​កូនប្រុស​បណ្ឌិត ​កែម ឡី ថា ''ខ្ញុំ ​នឹកប៉ា ​និង​ចង់​យក​គំរូ​តាម​គាត់''

0:00 / 0:00

កូន​​ប្រុសច្បង​​របស់​បណ្ឌិត​ កែម ឡី ​ដែល​ពេលនេះ​ពេញរូប​ពេញរាង ​និយាយ​ថា ​ពួកគាត់​នៅតែ​នឹក​រលឹក​ដល់​ឱពុក​ជានិច្ច​ និង​​ចង់​យក​គំរូ​តាម​គាត់ ​នៅពេល​អនាគត។​ ពួកគាត់ លើក​ឡើងបែបនេះ​ ក្នុង​ពេល​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប៦ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត​ កែម ឡី ​នៅថ្ងៃទី១០ ​ខែកក្កដា​ ក្នុង​សមាគមខ្មែរ​រដ្ឋវិចតូរីយ៉ា​ (Victoria) ​ប្រទេស​អូស្ត្រាលី (Australia)។

ភរិយា ​និង​កូនៗ​របស់​បណ្ឌិត កែម ឡី ​ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី ​នាំគ្នា​រៀប​ចំ​ពិធី​បុណ្យ​រំលឹក​ខួប៦ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ​នៅថ្ងៃទី១០ ខែ​កក្កដា ​នៅទី​ស្នាក់​ការ​សមាគម​ខ្មែរ ​ស្ថិត​ក្នុង​តំបន់​ស្ព្រីងវែល​(Springvale) ​រដ្ឋវិចតូរីយ៉ា​ (Victoria)។ ពេល​នេះ ​កូន​ប្រុស​របស់​បណ្ឌិត កែម ឡី ​ទាំង​៥រូប​ កំពុង​ចម្រើន​វ័យ​ពេញរូប​ពេញ​រាង​សឹង​មើល​មិន​ស្គាល់ និងអាចចេះជួយចាត់ចែងពិធីបុណ្យរបស់ឪពុកបាន។

NGO and Kem Ley in 6 years on 10-07-2022-australia-1.jpg
សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលីធ្វើពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលី)

ឆ្លៀត​ពេល​កំពុង​ទទួលភ្ញៀវ​ចូលរួម​ពិធីបុណ្យ​ខួបឪពុក​នោះ ​កូនប្រុសច្បង​បណ្ឌិតកែម ឡី ​ឈ្មោះ​ កែម រ៉ានុច ​ប្រាប់វិទ្យុអាស៊ីសេរីថា​ មកទល់ពេលនេះ ​គ្មាន​វិនាទី​ណា​ដែល​ពួកគាត់​ភ្លេច​ឪពុក​នោះឡើយ ​ហើយ​ចាត់ទុក​ករណី​ឃាតកម្ម​លើ​ឪពុក​គឺជា​រឿង​អយុត្តិធម៌ បំផុត​។ រ៉ានុច ​ដែល​មាន​វ័យ២០ឆ្នាំ​ និង​ជា​និស្សិត​សកលវិទ្យាល័យ​​ឆ្នាំទី២ ​រៀបរាប់ថា ​ពួក​គាត់ ​ជាកូន​ៗ​នៅតែ​នឹករលឹក​ដល់​ឪពុក​ជា​ខ្លាំង​ ហើយ​​គិតថា ​នៅពេល​ខាងមុខ​​​ គាត់​នឹង​អាច​ដើរ​​តាម​គំរូ​របស់​ឪពុក​៖ «ខ្ញុំ​នៅ​នឹក​រាល់ថ្ងៃ។ ៦​ឆ្នាំ​វា​លឿន​ណាស់។ ខ្ញុំ​នៅតែ​គិតថា​គាត់(ប៉ា)​ទើបតែ​ទៅ​បាត់​ថ្មីៗ។ជូន​កាល​នៅ​ធម្មតា ​អត់សូវ​មាន​អីធ្វើ​ ក៏​នឹក​ឃើញ​គាត់។ តើ​សំណួរ៖​ តើ​គិត​ថា ​ការ​បាត់បង់​គាត់​មកទល់​ពេលនេះ​នៅ​មាន​អារម្មណ៍​ឈឺចាប់​បែប​ណា? ​ខ្ញុំ​គិត​ថា ​វា​អត់​មាន​យុត្តិធម៌​ទេ​(Fair)។ កាលគាត់​ទៅ​បាត់នោះ​ពួកខ្ញុំ​នៅ​តូចៗ ​អត់​សូវ​ដឹង​អី​ដែរ ។ ឥឡូវ​បាន​ដឹង​ថា ​វា​យ៉ាង​ម៉េច។ សំណួរ៖​ក្នុង​នាម​កូនបង ​តើប្អូន បន្ត​ធ្វើបែប​ណា​ដើម្បី​រក្សាកិត្តិនាម​ និង​គំរូវីរភាព​របស់​គាត់​ហើយ​ថា​តើ​នឹង​យក​គំរូ​តាម គាត់​អី​ដែរ​ទេ? ខ្ញុំគិត​ថា​អារម្មណ៍​របស់ខ្ញុំ ​ឥឡូវ​ខ្ញុំ​អត់​សូវទាន់​គិត​ពី​រឿង​ដើរ​តាម​គំនិត (Concept)​គាត់​ទេ។ ​តែ​សង្ឃឹម​ថា ​ថ្ងៃមុខទៅ ​ខ្ញុំនឹង​ដើរ​តាម​គាត់។សំណួរ៖ តើមានសារ អ្វីផ្ញើរទៅពលរដ្ឋខ្មែរជុំវិញពិភពលោកដែលគោរពស្រលាញ់ប៉ារបស់ប្អូនទេ?ខ្ញុំ​អរគុណ​ដល់​ពូមីង​យាយតា​ដែល​បាន​នៅគាំទ្រ​គាត់​និង​នឹក​ស្រលាញ់​គាត់»

កូនប្រុសទី២​របស់​បណ្ឌិត​កែម ឡី ​ឈ្មោះ ​កែម ម៉ានុត​ វ័យ១៨ឆ្នាំ ​ក៏​នឹករលឹក​ឪពុក​​មិន​ខុស​ពី​បងដែរ។ ម៉ានុត ​ប្រាប់​ថា ​នឹក​ដល់​ឪពុក​គ្រប់ពេល​ ព្រោះ​កាលគាត់ ​នៅ​មាន​ជីវិត ​តែង​ចំណាយ​ពេល​ច្រើន​ជាមួយ​ពួកគាត់ ​ទោះជា​មមាញឹក​ការងារ​បែបណា​ក្តី។កូនប្រុសទី២រូបនេះ​ បន្តថា ​គាត់​ ក៏នឹកដល់ស្រុកខ្មែរ និងចង់ទៅឃើញនិងគោរព​ផ្នូរ​ឪពុក​ផងដែរ។

ងាកមក​ពិធី​បុណ្យ​វិញ ​ពិធី​នេះ​ មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់​ ដោយ​មាន​ការ​​​រាប់​បាត្រ​ប្រគេន​​​ព្រះសង្ឃ​ដើម្បី​បង្សុកូលឧទ្ទិស​កុសលផល​បុណ្យ​ដល់វិញ្ញាណក្ខខន្ធ​បណ្ឌិតកែម ឡី ​។​ក្រៅពីនេះ ​​មាន​ការ​ថ្លែងសារ​ទាមទារ​យុត្តិធម៌​​ពី​ព្រះសង្ឃ ​តំណាង​គណបក្សសង្រ្គោះជាតិ ​​​និង​តំណាង​សហគមន៍​ខ្មែរ។​​​

NGO and Kem Ley in 6 years on 10-07-2022-australia-Son.jpg
កូនប្រុសរបស់លោកបណ្ឌិត កែម ឡី ចូលរួមរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើឪពុក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលី)

តំណាង​រាស្ត្រអូស្ត្រាលី ​​ដើមកំណើតខ្មែរ ​លោក តាក់ ម៉េងហ៊ាង ​ថ្លែងថា ​លោក​ និង​ ពលរដ្ឋខ្មែរ​ជុំវិញ​ពិភពលោក​ ​នៅតែ​ចងចាំ​ជានិច្ច​និង​សោកសង្រែង​នៅថ្ងៃ​ដែល​ឃាតក ​បាញ់ប្រហារ​ផ្តាច់​ជីវិត​បណ្ឌិត កែម ឡី។ ​លោក តាក់ ម៉េងហ៊ាង​ អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋខ្មែរ​ទាំងអស់ ​បន្ត​នឹករលឹក​ដល់​វីរភាព​និង​ការ​ពលីជីវិត​របស់​បណ្ឌិត កែម ឡី​ដោយ​សារ​ស្មារតី​ជាតិ​និយម​របស់​គាត់​។​ ក្រៅពីនេះ ​លោក​ អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ជុំវិញ​ពិភពលោក ​​​បន្តរួបរួម​សាមគ្គីគ្នា​ដើម្បី​ទាមទារឲ្យ​មានការ​ផ្តន្ទាទោស​អ្នកប្រព្រឹត្ត ​និង​អ្នកពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​បណ្ឌិត កែម ឡី ​ឲ្យបាន​ពេញលេញតាម​ផ្លូវច្បាប់​៖ «សូម​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ដល់​អាជ្ញាធរ ​និង​តុលាការ​ដែល​មាន​ភារកិច្ច​នៅ​ក្នុងការ​វែកមុខ​ឃាតក​ពិត​ប្រាកដ ​ព្រោះ​យើង​ដឹងថា​ ជួប សម្លាប់ ​ពិតណាស់​ជា​ឃាតក​សុប្បនិម្មិត​ហើយ​ពលរដ្ឋខ្មែរ​របស់​យើង​នៅ​ទីណា​ក៏ដោយ​ ឃាតក​នេះ​ជាឃាតក​សុប្បនិម្មិត។​ដូច្នេះ​យើង​មិនអាច​ទទួល​យក​បាន​នូវ​លទ្ធផល​តាម​ការ​កាត់ក្តី​ពេលកន្លង​មក​នេះ​ទេ។ហើយ​នឹង​បន្ត​អំពាវនាវ​ដល់​ប្រទេសជាមិត្ត​ដូចជា​ប្រទេស​អូស្ត្រាលីនេះ​ ដើម្បី​ធ្វើការ​បន្តទៀត​នៅក្នុងការ​ទាមទារ​ឲ្យមាន​ការកាត់ក្តី​មួយ​ដោយ​ឯករាជ្យ​ និង​ការកាត់ក្តី​មួយ​ដែល​ខ្មែរ​យើង​ទាំងអស់​អាច​ទទួល​យក​បាន»

NGO and Kem Ley in 6 years on 10-07-2022-australia-MP.jpg
លោក តាក់ ម៉េងហ៊ាង តំណាង​រាស្ត្រអូស្ត្រាលី ​​ដើមកំណើតខ្មែរឡើងថ្លែងនៅក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលី)

ជាមួយគ្នានេះ ​តំណាងអង្គការ​សម្ព័ន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា(CAPPAC) ​ឬអង្គការ​២៣តុលា​អូស្រ្តាលី លោក ​ ប៉ែន គាត ​ លើកឡើងថា ​បណ្ឌិត កែម ឡី ​បាន​លះបង់ធំធេង​ដើម្បី​ប្រយោជន៍​ជាតិ​។ ក្រៅពី​ទាមទារ​យុត្តិធម៌​នោះ ​លោក ​ប៉ែន គាត ​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ គួរតែ​បន្ត​ចូលរួម​ជួយ​ឧបត្ថម្ភគាំទ្រ​​ដល់​កូនៗ​របស់លោក​ ​ឲ្យ​មាន​លទ្ធភាព​​រៀន​សូត្រ​ខ្ពង់ខ្ពស់​ដូច​ឪពុក។​​​

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំរដ្ឋវិចតូរីយ៉ា​(Victoria)លោក អ៊ិន ហេមរា​ វិញ លោក​ ថ្លែងថា ​ទោះបី​បណ្ឌិត​កែម ឡី​ ​ត្រូវបាន​ឃាតក​ផ្តាច់​ជីវិត​អស់រយៈពេល​ ៦ឆ្នាំ​ហើយ​ ក្តី ​ប៉ុន្តែ​រូបលោក​និង​ពលរដ្ឋខ្មែរ​គ្រប់ទី​កន្លែង​នៅតែ​សោកសៅ​ និង​ចង់បាន​យុត្តិធម៌​ពិត​ប្រាកដ​។​លោក ​យល់​ថា​ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ គ្មានឆន្ទៈ​ផ្តល់​យុត្តិធម៌​ដល់​បណ្ឌិត កែម ​ឡី ​និង​អ្នកស្នេហាជាតិ​ផ្សេង​ទៀត​ឡើយ៖ «សូម​អំពាវនាវ​ដល់​បងប្អូន​ជាពិសេស​យុវជន​ដែល​គោរព និង​ស្រលាញ់​ឧត្តម​បណ្ឌិត កែម ឡី ​។យើង​មិន​ត្រឹមតែ​គោរព​ស្រលាញ់​គាត់ទេ ​យើង ត្រូវតែ​អនុវត្ត​នូវ​ដំបូន្មាន​របស់​គាត់​គឺធ្វើយ៉ាងណា​ឲ្យ​ប្រទេស​របស់​យើង​មាន​សិទ្ធិសេរី ភាព​ក្នុងការ​បញ្ចេញមតិ​ ធ្វើឲ្យ​ប្រទេស​របស់​យើង​មាន​​លទ្ធិប្រជាធិបតេយ្យ ​ហើយ​យើង​រួមដំណើរ​ទាំងអស់​គ្នា​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ឧត្តមបណ្ឌិត កែម ឡី ​ពីព្រោះ​ពាក្យ​បណ្តាំ​របស់​គាត់​មួយ​ថា ''ទោះបីជា​យើង​មិន​ធ្វើ​អ្វី​សោះ​ ក៏យើង​គង់តែ​នឹង​រងគ្រោះ​ដែរ»

ពិធីបុណ្យ​ខួប​បណ្ឌិត កែម ឡី ​តែងតែ​ធ្វើទ្រង់ទ្រាយ​ធំ​នៅ​ប្រទេសអូស្ត្រាលី​ ដោយសារ​មាន​វត្តមាន​គ្រួសារ​របស់​លោក​ផង​ និង​​ដោយសារ​មុន​ឃាតកម្ម​ប៉ុន្មានខែ ​លោក ​ធ្លាប់​បំពេញ​ទស្សនកិច្ច​ជួប​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​អូស្រ្តាលីផង​។ ក្រៅពី​រៀបចំ​ពិធី​បុណ្យ​​ខួបនៅ​ទី​ស្នាក់​ការ​សមាគម​ខ្មែរ ​​ក្នុង​តំបន់​ស្ព្រីងវែល​ ពលរដ្ឋខ្មែរ​ ក៏រៀបចំ​ពិធី​ដូចគ្នា​នៅ​ពុទ្ធិក​សមាគខ្មែរ​សាជីវកម្ម​នៃ​រដ្ឋញូវ​សោធវែល​ ក្នុង​ទីក្រុងស៊ីតនី​(Sydney)​ដែរ។​

NGO and Kem Ley in 6 years on 10-07-2022-australia-wife.jpg
អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ថ្លែងក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើស្វាមី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលី)

ប្រធានសមាគមខ្មែរ ​លោក ជា យូហ៊ន ​មានប្រសាសន៍​ថា បណ្ឌិត កែម ឡី​ ​ជា​អ្នក​ស្រាវជ្រាវ​និង​វិភាគ​ឯករាជ្យ ​ដែល​មាន​ឆន្ទៈ​ចង់​ឲ្យ​កម្ពុជា​ ក្លាយជាប្រទេស​មានការ​អភិវឌ្ឍរុងរឿង​ ​និងមាន​​ប្រជាធិបតេយ្យ​ពិតប្រាកដ។លោក ​នៅតែចាត់ទុក​ថា ឃាត​កម្មលើបណ្ឌិត កែម លី ​មិនទាន់មានយុត្តិធម៌នោះទេ​ ព្រោះ​អ្នក​ពាក់ព័ន្ធ ​ជា​ពិសេស អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង ​កំពុងរស់នៅ​ក្រៅ​សំណាញ់​ច្បាប់៖ «ខ្ញុំ​ជឿ​ច្បាស់​ថា​ បើសិនជា​ថ្ងៃក្រោយ​ទៅ ​រដ្ឋាភិបាល​ផ្តាច់ការ​ របស់​លោក ហ៊ុន សែន​ ចុះចេញ​ពី​ដំណែង​ ខ្ញុំ​ជឿច្បាស់ថា​ រកឃើញ​ភ្លាម។ប៉ុន្តែ​បើ​សិនជា​របបផ្តាច់ការ​នៅដដែល​ គឺ​យើង​រក​ឃាតក​មិនឃើញទេ។ចំពោះខ្ញុំ​ដែលជា​ប្រធាន​សមាគមខ្មែរ ​មែនទែន​ទៅ​ ខ្ញុំ​អត់​មាន​ធ្វើនយោបាយ​កាន់​ខាងណា​ទេ។ប៉ុន្តែខ្ញុំ​ចង់ឲ្យ​ ស្រុកទេស​របស់ខ្ញុំ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ដូចនៅ​អូស្ត្រាលី​នេះ»

ជុំវិញរឿងនេះ​ វិទ្យុអាស៊ីសេរី​ មិនអាច​សុំការ​​ឆ្លើយតប​ពី​ប្រធានអង្គភាព​អ្នកនាំពាក្យ​ រដ្ឋាភិបាល​លោក ​ផៃ ស៊ីផាន​ បានទេ​ ដោយ​ទូរស័ព្ទ​ចូលពុំ​មានអ្នកទទួល។

NGO and Kem Ley in 6 years on 10-07-2022-australia-son2.jpg
អ្នកចូលរួមនិងកូនៗរបស់លោកបណ្ឌិត កែម ឡី ក្នុងពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ សមាគមន៍ខ្មែរវិចតូរីយ៉ាសាជីវកម្មនៅប្រទេសអូស្ត្រាលី)

ក្នុងពិធីបណ្យបណ្ឌិតកែម​ឡីនេះ ធម្មកឋិកដ៏ល្បីមួយអង្គ គឺព្រះតេជគុណ សាន សុជា ក៏និមន្តចូលរួមទេសនាដែរ។ ព្រះអង្គ មានថេរដីកាថា កាលណានិយាយពីឈ្មោះបណ្ឌិត កែម ឡី មិនមានពលរដ្ឋខ្មែរណាម្នាក់មិនស្គាល់នោះទេ លើកលែងតែក្មេងមិនទាន់ដឹងក្តីប៉ុណ្ណោះ។ ព្រះអង្គ បន្តថា ការដែលមានពលរដ្ឋខ្មែរ ស្គាល់និងនឹករលឹកដល់រូបលោកជានិច្ចនេះ ព្រោះគាត់ បានបំពេញកិច្ចការងារដើម្បីផលប្រយោជន៍ពលរដ្ឋនិងជាតិខ្មែរ៖ «ស្អីដែល​យើង​គួរនឹក​រលឹក​នោះ​គឺ​គំនិត​ ជា​ចំណេះ​ជាយោបល់ ​ដែល​គាត់​បាន​ផ្តល់​ឲ្យ​ដោយ​ការនិយាយ​ក្តី​ដោយ​ការសរសេរ​ជាសៀវភៅ​ក្តី ​ដូច្នេះ​អ្វីៗ​ដែល​ជាការ​នឹករលឹក ​របស់​ជាតិខ្មែរ​យើង​ មិនងាយ​បាត់បង់​សាបសូន្យ​ទៅ​វិញ​ គឺ​នឹករលឹក​ដោយ​មនោ​សញ្ចេតនា​។នឹក​ដល់​កិច្ចការ​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​។បើ​ឈ្មោះថា​ជា​ការនឹករលឹក​ ជា​ការ​ដឹងគុណ ​វាទាល់តែ​ដឹងថា​គាត់​ធ្វើអី​ បើមិនដឹងថា​ គាត់​ធ្វើអីផង​ មិន​ដឹងថា​ គាត់​និយាយ​អីផង ​មិន​ដឹងថា​កិច្ចការងារ​គាត់​យ៉ាង​ម៉េចផង​ ក្តី​នឹករលឹក​នោះ​ មិន​យូរទេ​ មិន​អង្វែងទេ​ បន្តិច​នឹង​សាបអស់»

ក្រៅពី​ប្រទេសអូស្ត្រាលីនេះ ​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ​នៅតាម​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេសថៃ ​(Thailand) ​និង​ប្រទេស​កូរ៉េខាងត្បូង​(South Korean)​ ក៏បាន​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប​ឧទ្ទិស​មគ្គផល​​ និង​ទាមទារ​យុត្តិធម៌​សម្រាប់​បណ្ឌិត ​កែម ឡី ​ដែរ។​

ក្រោយ​ពិធី​បុណ្យនេះ​ ភរិយា​បណ្ឌិត កែម ឡី ​គឺ​លោកស្រី ប៊ូ រចនា ​បានផ្ញើសារ​​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ចូលរួម​ និង​អ្នករៀបចំ​ពិធី​បុណ្យ​ខួប​បណ្ឌិត កែម ឡី ​​ទាំង​នៅ​ស្រុកខ្មែរ​ និង​នៅ​ប្រទេស​ផ្សេងៗ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។