ពលរដ្ឋ ៥០គ្រួសារ ឋិតក្នុងលក្ខខណ្ឌបំបែកគ្រួសារ ដែលឯកភាពទទួលគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង ត្អូញត្អែរ ពីភាពយឺតយ៉ាវក្នុងការស្វែងរកដំណោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ នៅគ្រាដែលក្រុមហ៊ុននៅតែពន្យារពេលមិនផ្ដល់សំណងដីកសិកម្មក្នុងមួយគ្រួសារ ២ហិកតារ។ ពួកគេអះអាងថា អាជ្ញាធរខេត្តធ្លាប់សន្យានៅមុនពេលបោះឆ្នោតថា នឹងដោះស្រាយបញ្ហានេះជូនពលរដ្ឋ តែគ្មានលទ្ធផល។
ពលរដ្ឋរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃទី៦ តុលា អំពាវនាវជាថ្មីទៀត ឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង អន្តរាគមន៍ទៅក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យពន្លឿនការអនុវត្តគោលនយោបាយសំណង ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើកសិកម្មចិញ្ចឹមជីវិតនៅឆ្នាំក្រោយៗ ខណៈពលរដ្ឋជាច្រើនគ្រួសារដែលឋិតក្នុងលក្ខខណ្ឌទទួលបានសំណង ដីកសិកម្មពីក្រុមហ៊ុនក្នុងមួយគ្រួសារ ២ហិកតារ នៅតែរង់ចាំដំណោះស្រាយនេះជិត ៣ឆ្នាំមកហើយ។
ពលរដ្ឋយល់ព្រមទទួលសំណងរស់នៅឃុំស្រែគរថ្មី ថ្លែងមិនហ៊ានបញ្ចេញឈ្មោះដោយសារតែបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី៦ តុលា ថា ពលរដ្ឋបំបែកគ្រួសារ ៥០គ្រួសារ បានទន្ទឹងរង់ចាំ ក្រុមហ៊ុនផ្ដល់សំណងដីកសិកម្មមួយគ្រួសារ ២ហិកតារ ៣ឆ្នាំមកហើយ មកទល់ពេលនេះ នៅតែគ្មានតម្រុយលទ្ធផល បើទោះបីជាពួកគេបានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរមូលដ្ឋានជាច្រើនសាក្ដី។ លោករំឭកថា អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន ធ្លាប់សន្យានៅចំពោះមុខអ្នកភូមិថា អាជ្ញាធរខេត្តនឹងដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យចប់សព្វគ្រប់ ក៏ប៉ុន្តែមកទល់ពេលនេះនៅតែគ្មានដំណោះស្រាយដដែល៖ «អ្នកក្រីក្រ ពលរដ្ឋកសិករដូចខ្ញុំ សំខាន់ដី ធ្វើស្រែចម្ការ។ លំបាកមែនទែន ពួកខ្ញុំមានតែកម្មករគេរហូត គ្មានដីធ្វើស្រែចម្ការ អត់មានដោះស្រាយអីទេអាជ្ញាធរ»។
បុរសដដែលត្អូញថា ពន្យារពេលមិនដោះស្រាយបញ្ហាសំណង នឹងនាំឲ្យប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ ព្រោះពួកគេខកខានមិនបានធ្វើស្រែចម្ការចិញ្ចឹមជីវិត ខណៈដែលភូមិកំណើតរបស់ពួកគេ ត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចអស់ទាំងស្រុង ១ឆ្នាំមកហើយ៖ «អាជ្ញាធរ ចៅហ្វាយខេត្តដោះស្រាយជូនពលរដ្ឋមុនពេលបោះឆ្នោត ឥឡូវសន្យាខ្យល់។ ពួកខ្ញុំខ្វះខាតគ្មានដីធ្វើស្រែចម្ការ ដីកន្លែងណាសុទ្ធដីរបស់គេ»។
អ្នកភូមិស្រែគរព្យាករថា ពលរដ្ឋរស់នៅឃុំស្រែគរថ្មី ប្រមាណ ៦០ ភាគរយ ក្នុងចំណោមពលរដ្ឋជាង ៧០០ គ្រួសារ បូកបញ្ចូលទាំងពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់អាចមានលទ្ធភាពធ្វើកសិកម្មលើដីដែលក្រុមហ៊ុនផ្ដល់ជូននៅឡើយទេ ហើយដីទាំងនោះប្រមាណជាង ២.៥០០ ហិកតារ ភាគច្រើនសំបូរដោយព្រៃរេចរឹល ហើយផ្នែកខ្លះជាដីទួលខ្ពស់ និងលិចទឹក។ លើសពីនេះ អ្នកភូមិដែលអាចមានលទ្ធភាពធ្វើកសិកម្មលើដីទាំងនោះបាន ត្រូវចំណាយប្រាក់ច្រើនលានរៀល ដោយត្រូវឈូសឆាយព្រៃ និងភ្ជួររាស់ដោយខ្លួនឯង។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានទេនៅថ្ងៃទី៦ តុលា។
មេឃុំស្រែគរថ្មី មកពីគណបក្សប្រជាជនកម្ពុជា ដែលរបបលោក ហ៊ុន សែន តែងតាំង បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃទី៦ តុលា ព្រោះលោកថា កំពុងជាប់រវល់។
កាលពីខែឧសភា ឆ្នាំ២០១៨ មុនពេលបោះឆ្នោតជាតិ អាណត្តិទី៦ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានចុះទៅតំបន់នោះបានសន្យាថា អាជ្ញាធរខេត្តនឹងពន្លឿនដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានត្រឹមត្រូវ ក៏ប៉ុន្តែមកទល់ពេលនេះនៅតែគ្មានដំណោះស្រាយ។
អ្នកឃ្លាំមើលបរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា តួលេខពលរដ្ឋដែលឋិតក្នុងលក្ខខណ្ឌទទួលគោលនយោបាយសំណង និងមិនទទួលសំណង គួរតែអាជ្ញាធរ និងក្រុមហ៊ុនផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ លោកថា បើមានពលរដ្ឋគ្រប់លក្ខខណ្ឌទទួលសំណង តែមិនទាន់ទទួលបានសំណង អាជ្ញាធរ និងក្រុមហ៊ុនត្រូវពន្លឿនដោះស្រាយបញ្ហានេះ ដើម្បីសម្រាលការលំបាកដល់ពលរដ្ឋ និង ដើម្បីផ្សះផ្សាផ្លូវចិត្តពលរដ្ឋ ដែលលះបង់ភូមិកំណើតមករស់នៅទីតាំងថ្មី៖ «ទាក់ទងការយឺតយ៉ាវផ្ដល់ដីសំណង ពលរដ្ឋមានឯកសារគ្រប់លក្ខខណ្ឌ តែមិនទាន់ផ្ដល់ជូនគាត់ គឺប៉ះពាល់សេដ្ឋកិច្ចខ្លាំង។ ការរើសទីតាំងទីលំនៅ កើតឡើងតាំងពី ៣ឆ្នាំមុន តែមកទល់ពេលនេះគាត់នៅតែមិនទាន់ទទួលដីកសិកម្មមានន័យថា គាត់ខាតពេល ៣ឆ្នាំ»។
មកទល់ពេលនេះ ពលរដ្ឋដែលយល់ព្រមទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋ ៤៥គ្រួសារនៅឃុំស្រែគរ និងពលរដ្ឋជាង ៥០គ្រួសារនៅឃុំក្បាលរមាស បូកបញ្ចូលពលរដ្ឋបំបែកគ្រួសារ ដែលក្រាញននៀលមិនទទួលគោលនយោបាយសំណង ខណៈដែលផ្ទះ និងភូមិកំណើតរបស់ពួកគេត្រូវទឹកលិចលង់ទាំងស្រុងកាលពីចុងឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
