រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ក្បែរ​វិមាន​ឯករាជ្យ​រាជធានី​ភ្នំពេញ។ ​ចូល​រួម​ជា​ព្រះរាជា​ធិបតី​ភាព និង​ចូល​រួម​ពិធី​នេះ មាន​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្ដេច​ម៉ែ មុនីនាថ សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល​​កម្ពុជា ប៉ុន្តែ​មិន​ឃើញ​វត្តមាន​ឥស្សរជន​នយោបាយ​បក្ស​ប្រឆាំង​ទេ។

0:00 / 0:00

នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រំលឹក​ពី​ព្រះរាជ​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះអង្គ ពី​នយោបាយ​​បង្រួប​បង្រួម និង​ផ្សះផ្សា​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ កុំ​ឲ្យ​បរទេស​មើល​ងាយ។ ជាង​នេះ ប្រមុខ​ដឹក​នាំ​ក៏​បាន​​ថ្លែង​ពី​គុណូបការៈ​​សម្ដេចឪ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។

​ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​យក​ឱកាស​នោះ​ប្រកាស​ផ្ដាំ​ផ្ញើ​ដល់​អ្នក​បន្ត​វេន ដែល​ត្រូវ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​​កម្ពុជា ជំនាន់​ក្រោយៗ ឲ្យ​ចង​ចាំ​នូវ​គុណូបការៈ​របស់​ព្រះ​រាជបិតា​ជាតិ​ខ្មែរ គឺ​មិន​មែន​ត្រឹម​តែ​ជា​ព្រះបិតា​ជាតិ​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ជា​ព្រះបិតា​ជាតិ​របស់​អ្នក​ទាំងអស់​គ្នា​រហូត​ត​ទៅ។ បន្ថែម​លើ​នេះ លោក​ប្រមុខ​ដឹក​នាំ​ក៏​បាន​ប្រកាស​ឲ្យ​រក្សា​ទុក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​សម្រាប់​បង្កើត​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ជាតិ​ត​រៀង​ទៅ។

លោក ហ៊ុន សែន៖ «ព្រះបិតា​ជាតិ​របស់​យើង​មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ទេ។ លោក​ថា​ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព​ទឹក ទទួល​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ​ដើម។ ព្រះបិតា​ជាតិ​របស់​យើង គឺ​ជា​ព្រះបិតា​ជាតិ​ជា​រៀង​រហូត។ ដូច្នេះ ទូល​ព្រះ​បង្គំ​ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​អំពាវនាវ​ចំពោះ​មុខ​អ្នក​ជំនាន់​ក្រោយ សូម​មេត្តា​រក្សា​ទុក​ថ្ងៃ​ទី​១៥ តុលា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ជាតិ»

​ថ្លែង​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ សម្ដេច​ម៉ែ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ជា​ពិសេស​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ លោក ហ៊ុន សែន បាន​អះអាង​​ថា នឹង​បន្ត​​រក្សា​ការពារ​របប​រាជា​និយម ការពារ​រាជ​បល្ល័ង្ក និង​ការពារ​ព្រះមហាក្សត្រ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់។

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ យាង​ចូល​រួម​ជា​ព្រះរាជា​ធិបតី​ភាព ក្នុង​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ក្បែរ​វិមាន​ឯករាជ្យ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ឆ្នាំ​២០១៣។
ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ យាង​ចូល​រួម​ជា​ព្រះរាជា​ធិបតី​ភាព ក្នុង​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ក្បែរ​វិមាន​ឯករាជ្យ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Den Ayuthyea)

យ៉ាង​ណា​ក៏ដោយ ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប សម្ដេច​ព្រះ នរោត្តម សីហនុ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា មិន​ឃើញ​វត្តមាន​ឥស្សរជន​នយោបាយ ឬ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូល​រួម​ទេ។

​​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មូលហេតុ​តំណាង​រាស្ត្រ​បក្ស​ខ្លួន​មិន​បាន​ចូល​រួម​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ដោយសារ​​លិខិត​អញ្ជើញ​ពី​ព្រះបរមរាជវាំង បាន​​មក​ដល់​​​​ប្រថុចញ៉ុច​ពេក គឺ​មក​ដល់​ល្ងាច​​ថ្ងៃ​ទី​១០ ខែ​តុលា ទៅ​ហើយ ហើយ​ម្យ៉ាង​លោក​ថា បេក្ខជន​តំណាង​រាស្ត្រ​​គណបក្ស​​​​សង្គ្រោះ​ជាតិ មួយ​ចំនួន បាន​ចេញ​ទៅ​ខេត្ត​ឆ្ងាយៗ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់ មិន​អាច​វិល​ទាន់។

បន្ថែម​លើ​នេះ លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​លិខិត​អញ្ជើញ គេ​អញ្ជើញ​តែ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​​រាស្ត្រ​អាណត្តិ​ទី​៥ ទេ គឺ​មិន​បាន​អញ្ជើញ​តំណាង​បក្ស​ទេ ទើប​បេក្ខជន​មិន​ជុំ​គ្នា និង​មិន​បាន​ត្រៀម​លក្ខណៈ​ជា​មុន។

យ៉ាង​នេះ​ក្តី លោក​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា នា​ទីស្នាក់ការ​ខណ្ឌ​ទួលគោក ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​ពិធី​បង្សុកូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ ហើយ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ដដែល លោក កឹម សុខា ឲ្យ​ដឹង​ថា បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​បក្ស​ខ្លួន នឹង​ទៅ​អុច​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដល់​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​​​កោដ្ឋ នា​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ។

លោក កឹម សុខា៖ «គេ​អត់​មាន​អញ្ជើញ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ផង គេ​អញ្ជើញ​តែ​តំណាង​រាស្ត្រ។ រឿង​មួយ​ទៀត យើង​មាន​កម្មវិធី​របស់​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា យើង​ធ្វើ​ពិធី​បង្សុកូល​ជូន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ទីស្នាក់ការ​បក្ស​ខណ្ឌ​ទួលគោក។ ហើយ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ដដែល យើង​សុំ​ទៅ​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ នៅ​ទី​កន្លែង​វិមាន​ព្រះ​បរម​រូប ដែល​ទើប​សម្ពោធ។ ហើយ​ឥឡូវ​នេះ យើង​កំពុង​ធ្វើ​លិខិត​ដាក់​ជូន​ព្រះបរមរាជវាំង ដើម្បី​ស្នើ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​វាំង​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ខាង​មុខ»

ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ បាន​កសាង​​ពី​ស្ពាន់​មួយ​ជំហរ មាន​កម្ពស់ ៤,៥​ម៉ែត្រ ក្នុង​​សម្លៀកបំពាក់​ខោអាវ​ធំ អោប​ដៃ​សំយុង​មក​មុខ បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាង​កើត និង​បាន​តម្កល់​​លើ​ទម្រ​មាន​កម្ពស់ ២,៧​ម៉ែត្រ។ វិមាន​ព្រះ​បរម​រូប​នេះ បាន​សាងសង់​នៅ​លើ​ខឿន​រាង​ចតុកោណកែង មាន​​បណ្តោយ ៥៤​ម៉ែត្រ និង​​ទទឹង ២៧​ម៉ែត្រ និង​មាន​ទីតាំង​​​នៅ​លើ​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រកាស​ក្នុង​ពិធី​សម្ពោធ​ថា វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចំណាយ​ថវិកា​សាងសង់​ជាង ១​លាន ២​សែន​​ដុល្លារ​សហរដ្ឋ​អាមេរិក (១.២២៩.៨២០​ដុល្លារ)។

ទាក់ទិន​បញ្ហា​នេះ​ដែរ ព្រះករុណា ព្រះបាទ​ព្រះ​បរម​នាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា នរោត្តម មុនីនាថ សីហនុ បាន​ចេញ​ព្រះរាជសារ ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ថ្លែង​អំណរ​គុណ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ទាំងអស់ ដែល​បាន​ខិតខំ​កសាង​វិមាន​ព្រះ​បរម​រូប ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដ៏​ស្កឹមស្កៃ និង​ល្អ​ប្រណីត នៅ​លើ​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ ហើយ​បាន​ប្រារព្ធ​​ព្រះរាជ​ពិធី​សម្ពោធ នៅ​ថ្ងៃ​ទី​១១ ខែ​តុលា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។