ពលករ​ខ្មែរ​ជា​ច្រើន​នាក់​របួស​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​រោងចក្រ​កែច្នៃ​ក្រដាស​មួយ​នៅ​ប្រទេស​ថៃ

0:00 / 0:00

ពលករ​ខ្មែរ​​ចំនួន ៨នាក់​​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​រោងចក្រ​កែច្នៃ​ក្រដាស​មួយ​កន្លែង​នៅ​​ខេត្ត​ឈុនបូរី​ (Chunbori)​ ប្រទេស​ថៃ កាល​ពី​រសៀល​ថ្ងៃ​ទី២៦ ធ្នូ។

ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​ លោក ​គល់ គង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃទី​២៧​ ធ្នូថា ​គ្រោះ​អគ្គីភ័យ​នេះ​​បណ្ដាល​ឱ្យ​ពលករ​ខ្មែរ ២នាក់​របួស​ធ្ងន់ ដោយ​ម្នាក់​បាក់​ជើង​និង​ម្នាក់​ទៀត​ភ្លើង​ឆេះ​រោល​មុខ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ៖ «ព្រោះ​អី​ម៉ោង​ធ្វើ​ការ​ ពេល​ភ្លើង​ឆេះ​ទៅ​វា​​ពេញ​រោង​ចក្រ​បណ្ដោយ។ វា​ដូច​យើង​ទម្លាក់​គ្រាប់​មក​ពី​លើ​យន្ត​ហោះ ដល់​ភ្លើង​ឆេះ​ទៅ​វា​ធ្លាក់​គ្រប​មក​បណ្ដោយ​ដូច​ឆ័ត្រ​អីចឹង។ ដល់​ពេល​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ពលករ​រត់​ចេញ​មក​ក៏​ភ្លើង បើ​នៅ​ក៏​គ្រោះ​ថ្នាក់​ មាន​តែ​រត់​ចេញ​មក​ក្រៅ។ ដល់​ពេល​រត់​ចេញ​មក​វា​ឆាប​វា​ភ្លើង​ដូច​ថា​វា​ឆេះ​ខ្លាំង »

បច្ចុប្បន្ន​ជនរងគ្រោះ ៨នាក់​បាន​ធូរ​ស្រាល​វិញ​ហើយ ក្រោយ​ពេល​អាជ្ញាធរ​ថៃ​បញ្ជូន​ពួក​គេ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ឈុនបូរី។ ចំណែក​ពលករ​ម្នាក់ ដែល​បាក់​ជើង​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ។ រោង​ច្រក​នេះ​​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ជាង ៦០នាក់ ហើយ​ពួកគេ​បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន ក្រោយ​ពី​មាន​គ្រោះ​អគ្គីភ័យ​នេះ។

ដោយឡែក​នៅ​ជាយ​ទីក្រុង​បាងកក​ឯណោះ​វិញ មាន​ករណី​ភ្លើង​ឆេះ​កន្លែង​ស្នាក់នៅ​របស់​ពលករ​ខ្មែរ​ នៅ​ក្នុង​សហគមន៍​កែច្នៃ​សំរាម​ បណ្ដាល​ឱ្យ​ពលករ​ខ្មែរ​ចំនួន ៧០គ្រួសារ​បាត់បង់​ទីជម្រក។ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ទទួល​បន្ទុក​ផ្នែក​ពលករ​ បាន​ចុះ​ផ្សាយ​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៧ ធ្នូ​ថា ហេតុ​ការណ៍​នេះ​ពុំ​មាន​ពលករ​ខ្មែរ​រង​របួស​នោះ​ទេ ដោយ​គ្រាន់តែ​ភ្លើង​ឆេះ​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គាត់​ខូចខាត​ទាំង​អស់​គ្នា​ប៉ុណ្ណោះ។ មន្ត្រី​ស្ថានទូត​បាន​ចុះ​ចែក​ស្បៀង​អាហារ​មួយ​ចំនួន​ជូន​ដល់​ពលករ​ទាំង​នោះ។ ចំពោះ​ករណី​ភ្លើង​ឆេះ​រោងចក្រ​នៅ​ខេត្ត​ឈុនបូរី​វិញ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៧ ធ្នូ មន្ត្រី​ស្ថានទូត​ខ្មែរ​ពុំ​ទាន់​ចុះ​សួរសុខទុក្ខ​និង​ចែក​ស្បៀង​អាហារ​ជូន​ដល់​ពួកគាត់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។