កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ ទាហានការពារព្រំដែនថៃ ខេត្តសុរិន្ទ បានបញ្ជូនសាកសពស្ត្រីខ្មែរម្នាក់ត្រឡប់មកឱ្យក្រុមគ្រួសារវិញ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
សាកសពស្ត្រីខ្មែរឈ្មោះ ផន ចែម អាយុ ៥៥ឆ្នាំ ត្រូវទាហានថៃ នៃស្រុកកាប់ជើងខេត្តសុរិន្ទ បាញ់ស្លាប់នៅពេលដែលគាត់ដើរជីកមើមដំឡូងព្រៃ យកមកឱ្យគ្រួសារហូប ព្រមទាំងលក់ដូរខ្លះដើម្បីបានប្រាក់ទិញអង្ករជាដើម។
អាជ្ញាធរខេត្តឧត្តរមានជ័យ អះអាងថា គេកំពុងតវ៉ាតាមផ្លូវច្បាប់ ដោយទាមទារឱ្យមេបញ្ជាការយោធាថៃ ខេត្តសុរិន្ទ ឆ្លើយបំភ្លឺយ៉ាងច្បាស់លាស់ជុំវិញករណីបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់ជាជនស៊ីវិល ដែលតែងចូលព្រៃដើម្បីជីកដំឡូងព្រៃយកមកលក់រកកម្រៃចិញ្ចឹមជីវិត។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ថា អភិបាលខេត្តឧត្តរមានជ័យ កំពុងស្នើសុំទៅកងការពារព្រំដែនខ្មែរឱ្យស៊ើបអង្កេតទីតាំងដែលទាហានថៃ បាញ់សម្លាប់ស្ត្រីនោះ ថាតើវាស្ថិតនៅក្នុងទឹកដីខ្មែរ ឬក៏ទឹកដីថៃ? ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏បានឱ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទាមទារទៅទាហានថៃ ឱ្យបំភ្លឺយ៉ាងច្បាស់លាស់ជុំវិញករណីបាញ់សម្លាប់៖ «លោកជំទាវអភិបាលរងខេត្តដែលជាស្ត្រី បានទៅទទួលយកសាកសព ព្រមទាំងចូលរួមពិធីបុណ្យសពផង បានណែនាំទៅក្រុមការងារទំនាក់ទំនងព្រំដែន ទាមទារទៅភាគីថៃ ឱ្យឆ្លើយបំភ្លឺ។ ភាគីថៃ បានយល់ព្រមទទួលយកការទាមទារនោះ»។
ក្រុមគ្រួសាររបស់ស្ត្រីដែលទាហានថៃ បាញ់សម្លាប់នោះ បានត្រឹមតែទៅទទួលយកសាកសពពីទាហានថៃ មកធ្វើបុណ្យប៉ុណ្ណោះ ដោយមិនមានលទ្ធភាពប្ដឹងផ្ដល់តាមផ្លូវច្បាប់ទេ។
លោក ចក់ ជាន ជាកូនប្រុសរបស់ស្ត្រីរងគ្រោះ មានប្រសាសន៍ថា គាត់មានការឈឺចាប់យ៉ាងខ្លាំងនៅពេលដែលទាហានថៃ បាញ់សម្លាប់ម្ដាយរបស់គាត់ ក៏ប៉ុន្តែគាត់គ្មានលទ្ធភាពអ្វីដើម្បីទាមទារឱ្យទាហានថៃ សងថ្លៃជំងឺចិត្តចំពោះការបាត់បង់សាច់ញាតិនេះទេ៖ «សោកស្ដាយចេះតែសោកស្ដាយ ឈឺចាប់ចេះតែឈឺចាប់ហើយ ក៏ប៉ុន្តែមិនយើងធ្វើយ៉ាងម៉េច»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា លោកនឹងទៅជួបជាមួយក្រុមគ្រួសាររបស់ស្ត្រីឈ្មោះ ផន ចែម ដើម្បីជួយឱ្យពួកគេដាក់ពាក្យប្ដឹងចំពោះករណីនោះ ហើយលោកនឹងផ្ញើសំណុំរឿងទាំងឡាយទៅទីស្នាក់ការកណ្ដាលឯទីក្រុងភ្នំពេញ ដើម្បីជួយរៀបចំបណ្ដឹងប្រឆាំងទាហានថៃ តាមផ្លូវច្បាប់។
ក្នុងរយៈពេល ២ខែជាប់គ្នានេះ ទាហានថៃ ខេត្តសុរិន្ទ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ២នាក់ហើយ។ កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ ទាហានថៃ បានបាញ់សម្លាប់យុវជនខ្មែរម្នាក់ឈ្មោះ ហេង ម៉េងអ៊ី អាយុ ២១ឆ្នាំ នៅពេលយុវជនខ្មែររូបនោះឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ ឱ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៤ គឺមានប្រជាពលរដ្ឋខ្មែរចំនួន ៨នាក់ហើយ ដែលទាហានថៃ បាញ់សម្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
