ក្រុម​បាតុករ​ដុត​ទង់ជាតិ​វៀតណាម​ទាមទារ​ឲ្យ​សុំទោស​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម

0:00 / 0:00

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ទឹក​ដី​កម្ពុជា​ក្រោម ដែល​វៀតណាម បាន​និយាយ​បំភ្លៃ​កន្លង​មក។

ក្នុង​ពេល​តវ៉ា​នោះ បាតុករ​ស្រែក​ជេរ​រដ្ឋាភិបាល​វៀតណាម ហើយ​ថែម​ទាំង​ដុត​ទង់ជាតិ​វៀតណាម ទៀត​ផង។

ទង់ជាតិ​វៀតណាម ប្រមាណ ៤ ទៅ ៥​ផ្ទាំង និង​ទង់​ក្រដាស​ជាច្រើន​សន្លឹក​ផ្សេង​ទៀត ត្រូវ​បាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ក្រុម​យក​មក​ជាន់​ឈ្លី រួច​ដុត​កម្ទេច​ចោល ដើម្បី​សម្ដែង​កំហឹង​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម និង​មិន​ព្រម​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។ ពួក​គេ​គំរាម​ថា អាច​នឹង​មាន​ការ​ដុត​ជា​បន្តបន្ទាប់​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម មិន​ព្រម​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

«សំឡេង»

ក្រៅ​ពី​ជាន់​ឈ្លី និង​ដុត​ទង់ជាតិ​វៀតណាម បាតុករ​មួយ​ចំនួន​ផ្សេង​ទៀត បាន​យក​ស្ទីកឃ័រ​ទង់ជាតិ​វៀតណាម ទៅ​បិទ​ជាប់​នឹង​ស្បែក​ជើង បាត​ជើង ព្រម​ទាំង​គូទ​របស់​ពួក​គេ ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រទេស​វៀតណាម។ ស្រប​ពេល​ជាមួយ​គ្នា ក៏​មាន​បាតុករ​ផ្សេង​ទៀត ខ្លះ​ស្រែក​បន្ទរ ខ្លះ​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។ ហើយ​ខ្លះ​ទៀត ស្រែក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំ​គ្នា​ឈប់​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​វៀតណាម នៅ​កម្ពុជា បន្ត​ទៀត។

«សំឡេង»

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​វៀតណាម ហើយ​ក៏​ជា​លើក​ទី​២​ដែរ ដែល​ឈាន​ដល់​ការ​ដុត​កម្ទេច​ទង់ជាតិ​វៀតណាម ដូច្នេះ បើ​ទោះ​ជា​រដ្ឋាភិបាល​វៀតណាម ធ្លាប់​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​រារាំង​មិន​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ពួក​គេ និង​ចំពោះ​អ្នក​ដែល​ហ៊ាន​ដុត​ទង់ជាតិ​វៀតណាម ក៏ដោយ។ យ៉ាង​ណា​ក៏ដោយ ដូច​បាតុកម្ម​មុនៗ​ដែរ មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​ជា​អ្នក​ដឹក​នាំ​បាតុកម្ម​នេះ មាន​ប្រសាសន៍​ថា ពលរដ្ឋ​សម្ដែង​កំហឹង​ឈឺ​ចាប់​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​វៀតណាម ហើយ​លោក​សង្ឃឹម​ថា រដ្ឋាភិបាល​វៀតណាម ព្រម​ប្រកាស​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដើម្បី​កុំ​ឲ្យ​ជម្លោះ​ប្រវត្តិសាស្ត្រ​នេះ​អូស​បន្លាយ​ត​ទៅ​ទៀត៖ «ឃើញ​គាត់​មាន​កំហឹង​ជាង​មុន យើង​ស្ទើរ​តែ​ទប់​មិន​ចង់​បាន។ ក្នុង​ឋានៈ​យើង​អ្នក​រៀបចំ យើង​មាន​ការ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព យើង​ទប់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ដោយសារ​យើង​ឃើញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ លោក​ពុះ​កញ្ជ្រោល​ខ្លាំង។ ដូច្នេះ ដើម្បី​បញ្ចប់​បញ្ហា​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ខ្មែរ ធ្វើ​កិច្ចការ​ជាមួយ​រដ្ឋាភិបាល​យួន ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យួន ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ជា​លាយលក្ខណ៍​អក្សរ នេះ​គឺ​បញ្ចប់​បញ្ហា​ទាំង​អស់​ហើយ»

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម នោះ​ទេ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​ការពារ​សន្តិសុខ​សុវត្ថិភាព​របស់​ស្ថានទូត។ យ៉ាង​ណា​ក៏ដោយ បើ​ទោះ​ជា​មាន​ការ​ដាក់​ពង្រាយ​សមត្ថកិច្ច​ច្រើន​រយ​នាក់​នៅ​ក្បែរ​ស្ថានទូត​វៀតណាម ក្តី ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​បាតុករ​ឡើយ។

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (adhoc) លោក នី ចរិយា ដែល​ចូលរួម​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​របស់​ខ្មែរ​ក្រោម​ដែរ​នោះ កត់​សម្គាល់​ថា ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​ពេល​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពួក​គាត់។ លោក​មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចប់​ការ​តវ៉ា​នេះ រដ្ឋាភិបាល​វៀតណាម គួរ​ចេញ​មុខ​ដោះស្រាយ និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​កំហឹង​ជាតិ​សាសន៍​រវាង​ប្រជាជាតិ​ទាំង​ពីរ។ ចំពោះ​ការ​ដុត​ទង់ជាតិ​វៀតណាម វិញ លោក នី ចរិយា យល់​ថា វា​កើត​ឡើង​ដោយសារ​កំហឹង​ស្នេហា​ជាតិ ដែល​លោក​ថា សូម្បី​តែ​ពលរដ្ឋ​វៀតណាម ក៏​ធ្លាប់​ដុត​ទង់ជាតិ​ចិន ដែរ នៅ​ពេល​ដែល​វៀតណាម មាន​ជម្លោះ​ដែន​កោះ​ជាមួយ​ចិន។

លោក នី ចរិយា៖ «កាល​ណា​វៀតណាម ធ្វើ​របៀប​នេះ គឺ​ជា​អំពើ​មួយ​ដែល​ខ្ញុំ​យល់​ថា ធ្វើ​ឲ្យ​មាន​ការ​ដុត​នូវ​កំហឹង​ជាតិ​សាសន៍ ហើយ​អា​ហ្នឹង​វា​អាច​ឈាន​ទៅ​ដល់​មាន​បញ្ហា​ហិង្សា​ខាង​ជាតិ​សាសន៍ អ៊ីចឹង​វា​មិន​មែន​ជា​រឿង​មួយ​ល្អ​ទេ បើ​គ្រាន់​តែ​យើង​ប្រកាស​ជា​សាធារណៈ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​មួយ​ម៉ាត់ វា​មិន​មែន​ជា​រឿង​អី​ធំ​ដុំ​សោះ ដែល​វៀតណាម គួរ​តែ​ធ្វើ»

ការ​ប្រមូល​ផ្តុំ បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ៤ និង ៣០​នាទី​រសៀល។ បើ​តាម លោក ថាច់ សេដ្ឋា បាតុករ​នឹង​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​៥ និង​ទី​៦ តុលា។ ចំណែក​នៅ​ថ្ងៃ​ទី​៧ និង​ទី​៨ តុលា ពួក​គេ​នឹង​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដើរ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា នៅ​វិមាន​សន្តិភាព នៅ​ស្ថានទូត​បារាំង និង​នៅ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។