របប​ភ្នំពេញ​ហាម​ផ្សាយ​បទ​ចម្រៀង​ភ្ជុំ​បិណ្ឌ​នឹក​ស្រុក​ដែល​មាន​អត្ថន័យ​ឆ្លុះ​ពី​សង្គម

អ្នកឃ្លាំមើល​សង្គម​ព្រមាន​ថា វិធានការ​របស់​ក្រសួង​ការងារ​ដែល​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​បទ​ចម្រៀង​«​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​របប​លោក ហ៊ុន សែន ងាយ​ទៅ​រក​របប​ផ្ដាច់ការ​ខ្លាំង​ឡើង និង​ជា​ការ​មិន​លើកទឹកចិត្ត​ដល់​ស្នាដៃ​របស់​សិល្បករ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា របប​លោក ហ៊ុន សែន មិន​ត្រូវ ធ្វើការ​ហាមប្រាម​លើ​បទ​ចម្រៀង​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ពិត ក្នុង​សង្គម​កម្មករ​រោងចក្រ​កាត់ដេរ កាលពី​ពីរ​ឆ្នាំមុន​នោះ​ឡើយ។ លោក​បន្ត​ថា វិធានការ​របស់​ក្រសួង​ការងារ​នៅ​ពេល​នេះ គឺជា​ការ​បង្ហាញ​អំពី អភិបាលកិច្ច​ដែល​មាន​លក្ខណៈ​ត្រួតត្រា ជាជាង​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ទេពកោសល្យ៖ «ទៅ​ឈឺក្បាល​វិលមុខ​អី អា​អ៊ីចឹង វា​អត់​ត្រូវ​ឈឺក្បាល​វិលមុខ។ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ នេះ​គ្រាន់តែ​ជា​បញ្ចេញ​មនោសញ្ចេតនា ហើយ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជាក់ស្ដែង​។ មាន​ស្អី​តិច​ត្រួតត្រា ស្អី​ត្រួតត្រា»។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា បាន​ជំរុញ​ឲ្យ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាត់​វិធានការ ផ្អាក​ការផ្សាយ​បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ស្រុក​» ដែល​ច្រៀង​ដោយ លោក ម៉ៅ ហាជី នៃ​ផលិតកម្ម​ថោន។

ក្រសួង​ការងារ​លើកឡើង​ថា ចំណុច​ពីរ​តែ​ក្រសួង​មាន​បញ្ហា​នោះ «កម្មករ​និយោជិក​មិនទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល ធ្វើ​ឱ្យ​កម្មករ​និយោជិក​មិន​បាន​ទៅ​ស្រុកកំណើត​ទៅលេង​ម៉ែ​ -​ ពុក បាន​ត្រឹមតែ​ស្រុក​ទឹក​នេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ​ -​ ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅលេង​ស្រុកកំណើត»។

លិខិត​របស់​លោក អ៊ិត សំហេង បញ្ជាក់​ទៀត​ថា បទ​ចម្រៀង​មួយ​បទ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ​របស់របប​លោក ហ៊ុន សែន និង​ផ្ទុយ​ទាំងស្រុង​នូវ​អ្វី​ដែល​របប​ក្រុងភ្នំពេញ កំពុង​យកចិត្តទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ​និយោជិក។

ទោះជា​យ៉ាងណាក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បទ​ចម្រៀង​មួយ​បទ​នេះ មិន​បាន​ធ្វើ​ប៉ះទង្គិច​ដល់​មុខមាត់​របប​លោក ហ៊ុន សែន និង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ របៀប​រៀបរយ​សង្គម ឬ​ផ្ទុយ​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។