បទសម្ភាសន៍​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ (វគ្គ​បញ្ចប់)

ដោយ សាន សែល
2017.07.18
យូហ្យុន ផាក ២០១៧ ១៤៤០ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ ពេល​អ្នកស្រី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)។
RFA/San Sel

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ដើម្បី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ «ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)»

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​អ្នក​ស្រាវជ្រាវ ឌី.ឃ្យូ (DQ Institute, a think tank)។ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ស្រាវជ្រាវ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​រុងរឿង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​បង្កើត​វប្បធម៌​ឌីជីថល​មួយ។ វិទ្យាស្ថាន​របស់​អ្នកស្រី ផ្ដោត​សំខាន់​លើ​ការ​កសាង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​កុមារ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ស្ដីពី​បច្ចេកវិទ្យា​ឌីជីថល។

ខាង​ក្រោម​ជា​បទសម្ភាសន៍​រវាង​លោក សាន សែល ជាមួយ​នឹង​អ្នកស្រី​បណ្ឌិត យូហ្យុន ផាក អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ និង​តួនាទី​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​ជួយ​កូន​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ក្តី​សុខ​លើ​ពិភព​ឌីជីថល៖

លោក សាន សែល៖ បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា ឪពុក​ម្ដាយ​ជាច្រើន ពិសេស​អ្នក​នៅ​ទីក្រុង កំពុង​ឲ្យ​ឧបករណ៍​ឌីជីថល​ដូចជា​ទូរស័ព្ទ​ដៃ ឬ​ថែបប្លែត (Tablet) ឲ្យ​កុមារ​ប្រើ ខ្លះ​ចាប់​តាំង​ពី​អាយុ ៣​ឆ្នាំ។ ឪពុក​ម្ដាយ​ខ្លះ​យល់​ថា ការ​ឲ្យ​កូន​ក្មេង​ប្រើ​ឧបករណ៍​ទាំងនេះ អាច​ឲ្យ​ខ្លួន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​របស់​ខ្លួន។ ចឹង​ទៅ កុមារ​ចំណាយ​ពេល​ជាច្រើន​ជាមួយ​ឧបករណ៍​ឌីជីថល ជាជាង​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួក​គេ។ តើ​អ្នកស្រី​បណ្ឌិត​យល់​យ៉ាង​ណា​ចំពោះ​សកម្មភាព​នេះ? តើ​វា​ប៉ះពាល់​ជា​វិជ្ជមាន និង​អវិជ្ជមាន​អ្វី​ខ្លះ​ដល់​កុមារ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ តើ​លោក​មាន​បាន​អាន​អត្ថបទ​ព័ត៌មាន​ដែល​រាយការណ៍​ពី​អ្នក​បង្កើត​ទូរស័ព្ទ​អាយហ្វូន (iPhone) លោក ស្ទីវ ចបស៍ (Steve Jobs) មិន​ឲ្យ​កូនៗ​នៅ​អាយុ ១៤​ឆ្នាំ ប្រើ​ឧបករណ៍​ឌីជីថល​ទូរស័ព្ទ ហើយ​លោក ប៊ីល ហ្គេតស៍ (Bill Gates) ក៏​ចឹង​ដែរ។ រឿង​នេះ​វា​បង្កប់​អត្ថន័យ​ជាច្រើន។

ខ្ញុំ​មិន​ចង់​និយាយ​ថា ឧបករណ៍​ឌីជីថល​ជា​ប្រភព​នៃ​បញ្ហា​ទាំងអស់​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​ឪពុក​ម្ដាយ​មិន​ទាន់​យល់​ច្បាស់​នោះ គឺ​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល វា​ស្រួល​ពង្វក់​ក្មេង។ ហេតុផល​នោះ គឺ​យើង​ចង់​ឲ្យ​ក្មេង​មាន​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​មាន​ការ​ទាក់ទង​ផ្ទាល់ (physical interaction) ជាមួយ​មនុស្ស​ផ្សេង​ទៀត។ នេះ​ហើយ​ជា​របៀប​ដែល​ពួក​គេ​អាច​រៀន​ពី​ការ​អភិវឌ្ឍ​សង្គម (social development) ដែល​រៀន​ពី​ការ​អភិវឌ្ឍ​ផ្នែក​វិចារណញ្ញាណ (cognitive development)។ ពួក​គេ​រៀន​ពី​របៀប​អំណត់​អត់ធ្មត់។ ពួក​គេ​អាច​ក្លាយ​ជា​មនុស្ស​ពេញ​លក្ខណៈ​តាម​រយៈ​ការ​ជជែក​គ្នា​ជាមួយ​អ្នក​ផ្សេង​ទៀត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បញ្ហា​នៅ​ត្រង់​ថា វា​ផ្តល់​ព័ត៌មាន​ខ្លីៗ ភ្លាមៗ (instant verification) ផ្តល់​មតិ​ត្រឡប់​វិញ​ខ្លីៗ (instant feedback)។ នៅ​ក្នុង​សង្គម​ជាក់ស្តែង គ្មាន​នរណា​ដែល​អាច​ផ្តល់​នូវ​ភាព​រីករាយ និង​ការ​ទាក់ទង​ដល់​កុមារ។

តើ​លោក​យល់​ថា ហេតុ​អ្វី​បាន​ជា​កុមារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​កាន់​តែ​ជក់​លេង​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល? ពីព្រោះ​របស់​ទាំងអស់​នេះ កុមារ​បង្កើត​ទំនាក់ទំនង។ ពួក​គេ​ពិបាក​នឹង​រក​អារម្មណ៍​ទាំងនេះ​នៅ​ពិភព​ជាក់ស្តែង ក្រៅ​ពី​ឧបករណ៍​ទាំងនេះ។ នេះ​ជា​បញ្ហា។ ចឹង​ហើយ បាន​កុមារ​ជក់​លេង​ខ្លាំង​ម្ល៉េះ។

ឪពុក​ម្ដាយ​ដែល​គ្មាន​ចំណេះ​ដឹង​ទាំងនេះ ឲ្យ​ឧបករណ៍​ឌីជីថល​ឲ្យ​កូនៗ​ប្រើ ហើយ​អាច​គិត​ថា​ក្មេង​នឹង​មិន​មក​ឆាឆៅ ហើយ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត។

ខ្ញុំ​យល់! ធ្វើ​ជា​ឪពុក​ម្ដាយ​គេ មិន​មែន​ស្រួល​អី​ណា! ប៉ុន្តែ​ឪពុក​ម្ដាយ​ត្រូវ​តែ​យល់ នៅ​ពេល​កូនៗ​ចាប់​ផ្ដើម​ប្រើ​ឧបករណ៍​ឌីជីថល​ពី​តូចៗ​ទៅ​កុមារ នឹង​ជួប​បញ្ហា​កាន់​តែ​លឿន។ ពេល​កូន​មាន​អាយុ ១០ ទៅ ១១​ឆ្នាំ ទើប​ឪពុក​ម្ដាយ​កត់​សម្គាល់​បញ្ហា​របស់​កូន។

មាន​ឪពុក​ម្ដាយ​ជាច្រើន​បាន​មក​ជួប​ខ្ញុំ ហើយ​បាន​និយាយ​ថា កូនៗ​របស់​ពួក​គេ​ញៀន​មិន​អាច​ដើរ​ចេញ​ពី​ឧបករណ៍​ឌីជីថល ពី​ទូរស័ព្ទ។

បញ្ហា​នេះ មិន​មែន​មក​ពី​ក្មេង​ទេ មក​ពី​ឪពុក​ម្ដាយ​ខ្លួន​ឯង​ហ្នឹង។

វា​សំខាន់​ដែល​កុមារ​ត្រូវ​យល់​ពី​បែបបទ​នៃ​ការ​ប្រើ​ឌីជីថល ចំណេះ​ដឹង​ពី​ការ​ប្រើ។ នេះ​ជា​មធ្យោបាយ​មួយ ដើម្បី​ពន្យល់​កូនៗ​យើង​ឲ្យ​មាន​សុខភាព​ល្អ​ជាង​មុន មាន​សុខ​មង្គល​ជាង​មុន និង​ចេះ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា។

លោក សាន សែល៖ តើ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​ទៅ​របស់​អ្នកស្រី​បណ្ឌិត តើ​ឪពុក​ម្ដាយ​គួរ​ឲ្យ​កូន​ប្រើ​ឧបករណ៍​ឌីជីថល​នៅ​អាយុ​ប៉ុន្មាន​ឆ្នាំ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ខ្ញុំ​មិន​អាច​និយាយ​ថា​នៅ​អាយុ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​រឿង​មួយ​ដែល​អាច​ធ្វើ​បាន គឺ​បង្រៀន​កុមារ​ពី​រឿង​ប្រើ​ឧបករណ៍​ឌីជីថល​នេះ​តាំង​ពី​ក្មេង​ឲ្យ​ហើយ។ បើ​ទោះ​វា​មិន​អាច​ជា​ដំណោះស្រាយ​ល្អ​ឥតខ្ចោះ​ក៏ដោយ យើង​ចាំបាច់​ត្រូវ​ធ្វើ​រហូត ដូចជា​របៀប​របប​ប្រើ ដែល​យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កូន។

ខ្ញុំ​មិន​គិត​ថា​ឲ្យ​ក្មេង​អាយុ ៣​ឆ្នាំ​ប្រើ​ឧបករណ៍​ឌីជីថល ជា​គំនិត​ល្អ​នោះ​ទេ។ ខ្ញុំ​មាន​គំនិត​មួយ​ដែល​លោក ប៊ីល ហ្គេតស៍ ធ្លាប់​ធ្វើ។ ការ​ភ្ជាប់​អ៊ីនធឺណិត​វា​មាន​សារសំខាន់ ហើយ​កុមារ​ក៏​ត្រូវការ​វា​ដែរ។ តែ​វា​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ត្រូវ​កាន់​ទូរស័ព្ទ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ទើប​អាច​ប្រើ​អ៊ីនធឺណិត​បាន​នោះ​ទេ។

ខ្ញុំ​មិន​អាច​ប្រាប់​អាយុ​ពិតប្រាកដ​ដែល​ក្មេង​គួរ​ចាប់​ផ្តើម​ប្រើ​បាន​ទេ។ សុំ​ទោស​ផង​ណា! តែ​ខ្ញុំ​ចង់​ឲ្យ​លោក​ក្រឡេក​មើល​ពី​អ្វី​ដែល ស្ទីវ ចបស៍ និង ប៊ីល ហ្គេតស៍ គិត។

លោក សាន សែល៖ តើ​អ្វី​ជា​មេរៀន​សំខាន់ៗ​ដែល​អ្នកស្រី​បណ្ឌិត ចង់​ឲ្យ​ឪពុក​ម្ដាយ​បង្រៀន​ដល់​កូនៗ​របស់​ពួក​គេ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ឪពុក​ម្ដាយ​ជាច្រើន​មាន​អារម្មណ៍​រអា ពេល​និយាយ​ដល់​រឿង​ប្រើ​ឧបករណ៍​ឌីជីថល ពីព្រោះ​គេ​យល់​ថា គេ​មិន​ដឹង​ពី​រឿង​នេះ ហើយ​យល់​ថា កូនៗ​គេ​យល់​ពី​រឿង​នេះ​ច្រើន​ជាង។

ទី​មួយ គឺ​វា​ចឹង​មែន (និយាយ​បែប​សើច)។ ក្មេងៗ​ច្រើន​តែ​យល់​ច្រើន​ជាង​ឪពុក​ម្ដាយ​របស់​ពួក​គេ ដូចជា​ពី​ការ​ប្រើប្រាស់ Apps ពី​ការ​លេង​ហ្គេម។ ក្មេង​ដឹង​ច្រើន! វា​ចឹង​មែន ប៉ុន្តែ​ក្មេង​អាច​មិន​ដឹង​ពី​របៀប​ប្រើ​របស់​ទាំងនេះ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ទំនួល​ខុស​ត្រូវ។ វា​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។

ខ្ញុំ​ដឹង​ពី​ការ​ប្រើ។ នរណា​ក៏​អាច​បើកបរ​បាន​ដែរ។ តែ​វា​មិន​មែន​អ្នក​អាច​បើក​ឡាន ហើយ​អាច​បើក​វា​ដោយ​សុវត្ថិភាព​នោះ​ទេ។

ខ្ញុំ​តែង​យល់​ថា ឪពុក​ម្ដាយ​មាន​អំណាច​ឥទ្ធិពល​ជាង​អ្វី​ដែល​គេ​ធ្លាប់​ដឹង។ វា​មិន​មែន​ជា​រឿង​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស ដែល​ពួក​គេ​មាន​នោះ​ទេ តែ​វា​ជា​រឿង​ទំនុក​ចិត្ត​ប្រាប់​កូនៗ។ ពិភពលោក​ឌីជីថល​ជា​ពិភព​របស់​ខ្ញុំ ជា​ពិភពលោក​មែន​ទែន។ ពួក​គេ​ក៏​ត្រូវ​ហ៊ាន​និយាយ​ដូច​អ្វី​ដែល​ពួក​គេ​ធ្វើ​ចំពោះ​កូន​នៅ​ក្រៅ​ចឹង។ គេ​ប្រាប់​ឲ្យ​កូន​ឈប់​ធ្វើ​អ្វី ដែល​យល់​ថា​មិន​ត្រឹមត្រូវ។ ពួក​គេ​គួរ​ធ្វើ​ចឹង​ដូច​គ្នា​ក្នុង​ពិភព​ឌីជីថល។

វា​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ត្រូវ​រឹតត្បិត​កូន​មិន​ឲ្យ​ប្រើ​អ៊ីនធឺណិត​ទេ។ មាន​វិន័យ​គ្រួសារ។ គ្រួសារ​មាន​សុភមង្គល គេ​មាន​វិន័យ​ប្រចាំ​គ្រួសារ។ ពេល​ណា? ម៉ោង​ណា? ត្រូវ​ញ៉ាំ​បាយ ត្រូវ​ទៅ​សម្រាក សម្រាប់​កុមារ។ ខ្ញុំ​ផ្តល់​គំនិត​អ៊ីចេះ ឪពុក​ម្ដាយ​គួរ​ធ្វើ​ដូច​គ្នា។ ពេល​ដែល​ក្មេង​គួរ​ប្រើ​ឧបករណ៍​ឌីជីថល ចំនួន​ម៉ោង​ដែល​គួរ​ប្រើ ក្មេង​គួរ​មើល​ខ្លឹមសារ​បែប​ណា។ ឪពុក​ម្ដាយ​ត្រូវ​មាន​វិន័យ​នេះ​សម្រាប់​គ្រួសារ។

ទី​ពីរ ឪពុក​ម្ដាយ​ត្រូវ​និយាយ​ជាមួយ​កូន​ផ្ទាល់ ហើយ​សួរ​ក្មេង។ ត្រូវ​មាន​ការ​ជជែក​បែប​នេះ​ឲ្យ​បាន​ទៀងទាត់​ពី​ជីវិត​លើ​ឌីជីថល។

វា​អាច ក្មេង​មិន​ចង់​និយាយ​ពី​រឿង​នេះ។ តែ​ឪពុក​ម្ដាយ​ត្រូវ​ប្រាប់​ឲ្យ​ក្មេង​ដឹង។ ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​កូន​មាន​អារម្មណ៍​ស្និទ្ធស្នាល មិន​មាន​អារម្មណ៍​ថា​ខ្លាច​ឪពុក​ម្ដាយ​ពេក​ដូច​សត្រូវ​នោះ​ទេ។ វា​សំខាន់​ដែល​ត្រូវ​កសាង​ទំនុក​ចិត្ត​រវាង​ម្តាយ​ឪពុក និង​កូន។ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​យល់​ពី​គេ ហើយ​ឪពុក​ម្ដាយ​ជា​មិត្តភ័ក្ដិ​ល្អ​របស់​ពួក​គេ។ បើ​ចឹង​មែន ឪពុក​ម្ដាយ​នឹង​ជា​មនុស្ស​ទី​មួយ​ដែល​ក្មេង​រត់​ទៅ​រក​ពេល​មាន​បញ្ហា​ត្រូវ​ពិភាក្សា។

ដូច្នេះ ទាំងនេះ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ​បាន។ វា​មិន​មែន​ជា​រឿង​បច្ចេកទេស​អី​ទេ។ វា​ជា​ការងារ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន។

ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​និយាយ​ពី​រឿង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​នេះ​ជាមួយ​កូនៗ ហើយ​ឪពុក និង​ម្តាយ ត្រូវ​រួម​ដៃ​គ្នា​ធ្វើ​រឿង​នេះ។ នេះ​ជា​មូលដ្ឋានគ្រឹះ​ដែល​យើង​ចង់​ប្រាប់​ទៅ​ឪពុក​ម្ដាយ​ពី​បញ្ហា​ឌីជីថល។

លោក សាន សែល៖ អរគុណ​ច្រើន​អ្នកស្រី​បណ្ឌិត សម្រាប់​ពេលវេលា និង​គំនិត​យោបល់​ទាំងនេះ។

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ចា៎! មិន​អី​ទេ។ ខ្ញុំ​ក៏​អរគុណ​លោក​ដែរ៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​បទសម្ភាសន៍​វគ្គ​១

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។