សមត្ថកិច្ចកំពុងស្វែងរកអ្នកកែរូបថតភរិយារបស់លោក ហ៊ុន សែន
2015.12.31
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីអ្នកប្រើហ្វេសប៊ុក (Fecebook) កែរូបភរិយារបស់លោក ហ៊ុន សែន ទាញជើងដែលមើលទៅមានលក្ខណៈមិនសមរម្យ។ ចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅអ្នកដែលកែរូប និងព្រមានឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា សមត្ថកិច្ចនឹងរកជនដែលកែរូបភាពអ្នកស្រី ប៊ុន រ៉ានី ឃើញ។ អ្នកនាំពាក្យដដែលថា ករណីនេះប៉ះពាល់ខ្លាំងដល់វប្បធម៌ អរិយធម៌ខ្មែរ ដូច្នេះសមត្ថកិច្ចត្រូវតែចាត់វិធានការ៖ «អាចរកឃើញមានអីពិបាកទេ បច្ចេកទេសសម័យទំនើបនេះ។ ខ្ញុំជឿថា អ្នកដែលធ្វើក៏មិនមែនចុះពីលើមេឃដែរ»។
បន្ទាប់ពីគេហទំព័រហេ្វសប៊ុក កាលពីថ្ងៃទី៣០ ខែធ្នូ បានបង្ហោះរូបលំហែកម្សាន្តជុំគ្រួសារនៅលើឆ្នេរខ្សាច់មាត់សមុទ្រខេត្តព្រះសីហនុ។ អ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន បានកែរូបលោក ហ៊ុន សែន ទៅជាពិការដៃស្ដាំ និងកែរូបភរិយារបស់លោកពីរូបឈរធម្មតា ទៅជាឈរមិនសមរម្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា អ្នកដែលកែរូបភរិយារបស់លោកទៅជាលក្ខណៈមិនសមរម្យ គឺជាមនុស្សមកពីគណបក្សប្រឆាំងជ្រុលនិយមមួយចំនួន និងសកម្មជនបក្សប្រឆាំង។ លោក ហ៊ុន សែន ហៅទង្វើនេះថា បំផ្លាញដល់កិត្តិយស និងក្រុមគ្រួសាររបស់លោក។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា លោកមិនគាំទ្រចំពោះការបង្ហោះរូបភាពទាំងឡាយដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់បុគ្គលរូបណានោះទេ។ ចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បដិសេធដោយអះអាងថា គណបក្សលោកមិនដែលណែនាំសមាជិក ឬសកម្មជនរបស់ខ្លួនឲ្យធ្វើរឿងបែបនេះនោះទេ៖ «ខ្ញុំសុំបញ្ជាក់ គណបក្សតែងតែណែនាំសមាជិក សកម្មជន ប្រជាពលរដ្ឋទូទៅក្តីឲ្យប្រើប្រាស់ហ្វេសប៊ុកប្រកបដោយភាពថ្លៃថ្នូរ នូវអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិ»។
ចំណែកប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ក៏មិនគាំទ្រឲ្យមានការប្រើប្រាស់ហ្វេសប៊ុក ដែលគ្មានសីលធម៌បែបនេះដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ទៅគណបក្សប្រឆាំង មិនមែនជារឿងត្រឹមត្រូវ ប៉ុន្តែលោកក៏ទាមទារឲ្យគណបក្សប្រឆាំងចេញមុខថ្កោលទោសសកម្មភាពបែបនេះ មិនមែននៅស្ងៀមស្ងាត់បែបនេះឡើយ៖ «គណបក្សប្រឆាំងគួរតែចេញ មុខមកថ្កោលទោសពីសកម្មភាពបែបហ្នឹងទៅ ទោះគេធ្វើលើគូប្រកួតខ្លួនក៏ដោយ ចំណែកគណបក្សកាន់អំណាចក៏មិនត្រូវចោទគណបក្សប្រឆាំងដែរ»។
នៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន តែងតែឆ្លើយតបមតិនានា របស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ទាំងការរិះគន់ និងសំណើ។ ទាក់ទងវិធានការគេឃើញសមត្ថកិច្ចស្រាវជ្រាវបានលឿនចំពោះតែបុគ្គលដែលប្រមាថ ឬគំរាមមន្ត្រីរដ្ឋាភិបាល ដូចជាករណីគំរាមសម្លាប់ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ចំណែកឯការគំរាមសម្លាប់អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា សមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ៕