គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់

ដោយ វ៉ាន វណ្ណដេត
2017.07.08
ប្អូន កែម ឡី កែម រិទ្ធិសិត ៨៥៥ ២០១៧ ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ចូលរួម​ពិធី​បុណ្យ​ខួប​១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ពិធី​បុណ្យ​ខួប ១​ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ថ្ងៃ​អាទិត្យ ទី​៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។

រោង​បុណ្យ​ខួប ១​ឆ្នាំ ដើម្បី​រំលឹក​ថ្ងៃ​ស្លាប់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​រួច​រាល់​ហើយ​នៅ​ទីតាំង​ផ្នូរ​បណ្ឌិត កែម ឡី ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ លោក កែម រិទ្ធិសិត រៀបរាប់​ថា ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នេះ ក្រុម​គ្រួសារ​នឹង​និមន្ត​ព្រះសង្ឃ ៥១​អង្គ ជា​តំណាង​ឲ្យ​អាយុ​របស់​លោក​បណ្ឌិត កែម ឡី គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ។

​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ក្រោយ ២​ថ្ងៃ​ដែល​លោក​បាន​វិភាគ​ទៅ​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​ចេញ​ផ្សាយ និង​រក​ឃើញ​ពី​ជំនួញ​ដ៏​មហិមា​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​បាន​មួយ​ឆ្នាំ ភរិយា​របស់​លោក​បណ្ឌិត គឺ​លោកស្រី ប៊ូ រចនា ដែល​បាន​នាំ​កូនប្រុស​ទាំង​៥ រត់​គេច​ខ្លួន​ពី​កម្ពុជា បាន​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់​ជីវិត​ប្ដី​លោកស្រី​ដើម្បី​សង្គម​ជាតិ បើ​ទោះ​ជា​លោកស្រី និង​កូនៗ មាន​ការ​នឹករលឹក​ប្ដី និង​ឪពុក​ជា​ខ្លាំង​ក៏ដោយ។

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ផ្នូរ​របស់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា វេលា​ម៉ោង ២​កន្លះ​រសៀល។

​ប្អូនប្រុស​លោក​បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ប្រាប់​ថា មិន​ថា​តែ​អ្នក​នយោបាយ ឬ​ពលរដ្ឋ​ទូទៅ​ទេ ក្រុម​គ្រួសារ​នៃ​សព​ស្វាគមន៍ និង​អំពាវនាវ​ឲ្យ​ចូលរួម​ទាំង​អស់។ លោក​ប្រាប់​ថា បងប្រុស​លោក​កាល​នៅ​រស់​ជា​មនុស្ស​ឯករាជ្យ ទោះ​បក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច ក៏​បងប្រុស​លោក​មិន​ដែល​ញញើត​ក្នុង​ការ​រិះគន់​នោះ​ទេ ដូច្នេះ​នៅ​ថ្ងៃ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គ្រួសារ​សព​ក៏​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​អាច​ចូលរួម​ក្នុង​ពិធី​បុណ្យ​បាន«បង​ប្រុស​របស់​ខ្ញុំ គឺ​ជា​អ្នក​ឯករាជ្យ គឺ​គាត់​និយាយ​តែ​ត្រឹមត្រូវ ខាង​ណា​ធ្វើ​មិន​ល្អ គឺ​គាត់​កែលំអ បើ​សិន​ជា​ខាង​ណា​មួយ​មិន​កែលំអ គឺ​គាត់​នៅ​តែ​និយាយ។ ចឹង​គឺ​មិន​ប្រកាន់​ថា​បក្ស​សង្គ្រោះ​ជាតិ ឬ​មួយ​ក៏​បក្ស​ប្រជាជន​ណា​ដែល​ធ្វើ​ខុស​ធ្វើ​មិន​ត្រូវ​ទេ គឺ​គាត់​តែងតែ​រិះគន់​ដើម្បី​ស្ថាបនា។ គឺ​យើង​អំពាវនាវ​រាល់​គ្រប់​គណបក្ស ហើយ​និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស និង​នៅ​ស្រុក​ក្រៅ សុំ​ឲ្យ​ចូលរួម​ខួប ១​ឆ្នាំ បើ​យើង​គិត​ថា​នៅ​តែ​មាន​តម្លៃ​សម្រាប់​ជាតិ សម្រាប់​កូន​ចៅ​តទៅមុខ​ទៀត»

រយៈពេល​១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គ្រួសារ​របស់​លោក​បណ្ឌិត បាន​បែក​បាក់​សាច់​ញាតិ​បង​ប្អូន ដោយ​លោក​បណ្ឌិត​ស្លាប់ ប្រពន្ធ​កូន​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា ឯ​អ្នក​ម្ដាយ​របស់​បណ្ឌិត កែម ឡី មួយ​ឆ្នាំ​មក​នេះ លោក កែម រិទ្ធិសិត ប្រាប់​ថា មិន​ដែល​បាន​ឃើញ​ស្នាម​ញញឹម​របស់​អ្នក​ម្ដាយ​លោក​នោះ​ទេ ក្រៅពី​ទៅ​វត្ត​ដោយ​ភាព​ស្រងូតស្រងាត់។ ម្ដាយ​លោក​មានតែ​ទឹកភ្នែក​រលីងរលោង នឹក​កូន​នៅ​មុខ​ផ្នូរ​តែប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា លោក កែម រិទ្ធិសិត នៅ​តែ​សង្ឃឹម​យុត្តិធម៌​សម្រាប់​គ្រួសារ និង​សព។ លោក​ថា លុះ​ណា​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ឯករាជ្យ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។