អង្គការដោះមីនជប៉ុន ហៅកាត់ថា (JMAS) ផ្ដល់ជំនួយថវិកា ៤២ម៉ឺនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់ CMAC) ដើម្បីបោសសំអាតចម្ការមីន នៅខេត្តបន្ទាយមានជ័យ។
អគ្គនាយស៊ីម៉ាក់ លោក ហេង រតនា ប្រាប់កាសែតក្នុងស្រុកថា ប្រាក់ជំនួយនេះ សម្រាប់បោសសំអាតចម្ការមីន ទំហំជាង៣០០ហិកតារ នៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។ លោកបន្តថា គម្រោងនេះ ក៏នឹងជួយដល់អ្នករងគ្រោះដោយសារគ្រាប់មីន តាមរយៈកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃតំបន់ដែលបានបោសសំអាតមីន រួចហើយផងដែរ។
គម្រោងដោះមីនរបស់ជប៉ុននេះមានរយៈពេល១២ខែ គឺចាប់ពីថ្ងៃទី០៨ ខែតុលាឆ្នាំនេះ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។
នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់បានដាក់ចេញផែនការបោសសំអាតផ្ទៃដីចម្ការមីន ឲ្យបាន ១២០គីឡូម៉ែត្រការ៉េ និងត្រូវការជំនួយប្រមាណ ១៨លានដុល្លារអាមេរិក។
លោក ហេង រតនា ឲ្យដឹងទៀតថា ការដោះមីន កន្លងមក ទើបតែបានពាក់កណ្ដាលនៃតំបន់ ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះ។ តំបន់ដែលមានគ្រាប់មីនច្រើនជាងគេ គឺស្ថិតនៅក្នុងស្រុកចំនួន២១ នៅខេត្តភាគពាយ័ព្យ តាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។
លោកអះអាងថា កម្ពុជាត្រូវការពេលវេលាប្រហែលជា ៨ឆ្នាំទៅមុខទៀតសម្រាប់ការបោសសំអាតផ្ទៃដីទាំងនោះឲ្យមានសុវត្ថិភាព ដោយត្រូវចំណាយប្រាក់ ប្រមាណពី ៥០ ទៅ ៦០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
