ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញ ជាក្តីកង្វល់ និងបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ដោយសារបញ្ហានេះ សាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ឬអង្គការចៃកា (JICA = Japan International Cooperation Agency) បានប្រជុំរកដំណោះស្រាយបញ្ហាកើតឡើងនោះ។
ជាលទ្ធផល ភាគីទាំងពីរសម្រេចដោះស្រាយបញ្ហានេះតាមរយៈការបំពាក់កាមេរ៉ាសុវត្ថិភាព តាមភ្លើងស្តុបនៅក្រុងភ្នំពេញ។
មន្ត្រីសាលារាជធានីភ្នំពេញសង្ឃឹមថា ភ្លើងស្តុបថ្មីដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន១០០ នឹងសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះអនុវត្តដោយសាលារាជធានីភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការចៃកា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ថា អង្គការចៃកា របស់ប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងប្ដូរភ្លើងស្តុបទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យទៅតាមស្តង់ដារតែមួយ គឺជាភ្លើងស្តុបដែលអាចបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិក។ ភ្លើងស្តុបទាំងនោះត្រូវដាក់នៅតាមដងផ្លូវ កន្លែងកកស្ទះចរាចរណ៍យូរ គឺបញ្ជាឲ្យភ្លើងរត់ទៅលឿន ដើម្បីឲ្យចរាចរណ៍សម្រួលបានលឿន។ រីឯកាមេរ៉ាវិញ ក៏នឹងនៅជាប់ភ្លើងស្តុបនោះដែរ ដើម្បីចាប់រូបភាពគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ៖ «បានសេចក្តីថា ភ្លើងស្តុបខ្លះយើងទិញនៅចិន ទៅ ភ្លើងស្តុបខ្លះយើងទិញនៅកន្លែងនេះកន្លែងនោះ វាខុសគ្នា អ៊ីចឹងយើងវាអត់ដូចគ្នាទេ អ៊ីចឹងគេទិញប្រព័ន្ធគេធ្វើភ្លើងស្តុបថ្មីឲ្យយើងដែលប្រព័ន្ធទាំងអស់ហ្នឹងវាស៊ីសង្វាក់គ្នាតែម្តង ដែលគេបញ្ជាបានស្រួលនៅពេលមានការកកស្ទះ នៅពេលដែលមានបញ្ហាស្អីៗទាំងអស់ហ្នឹង គេធ្វើឲ្យយើង ១០០ទីតាំង»។
កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤ អង្គការចៃកា និងសាលារាជធានីភ្នំពេញ ប្រជុំរកវិធីសម្រួលការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដោយអង្គការចៃកា ស្នើសុំជួសជុលភ្លើងស្តុបចាស់ៗ ហើយប្ដូរភ្លើងស្តុបថ្មីដែលមានភ្ជាប់កាមេរ៉ាចំនួន ១០០គ្រឿង។ អង្គការចៃកា នឹងស្នើសុំទៅរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ថវិកាមកក្នុងគម្រោងផ្លាស់ប្ដូរភ្លើងស្តុបក្នុងរាជធានីភ្នំពេញនេះ ដើម្បីជួយដោះស្រាយវិបត្តិកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធគម្រោងការបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុប និងជួយដោះស្រាយការបញ្ជាភ្លើងស្តុបពីយឺតទៅលឿននេះ ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន ថ្លែងថា ទាំងភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់តាមដងផ្លូវក្នុងរាជធានីភ្នំពេញនេះ សង្ឃឹមថានឹងដោះស្រាយវិបត្តិទាំងឡាយដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សតាមដងផ្លូវ និងជំរុញការធ្វើដំណើររបស់អ្នកបញ្ជាយានតាមដងផ្លូវបានរហ័សជាងបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ លោកថា កាមេរ៉ាសុវត្ថិភាពអាចតាមដាន និងអាចចាប់ជនខិលខូចដែលបង្កគ្រោះថ្នាក់តាមដងផ្លូវ ហើយរត់គេច ឬជំនួយបង្ក្រាបចោរកម្មផ្សេងៗ។ លោកស្នើសុំរដ្ឋាភិបាលជប៉ុន បើសិនអាចជួយបន្ថែមកាមេរ៉ាសុវត្ថិភាពបំពាក់នៅទីក្រុងសំខាន់ៗ ដូចជានៅក្រុងសៀមរាប ខេត្តសៀមរាប និងក្រុងព្រះសីហនុ ជាការប្រសើរ៖ «ហើយការបំពាក់បន្ថែមនេះជាប្រការមួយដ៏ល្អប្រសើរ សម្រាប់បង្កើនសមត្ថភាពខាងបច្ចេកទេស»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា លទ្ធផលនៃការសម្រេចរបស់ភាគីប្រទេសជប៉ុន ក្នុងជំនួយឧបត្ថម្ភភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពនេះ នឹងចេញផ្លែផ្កាក្នុងឆ្នាំ២០១៥ ឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
