនួនបង់ឲ្យអ្នករងគ្រោះនិងមួយចំណែកត្រូវបង់ឲ្យសមត្ថកិច្ច។ប៉ុន្តែបើសំណុំរឿងដល់តុលាការហើយគឺលុយត្រូវបង់កាន់តែច្រើនចំណែកដោយតុលាការជាមេចំណែកដែលទទួលបានលុយច្រើនជាងគេបន្ទាប់មកប៉ូលិសហើយជនរងគ្រោះអាចបានលុយតិចជាងគេទៅវិញ។
វប្បធម៌នៃការបង់ប្រាក់សំណងគេចវេសមិនទទួលខុសត្រូវចំពោះមុខច្បាប់បានធ្វើឱ្យជនបង្កគ្មានភាពខ្លាចរអារនិងនៅតែបន្តសកម្មភាពបំពានច្បាប់ដដែល។រូបភាពនៃការអនុវត្តច្បាប់ប្រកបដោយមិនស្មើភាពបែបនេះមន្ត្រីសង្គមស៊ីវិលមើលឃើញថា មន្ត្រីដែលជាអ្នកអនុវត្តច្បាប់អនុវត្តដោយមានស្ដង់ដារពីររវាងអ្នកមាននិងអ្នកក្រ។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថារយៈពេល៦ខែ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន ១ពាន់ ៦រយ ៩លើក (១,៦០៩) ដោយភាគច្រើនកើតឡើងនៅពេលយប់៥៧ភាគរយនិងបានឆក់យកជីវិតមនុស្សចំនួនជិត១ពាន់នាក់(៩៤២នាក់) និងរងរបួសជាង២ពាន់នាក់ (២,២៣៥នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ច្រើនជាងគេបណ្ដាលមកពីការបើកបរល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១%និង វ៉ាជែង១១%ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។