ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង​ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​ក្បែរ​ព្រំដែន

ដោយ មុំ សុផុន
2014.11.24
ព្រំដែន ខ្មែរ វៀតណាម ៣០៥ ១៤-មីនា-២០១០: បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ច្រក​ព្រែក​ចាក ក្នុង​ស្រុក​កំពង់​ត្រាច ខែត្រ​កំពត
RFA/សេក បណ្ឌិត

ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​តែងតែ​ធ្វើ​ចំណាក​ស្រុក ដើម្បី​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្លួន​រស់​នៅ ដូច​ជា​ចេញ​ពី​តាម​ខេត្ត​នានា​ទៅ​រក​ការងារ​នៅ​ទី​ក្រុង​ភ្នំពេញ ហើយ​ខ្លះ​ទៀត​គឺ​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ផង។ រី​ឯ​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន​ភាគ​ខាង​លិច​ ដូច​ជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ឬ​បន្ទាយមានជ័យ ជា​ដើម គឺ​ចេញ​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ដូចជា​ដក​ដំឡូង ​កាច់​ពោត ឬ​ការ​ងារ​កសិកម្ម​ផ្សេងៗ។

ចុះ​ចំណែក​ពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្វាយរៀង វិញ​តើ​ពួក​គាត់​ប្រកប​របរ​អ្វី​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់?

ការ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ គឺ​ជា​មុខ​របរ​ចម្បង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ជន​បទ។ ចំណែក​ឯក​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​វិញ គឺ​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ ពួក​គាត់​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ការងារ​ធ្វើ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ជួយ​ផ្គត់​ផ្គង់​ដល់​ក្រុម​គ្រួសារ។ ចំណែក​ឯ​អ្នក​ដែល​នៅ​ក្នុង​ស្រុក​ភូមិ​វិញ នោះ​គឺ​ពួក​គាត់​បាន​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​ឲ្យ​ជនជាតិ​វៀតណាម ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា។

អ្នកស្រី ជា កែវ រស់​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម គឺ​មិន​សូវ​នៅ​ទំនេរ​ឡើយ ដោយ​មាន​សមាជិក​គ្រួសារ​ខ្លះ គឺ​ឆ្លៀត​ពេល​ដើម្បី​រក​ចំណូល​បន្ថែម​ទៀត៖ «ចា៎ស! នៅ​ស្រុក​ហ្នឹង​គេ​ធ្វើ​មុខ​របរ​ធ្វើ​តែ​ស្រែ ហើយ​ដល់​ពេល​ធ្វើ​ស្រែ​ហើយ​អ៊ីចឹង​គេ​ទៅ​កាប់​អំពៅ​នៅ​វៀតណាម ក្នុង​មួយ​ថ្ងៃ​បាន​១​ម៉ឺន ឬ​២​ម៉ឺន គ្រាន់​ចិញ្ចឹម​ជីវិត។ អត់​ផង​ទៅ​តែ​វៀតណាម ជួន​កាល​ទៅ​កាប់​អំពៅ ឬ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​គេ»

អ្វី​ដែល​គិត​ថា ចម្លែក​បន្តិច​នោះ គឺ​ពលរដ្ឋ​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ព្រំដែន​នោះ គឺ​មិន​ធ្វើ​ស្រែ ឬ​ចម្ការ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ ដោយ​ពួក​គាត់​ខ្លះ ជួល​ដី​ស្រែ ឬ​ចម្ការ ទៅ​ឲ្យ​កសិករ​វៀតណាម មក​បង្កបង្កើន​ផល ហើយ​ពួក​គាត់​ជា​ម្ចាស់​ដី​បែរ​ជា​សុខ​ចិត្ត​ធ្វើ​កម្មករ​គេ។

លោក សួស សារ៉ន រស់នៅ​ក្នុង​ភូមិ​ព្រែកពក ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បាន​ជួល​ដី​ស្រែ ឬ​ចម្ការ​ឲ្យ​ទៅ​វៀតណាម នោះ​គឺ​ភាគ​ច្រើន​ជា​អ្នក​ទាល់ក្រ មិន​សូវ​មាន​លទ្ធភាព​ដាំដុះ​បង្កបង្កើន​ផល៖ «ខាង​គេ​គេ​មិន​ដែល​មក​រក​ស៊ី​អី​ទេ គេ​មក​ជួល​ដី​ជួល​អី ដាំ​ដំឡូង​ដែរ​ខាង​វៀតណាម។ បាទ! ជួល​ដី​ហើយ​កម្មករ​នៅ​លើ​យើង​ទៀត​កម្មករ​ខាង​គេ​ក៏​គេ​មក​ដែល​ប៉ុន្តែ​គេ​មិន​ស៊ីឈ្នួល​ថោក​ទេ គេ​ស៊ីឈ្នួល​ថ្លៃ ប៉ុន្តែ​យើង​ហ្នឹង គេ​២​ម៉ឺន​អី យើង​ខ្មែរ​តែ​១​ម៉ឺន​អី​ទេ​ក្នុង​មួយ​ថ្ងៃ វា​ខុស​គ្នា​អ៊ីចឹង។ ខាង​គេ (វៀតណាម) គេ​មក​ជួល​ដី​ដី​ទាំង​អស់​ហ្នឹង​គឺ​សិតតែ​ដំឡូង​វៀតណាម​ជួល​ដាំ​ដែរ។ អ៊ីចេះ​គឺ​ថា អ្នក​ខ្លះ​គាត់​ខ្វះខាត​គ្នា​សមត្ថភាព ធ្វើ​អីចឹង​ទៅ​គឺ​ជួល​ឲ្យ​គេ​ធ្វើ​អ៊ីចឹង​ទៅ​យក​តែ​កម្រៃ​សម្រាប់​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​អ៊ីចឹង​ទៅ បើ​ចង់​បាន​លុយ​ថែម​ទៀត​យើង​ធ្វើ​ការ​ឲ្យ​គេ​ទៀត​ទៅ​បាន​លុយ​ថែម​ហើយ»

ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ថ្លែង​ថា ការ​យក​ដី​ស្រែ ចម្ការ​របស់​ខ្លួន​ឯង​ជួល​ទៅ​ឲ្យ​វៀតណាម នោះ គឺ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​បែប​នោះ។ ក្រៅ​ពី​កត្តា​ជីវភាព​ក្រីក្រ​មិន​មាន​លទ្ធភាព​បង្កបង្កើន​ផល គឺ​មាន​ការ​ខ្វះ​ខាត​ប្រពន្ធ​ប្រឡាយ​ទឹក ឬ​ផ្លូវ​ថ្នល់ ជា​ដើម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក។

អ្នកស្រី ជា កែវ រស់នៅ​ក្នុង​ស្រុក​រំដួល ថ្លែង​ថា គ្រាន់​តែ​ប្រៀបធៀប​ការ​អភិវឌ្ឍ​តាម​ជនបទ​ត្រួសៗ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នោះ​គឺ​ហាក់​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​សូវ​បាន​យក​ចិត្ត​ទុកដាក់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ជនបទ​ដាច់​ស្រយាល​ដូច​ជា​ពួក​គាត់៖ «និយាយ​ទៅ​បើ​នៅ​វៀតណាម គេ​មាន​ផ្លូវ​គេ​មាន​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​គេ​ដា​ដំឡូង​បាន។ ខែ​វស្សា​ក៏​គេ​ដាំ​ដំឡូង​បាន ចំណែក​យើង​អត់​មាន​ផ្លូវ​ទឹក​បង្ហូរ​ដល់​យើង​ដាំ​ដំឡូង​អ៊ីចឹង​ទៅ​វា​ទឹក​លិច​អ៊ីចឹង​ទៅ ដក​ដំឡូង​ប្រញាប់ប្រញាល់ អ៊ីចឹង​ប្រជាពលរដ្ឋ​អត់​ចង់​ដាំ​ទេ ជួល​ដី​ឲ្យ​ទៅ​គេ​(វៀតណាម) ហើយ​គេ​ដក​មក​គេ​ជួល​យើង​ធ្វើ​កម្មករ​ឲ្យ​គេ​ហ្នឹង។ យើង​ខ្មែរ​ដូច​ថា រដ្ឋាភិបាល​មិន​សូវ​គិតគូរ​យ៉ាង​ម៉េច​និយាយ​ឲ្យ​ត្រង់​ទៅ ...(សើច)... ដូច​ថា រដ្ឋ​គេ​គេ​ជួយ ប្រជាពលរដ្ឋ​គេ តាំង​ពី​ផ្លូវ ប្រជាពលរដ្ឋ​គេ​នៅ​ដល់​ណា​ផ្លូវ​ដល់​ហ្នឹង ភ្លើង​ដល់​ហ្នឹង ហើយ​យើង​ភ្លើង​ក៏​អត់​អា​ផ្លូវ​នោះ​ក៏​ពិបាក»

ទោះ​យ៉ាង​ណា​នៅ​តាម​ផ្លូវ​នៃ​ស្រុក​រំដួល​ទៅ​កាន់​តំបន់​ព្រំដែន​នោះ គឺ​អាជ្ញាធរ​បាន​ជួសជុល​ផ្លូវ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ ដឹក​កសិផល​ពី​ស្រែ ចម្ការ ទៅ​កាន់​ទីផ្សារ​បាន។

ចំណែក​ឯ​សកម្មភាព​ចេញ​ចូល​រក​ស៊ី​របស់​ពលរដ្ឋ​ទាំង​ពីរ​វិញ គឺ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្បែរ​ព្រំដែន គឺ​ចេញ​ចូល​ដើម្បី​ធ្វើ​កម្មករ​នៅ​វៀតណាម ចំណែក​ឯ​ជនជាតិ​វៀតណាម ក៏​ឃើញ​មាន​វត្ត​មាន​មក​រក​ស៊ី​ក្នុង​ទឹកដី​នៃ​ខេត្ត​ស្វាយរៀង នោះ​ដែរ ដូច​ជា​មក​ទិញដូរ​ស្រូវ ទិញ​អំពៅ ដំឡូង ខ្លះ​មក​លក់​ដូរ​របស់​របរ​ប្រើ​ប្រាស់ មាន​ខ្លះ​ទៀត​គឺ​ដើរ​លក់​ឆ្នោត ដល់​ទីរួមខេត្ត​ស្វាយរៀង​ផង។

លោក នូ ឡុន ជំទប់​ទី​១​ឃុំ​ពងទឹក ស្រុក​រំដួល​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​របស់​កម្ពុជា និង​វៀតណាម គឺ​មាន​ការ​យោគយល់​គ្នា​ទៅវិញ​ទៅមក សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​ដែន​របស់​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស ដើម្បី​លក់​ដូរ​ផ្សេងៗ ឬ​រក​ស៊ី​ផ្សេងៗ​ក្នុង​ពេល​មួយ​ថ្ងៃ​វិល​វិញ​នោះ៖ «អត់​ទេ! ដូច​ថា ចេញ​ចូល​ព្រឹក​ល្ងាច​ហ្នឹង​ចេញ​បាន​ចូល​បាន ព្រោះ​ថា នៅ​ខាង​ហ្នឹង​(ខាង​វៀតណាម) មេ​កុង​គេ​ធានា មេ​កុង​ខ្មែរ​យើង យួន​មក​ទាក់​ទង​រក​ខ្មែរ​ឲ្យ​ធ្វើ​មេកុង​ហ្នឹង​ណា ប្រមូល​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ៗ​ទៅ ថា ទៅ​កាប់​កុង​នេះ ឬ​កុង​នោះ​អ៊ីចឹង​តាម​តែ​មេកុង​គេ​រៀងខ្លួន​ហ្នឹង។»

ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ជា​កម្មករ​នៅ​តាម​ប្រទេស​ជិត​ខាង​នោះ គេ​មើល​ឃើញ​ថា បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផង និង​បរិយាកាស​សង្គម​ផង។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា នៅ​ប្រទេស​ថៃ ឬ​វៀតណាម ជា​ដើម​គឺ​រដ្ឋាភិបាល​គេ​រៀបចំ​យុទ្ធសាស្ត្រ​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​កសិករ ហើយ​កសិករ​ទៀតសោត ជា​កសិករ​ជំនាញ​ផង​ទើប​ធ្វើ​ឲ្យ​កសិកម្ម​របស់​គេ​រីកចម្រើន៖ «​អ៊ីចឹង​គួប​ផ្សំ​ជី​កសិកម្ម​ថោក ប្រេងសាំង​ថោក ភ្លើង​វា​ថោក គេ​មាន​ជំនាញ​កសិកម្ម ហើយ​បរិយាកាស​ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ អ៊ីចឹង​គេ​អាច​ធ្វើ​បាន​ចំណេញ។ ប៉ុន្តែ​ដល់​ពេល​យើង​ទឹក​ក៏​ថ្លៃ ភ្លើង​ក៏​ថ្លៃ ប្រេង​សាំង​ក៏​ថ្លៃ ជី​កសិកម្ម ជី​គីមី​អី​យើង​ទិញ​ពី​វៀតណាម ពី​ថៃ​មក​នោះ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​យើង​អត់​មាន​កសិករ​ធ្វើ​បាន​តែ​មួយ​រដូវ​យ៉ាង​ច្រើន ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ផលិតភាព​ហ្នឹង​ទាប។ ជា​ស្វ័យប្រវត្ត គឺ​ខ្មែរ​យើង​អត់​មាន​អី​ហូប​ត្រូវ​តែ​ចំណាក​ស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ថៃ និង​វៀតណាម។»

លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​លុះត្រាតែ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ដល់​អង្គការ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​កសិកម្ម​ដល់​កសិករ ឲ្យ​ក្លាយ​ទៅ​ជា​កសិករ​ជំនាញ រដ្ឋាភិបាល​គួរតែ​ផ្ដល់​គម្រោង​ថវិកា​ជាតិ​លើក​កម្ពស់​វិស័យ​កសិកម្ម​នេះ​ឲ្យ​ច្រើន ព្រម​ទាំង​បញ្ចុះ​តម្លៃ​ថ្លៃ​ដើម ដូច​ជា​គ្រាប់​ពូជ ជី​កសិកម្ម ប្រេងសាំង ហើយ​រដ្ឋាភិបាល​បង្កើន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដំឡើង​គ្រឿង​ចក្រ​កសិកម្ម​នេះ​ក្នុង​ស្រុក​ផង​ដែរ។

ទោះ​យ៉ាង​ណា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា វៀតណាម ចង់​ឲ្យ​រដ្ឋាភិបាល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​តំបន់​ក្បែរ​ព្រំដែន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដាំដុះ​ដំណាំ​កសិកម្ម ហើយ​ពលរដ្ឋ​រស់នៅ​ដោយ​ងាយស្រួល​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។