តុលាការខេត្តកំពតហាមប្រជាសហគមន៍ខេត្តកំពតមិនឲ្យឃាត់ខ្លួនអ្នកនេសាទខុសច្បាប់
2014.11.23
តុលាការខេត្តកំពតបានព្រមានប្រជាសហគមន៍ត្រើយកោះក្នុងក្រុងកំពត ខេត្តកំពត កុំឲ្យឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ដូចលើកមុនៗទៀត។ ក៏ប៉ុន្តែប្រជាសហគមន៍បានជំទាស់នឹងការតវ៉ានេះ ដោយអះអាងថា បើពួកគាត់មិនចេញឃាត់បទល្មើសនេសាទដោយខ្លួនឯងទេ ល្មើសនេសាទខុសច្បាប់នឹងនៅតែកើតមាន។
ប្រជាសហគមន៍នេសាទត្រើយកោះ នៅថ្ងៃទី២៣ វិច្ឆិកា អះអាងស្ទើរគ្រប់គ្នាថា ការសម្រេចរបស់តុលាការដែលហាមមិនឲ្យពួកគាត់ចេញឃាត់ខ្លួនអ្នកនេសាទខុសច្បាប់នោះ មិនយុត្តិធម៌សម្រាប់ពួកគាត់ ហើយរឹតតែធ្វើឲ្យការនេសាទខុសច្បាប់កាន់តែកើនឡើងខ្លាំងថែមទៀត។
ប្រជានេសាទទាំងនោះ សម្ដែងការមិនពេញចិត្តចំពោះសេចក្ដី សម្រេចរបស់តុលាការនេះ ព្រោះយល់ថា ផលនេសាទនឹងត្រូវបាត់បង់ផុតពូជ ដោយសារការបង្ក្រាបបទល្មើសរបស់អាជ្ញាធរមិនមានប្រសិទ្ធភាព៖ «ពួកខ្ញុំពួកសហគមន៍របស់ដូនតោកនឹងអត់យល់ព្រម។ ហាមពួកខ្ញុំមិនឲ្យទៅចាប់ពួកឆក់នឹង អត់យល់ព្រមទេ ដោយសារអី បើទុកឲ្យគេឆក់ទៀត ពួកខ្ញុំអត់មានអីរកទេ មានតែស្រែនៅកន្លែងនឹងហើយ ដល់ឆក់ទៅវាអស់បាត់ហើយមានស្អីមានបង្ការណាឲ្យពួកខ្ញុំអូស។ ដល់តុលាការកោះហៅពួកខ្ញុំទៅអ៊ីចឹង តុលាការនឹងគាត់ហាមឃាត់ពួកខ្ញុំថា មិនឲ្យប្រជាពលរដ្ឋចាប់ពួកបទល្មើសនឹងទេ តែបើអាជ្ញាធរខាងជំនាញណាក៏ដោយបើមិនចេញធ្វើការអ៊ីចឹង ហើយពួកខ្ញុំមករកអ៊ីចឹង ពើពួកខ្ញុំមិនហាមឃាត់ ពូកខ្ញុំធ្វើម៉េចពួកខ្ញុំមិនអត់បាយហូបទេអ៊ីចឹង កន្លែងនឹងមួយពួកខ្ញុំអត់ព្រមតែម្ដង។ មិនឲ្យប្រជាជនចាប់ឆក់ ហើយប្រជាជនអត់សុខចិត្ត បើឆក់ពេញសមុទ្រអ៊ីចឹង ប្រជាជននេសាទអ្នកស្មោះត្រង់រកស៊ីស្មោះត្រង់មានអីរកទៀត ឆក់ពេញសមុទ្រអ៊ីចឹង ហើយគាត់ហៅ ខ្ញុំឡើងទៅខេត្តថាកុំឲ្យប្រជាជនចេញទៅចាប់ឲ្យសោះ បើអ៊ីចឹងមិនអត់បានប្រជាជនហើយ»។
ការតវ៉ានេះធ្វើឡើងបន្ទាប់ពី តុលាការខេត្តកំពតបានកោះហៅប្រជានេសាទត្រើយកោះ ចំនួន៦នាក់ ឲ្យចូលខ្លួនសាកសួរ អំពីការចាប់ឃាត់ទូកនេសាទខុសច្បាប់៣គ្រឿង និងឃាត់ខ្លួនអ្នកនេសាទ៩នាក់ កាលពីខែតុលាកន្លងទៅ។
ការកោះហៅប្រជានេសាទទាំង៦នាក់នោះ សាកសួរនោះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៨ វិច្ឆិកា ដល់ថ្ងៃទី២០ វិច្ឆិកា។ ប្រជានេសាទត្អូញត្អែរថា ពេលសាកសួរនោះមន្ត្រីតុលាការមិនផ្ដល់សិទ្ធិឲ្យពួកគាត់ពន្យល់ហេតុផល អំពីការចាប់ទូកនេសាទខុសច្បាប់ទេ។
ឆ្លើយតបទៅនឹងការតវ៉ារបស់ប្រជានេសាទត្រើយកោះនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ឲ្យដឹងថា ប្រជានេសាទត្រើយកោះ អាចយល់ច្រឡំចំពោះការសម្រេចរបស់តុលាការ៖ «អត់ទេមិនអញ្ចឹងទេ។ យើងថា បងចាប់ចុះ ពលរដ្ឋមានសិទ្ធិចាប់ទាំងអស់ ប៉ុន្តែចាប់បទល្មើសហើយយើងប្រគល់ឲ្យសមត្ថកិច្ចទៅយើងកុំចាប់ទុកខ្លួនឯងអ៊ីចឹងណា»។
ក៏ប៉ុន្តែប្រជានេសាទត្រើយកោះបន្តថា កន្លងមកពួកគាត់ចាប់ជនល្មើសនេសាទហើយមិនដែលទុកក្នុងសហគមន៍គេ គឺតែងប្រគល់ឲ្យសមត្ថកិច្ចជានិច្ច។
ក្រៅពីនេះពួកគាត់បន្ថែមថា ការនេសាទខុសច្បាប់នៅខេត្តកំពត និងខេត្តកែប កំពុងកើតឡើងពេញបន្ទុក មានទាំងទូកខ្មែរ ទាំងទូកវៀតណាម ប្រើឧបករណ៍ឆក់ និងប្រើភ្លើងហ្វា ឬអូសទូកគូ ជាដើមដែល ឧបករណ៍ទាំងនោះ សម្លាប់ត្រីទាំងតូចទាំងធំ គ្មានសល់។ ពួកគាត់បានទទូចដល់ ប្រមុខរដ្ឋាភិបាលឲ្យជួយចាត់វិធានការទប់ស្កាត់បទល្មើសនេសាទនេះជាបន្ទាន់ បើមិនដូច្នោះទេ ជលផលនេសាទនឹងត្រូវផុតពូជនាពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕